ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ​ឃុំ​ថ្មី​ធ្វើស្រែ​បី​ដង​ក្នុង​មួយ​ឆ្នាំ​ប្រឈម​ខ្វះ​ទឹក​នៅ​ចុងរដូវ​ប្រាំង

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​ប្រជាពលរដ្ឋ​ឃុំ​ថ្មី​ធ្វើស្រែ​ក្នុង​មួយ​ឆ្នាំ​បាន​បី​ដង​ ក៏​ប៉ុន្តែ​មានការ​ប្រឈម​នឹង​កង្វះ​ទឹក​ដាក់​ស្រែ​ក្នុង​ចុងរដូវ​ប្រាំង មូលហេតុ​ដោយ​សារ​ប្រ​ព័ន្ធប្រឡាយ ​និង​អូរ​រាក់​ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បង្ខំចិត្ត​បុក​អណ្តូង​បូមទឹក​ដាក់​ស្រូវ​

ខេត្តស្វាយរៀង ៖ ​ប្រជាពលរដ្ឋ​ឃុំ​ថ្មី​ធ្វើស្រែ​ក្នុង​មួយ​ឆ្នាំ​បាន​បី​ដង​ ក៏​ប៉ុន្តែ​មានការ​ប្រឈម​នឹង​កង្វះ​ទឹក​ដាក់​ស្រែ​ក្នុង​ចុងរដូវ​ប្រាំង មូលហេតុ​ដោយ​សារ​ប្រ​ព័ន្ធប្រឡាយ ​និង​អូរ​រាក់​ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បង្ខំចិត្ត​បុក​អណ្តូង​បូមទឹក​ដាក់​ស្រូវ​ដែល​ធ្វើ​ឲ្យ​ទិន្នផលស្រូវថយ​ចុះ​ និង​ចំណាយ​ថវិកាច្រើន​ ហើយ​តម្លៃ​ស្រូវ​លក់​បាន​ថោក​ទូទាត់​ការ​ចំណាយ​ខ្ពស់​ទទួល​ប្រាក់​ចំណេញ​តិចតួច​អ្នកខ្លះ​ខាតដើម​។

បើ​តាម​កសិករ​ម្នាក់​ឈ្មោះ​គឹ​ម ​ក្អាត់ ​ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ ជា​ជន​ពិការ​ជើង​ស្តាំ ​រស់នៅ​ភូមិ​អូរ​ ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទិ៍ ​បាន​ឲ្យ​ដឹង​កាលពីរ​ថ្ងៃ​ទី​៣០ ​មីនា​ ២០១៥ ថា ​រូប​គាត់​មាន​ស្រែ​ចំនួន​៦​ហិ​កតា​បាន​បង្កបង្កើន​ផលក្នុង​១​ឆ្នាំ​បី​ដង​ គឺ​ធ្វើស្រែ​ពូជស្រូវអ៊ី​អ៊ែ​រ​(IR៥៤)​លើក​ទី​១​ចាប់ផ្តើម​ពី​ខែឧសភា​ដល់​​​ខែកក្កដា​ ទិន្នផល​ក្នុង​មួយ​ហិ​កតា​៧​តោន ​បើ​មានទឹក​គ្រប់គ្រាន់។ លើក​ទី​២ ​ធ្វើ​នៅ​ក្នុង​ខែកញ្ញា​ច្រូតកាត់​ខែធ្នូ​ ទិន្នផល​ក្នុង​១​ហិ​កតា​៨​តោន​ទៅ​៩​តោន​តម្លៃ​ស្រូវ​១​គីឡូ​គិត​ជា​លុយ​ខ្មែរ​៧០០​រៀល​ ចំណេញ​គិត​ជា​ដុល្លារ​ក្នុង​មួយ​ហិ​កតា​៧៥០​ដុល្លា​រ។

លើក​ទី​៣​ចាប់ផ្តើម​ពី​ខែមករា​ដល់​ខែ​មី​នា​ ហើយ​ខ្វះ​ទឹក​២​ខែ​គឺ​ក្នុង​ខែកុម្ភៈ​ និង​​​មីនា​ ទិន្នផលថយ​ចុះ​ក្នុង​មួយ​ហិ​កតា​បាន​៤​តោន​ទៅ​៥​តោន​ប៉ុណ្ណោះ​ គឺ​អាច​ខាត​ដោយសារ​ការ​ចំណាយ​ប្រាក់​ខ្ពស់ ​គឺ​ប្រើ​ពូជ​ជី​DAP២​បាវ​ ក្នុង​១​បាវ​៧៧០.០០០​ដុ​ង​ជីអ៊ុយរ៉េ​៣​បាវ ​ក្នុង​មួយ​បាវ​៤២០.០០០​ដុ​ង​ ជី​២០-២០-១៥​ ចំនួន​៤​បាវ​ក្នុង​១​បាវ​ ៦២០.០០០​ដុ​ង​ ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​២​លាន​ដុ​ង ​ប្រេង​បូមទឹក​អស់​៤៥០​លី​ត្រ​(១៥​ពី​ដុ​ង​) ៣០​លីត្រ​តម្លៃ​៤​សែន​ដុ​ង​ បើ​គិត​ជា​មធ្យម​ក្នុង​១​ហិកតា​ចំណាយ​ប្រាក់​អស់​១០​លាន​ដុ​ង​ ស្មើ​ប្រាក់​ដុល្លារ​៥០០​ដុល្លារ​។ ​​ស្រូវ​១​គីឡូ​តម្លៃ​៤២៥០​ដុ​ង​ស្មើ​៦៥០​រៀល ​គឺ​គ្មាន​ចំណេញ​ទេ​ដោយ​ចំណាយ​ខ្ពស់​។

ទាក់ទិន​ករណី​នេះ​ដែរ​លោក​សំ​ពាន់ មេឃុំ​ថ្មី​បាន​មាន​ប្រសាសន៍​ថា ឃុំ​ថ្មីមាន​៦​ភូមិ​ គឺ​ភូមិ​ព្រៃ​វ​ល្ល័​ ភូមិ​អូរ​ភូមិ​កោះ​ត្រាច​ ភូមិ​ថ្មី​ ភូមិ​វាល​ម្អម​ និង​ភូមិ​ជប់​ព្រីង​ មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​១.៧៦៧​គ្រួសារ​ មនុស្ស​សរុប​៦១៩៦​នាក់​ ស្រី​៣២៤២​នាក់​ មាន​ផ្ទៃដី​សរុប​៤.០០០​ហិ​កតា ​ក្នុង​នោះ​ផ្ទៃដី​បង្កបង្កើន​ផល​៣៥១៣​ហិ​កតា​ ហើយ​ស្រូវ​វស្សា​គឺ​ធ្វើ​តិចតួច​ប្រមាណ​២៥០​ហិ​កតា​ប៉ុណ្ណោះ​។ ដោយ​តំបន់​ជាប់​ព្រំដែន​ហើយ​ទឹក​លិច​ជា​ទូទៅ​ គឺ​ធ្វើស្រែ​ប្រាំង​ក្នុងមួយ​ឆ្នាំ​បី​ដង​​ លើក​ទី​២​ផែនការ​៣.០០០​ហិ​កតា​គឺ​សម្រេច​តាម​ផែនការ​លើក​ទី​៣​នេះ​សម្រេច​បាន​២២៦៧​ហិ​កតា​។

​នៅ​ដើមខែ​មីនា​នេះ​ប្រឈម​ខ្វះ​ទឹក​មន្ទីរ​​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​បាន​យក​គ្រឿងចក្រ​មក​ស្តា​រប្រឡាយ ​និង​អូរ​ដោយ​ប្រជាពលរដ្ឋ​ម្ចាស់​ស្រែ​ចូលរួម​ផ្តល់​ប្រេងម៉ាស៊ូត​ គឺ​បាន​ស្តារ​ប្រឡាយ ​និង​អូរ​យក​ទឹកស​ង្គ្រោះ​ស្រូវ​ទាន់​ពេល​ ដូច្នេះ​សូម​អំពាវនាវសុំ​រាជរដ្ឋាភិបាល​មេត្តា​ផ្តល់​ថវិកា​ស្តារ​ប្រ​ព​ន្ធ័​ប្រឡាយ និង​អូរ​ដាវ​ដែល​សព្វថ្ងៃ​រាក់​គោក​ទឹក​បណ្តាល​ឲ្យ​ខ្វះ​ទឹក​បូម​ដាក់​ស្រែ ហើយ​បើ​បុក​អណ្តូង​គឺ​បូមទឹក​បាន​តិច​ចំណាយ​ប្រាក់​ច្រើន​ខាត​មិន​ចំណេញ​ឡើយ​មាន​តែ​ស្តារ​ប្រឡាយ​មេ​ឡើង​វិញ ​ជា​ពិសេស​ស្តារ​អូរ​ដាវ​ដែល​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម​ទើប​អាច​ផ្គត់ផ្គង់​ទឹកបាន​៕