ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រិះគន់​​ផ្លូវលំ​១​ខ្សែ​រង​ការខូចខាតដោយ​គេ​បង្ហូរទឹក​សម្អុយចេញពី​កាស៊ីណូ និង​ភោជនីយដ្ឋាន​ ​

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ផ្លូវលំ​១​ខ្សែ​ប្រវែង​ប្រមាណ​៣០០​ម៉ែត្រ ស្ថិត​នៅ​ខាងក្រោយ​ក្បែរ​កាស៊ីណូ​ម្កុដ​ពេជ្រ និង​ភោជនីយដ្ឋាន​បរ​ដឺ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ទទួល​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង អស់​រយៈពេល​ជា​ច្រើន​ខែ​ឆ្នាំ​កន្លង​

ខេត្ត​ប៉ៃលិន ៖ ផ្លូវលំ​១​ខ្សែ​ប្រវែង​ប្រមាណ​៣០០​ម៉ែត្រ ស្ថិត​នៅ​ខាងក្រោយ​ក្បែរ​កាស៊ីណូ​ម្កុដ​ពេជ្រ និង​ភោជនីយដ្ឋាន​បរ​ដឺ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ទទួល​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង អស់​រយៈពេល​ជា​ច្រើន​ខែ​ឆ្នាំ​កន្លង​មកហើយ ដោយសារ​មាន​គេ​បង្ហូរទឹក​សម្អុយ​ចេញពី​កន្លែង​ខាងលើ បណ្តាល​ឱ្យ​ជះក្លិន​ស្អុយ​អសោចប៉ះពាល់​ដល់​សុខភាព​ផ្លូវដង្ហើម​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​កំពុង​រស់នៅ​ក្បែរ​នោះ ​តែ​គេ​មិន​ឃើញ​អាជ្ញាធរ​មូលដ្ឋាន ឬ​អាជ្ញាធរ ស្រុក ខេត្ត ណា​ម្នាក់​អើពើ​ចុះ​ទៅ​ធ្វើការ​ទប់ស្កាត់​​នោះ​ទេ ។

ជាក់ស្តែង កាលពី​រសៀល​ថ្ងៃ​ទី​២០ ​មេសា ​២០១៥ ​កន្លង​ទៅ​នេះ ខណៈ​អ្នក​យក​ព័ត៌មានចុះ​ទៅ​ពិនិត្យ​ឃើញ​ទឹក​ស្អុយ​ដែល​កំពុង​ហូរ​រឹម​ៗ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បង្ក​ការ​ប៉ះពាល់​យ៉ាង​ខ្លាំងគួរ​ឱ្យ​យកចិត្តទុកដាក់​ផង​ដែរ ។ ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​រស់នៅ​ក្បែរ​កន្លែង​ទឹក​សម្អុយ​ហូរ​លើ​ផ្លូវលំ​១​ខ្សែ​នេះ បាន​និយាយ​រៀបរាប់​ត្អូញត្អែរ​ឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ ពួក​គាត់​ពិតជា​លំបាក​ក្នុង​ការ​ទ្រាំរស់​នៅ​ដកដង្ហើម​ស្រូប​យក​ក្លិនស្អុយ​អ​សោចពី​ទឹក​ហូរដែល​ចេញពី​ខាងក្រោយ​ក្បែរ​កាស៊ីណូ​ម្កុដ​ពេជ្រ និង​ភោជនីយដ្ឋាន​បរ​ដឺ​នេះខ្លាំង​ណាស់ ព្រោះ​ជា​ទឹក​ហូរ​ចេញពី​បន្ទប់ទឹក និង​បង្គន់ ហើយ​បន្ត​ហូរ​ធ្លាក់​ចូល​ទៅ​ក្នុង​អូរ​ក្បែរ​ព្រំដែន​កម្ពុជា-​ថៃ បង្ក​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​កំពុង​រស់នៅ​ប្រើប្រាស់​ទឹក​ទាំងនេះ ។

ប្រជាពលរដ្ឋ​ធ្វើការ​រិះគន់​បន្ត​ទៀត​ថា អាជ្ញាធរស្រុក ខេត្ត និង​មន្ទីរ​បរិស្ថាន គួរតែ​ចុះ​ទៅ​រៀបចំ​ឱ្យ​មានសណ្តាប់ធ្នាប់​ដូច​ជា ឱ្យ​ម្ចាស់​កាស៊ីណូ ឬ​ភោជនីយដ្ឋាន បង្កើត​អាង​ស្តុក​ទឹក​សម្អុយ​ទាំងនេះ​ឱ្យ​បាន​ត្រឹមត្រូវ មិន​គួរ​បណ្តែតបណ្តោយ​ឱ្យ​បង្ហូរទឹក​ស្អុយ ចេញ​យ៉ាង​អនាធិបតេយ្យ​បែប​នេះនោះ​ទេ ។ ម្យ៉ាងវិញទៀត ការ​ធ្វើ​បែប​នេះ គឺ​ខុស​ទៅ​នឹង​ស្តង់ដារ ព្រោះថា ទឹក​ម៉ូ​ដ​(​ទឹកនោម​) ឬ​ទឹក​លាមក ដែល​ហូរ​ធ្លាក់​ចុះ​ទៅ​ក្នុង​អូរ ឬ​ស្ទឹង អាច​ចម្លង​មេរោគ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​តែ​ប្រើប្រាស់​ទឹក​ទាំងនោះ​គួរ​ឱ្យ​ព្រួយបារម្ភ ។

ពួក​គាត់​ក៏​មាន​សំណូមពរឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​រៀបចំ​សណ្តាប់ធ្នាប់​ត្រង់​ចំ​ណុច​ផ្លូវលំ​ខាងលើ និង​មិន​ត្រូវ​បណ្តែតបណ្តោយ​ឱ្យ​ម្ចាស់​ភោជនីយដ្ឋាន ឬ​ម្ចាស់​កាស៊ីណូ​ទាំងនោះបន្ត​បង្ហូរទឹក​ស្អុយ​ចូល​ទៅ​ក្នុង​អូរ ព្រែក ឬ​ស្ទឹង​នោះ​ឡើយ សុំ​ឱ្យ​ពួក​គេ​ធ្វើ​អាង​ស្តុក​សម្រា​ប់​ខ្លួនឯង នោះ​ទើប​មិន​មានការ​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ ។

​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក មាស សាវ៉ា​ត មេ​ភូមិ​ផ្សារ​ព្រំ បានឱ្យ​ដឹង​តាម​ទួ​រ​ស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​២០ ​មេសា នេះ​ថា ខាង​អាជ្ញាធរ​ភូមិ កំពុង​តែ​ដើរ​ផ្តិត​មេដៃរៃ​អង្គាសលុយ​បដិភាគ​មួយ​ចំនួន​ពី​ប្រជា​ជល​រដ្ឋ ដែល​រស់នៅ​ក្បែរ​ផ្លូវលំ​១​ខ្សែ​នេះ ដើម្បី​យក​ទៅ​ផ្គួប​ផ្សំ​ជាមួយ​ថវិការដ្ឋ ហើយ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ឯកជន​មួយ​ចុះ​ទៅ​ធ្វើការ​ជួសជុល​នៅ​ចុង​ខែមេសា​ឆាប់​ៗខាង​មុខ​នេះ មិន​ឱ្យ​ទឹក​សម្អុយ​បន្ត​ហូរ​លើ​ផ្លូវលំ​ទៀត តែ​ទឹក​នេះ​អាច​បន្ត​ហូរ​ធ្លាក់​ចូល​ទៅ​ក្នុង​អូរ​ព្រំដែន​ដដែល៕  ​