ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បាតុភាព​ដេញ​បា.ញ់​រថយន្ត​ដឹកស្រូវ ក្រសួង​សាធារណការ​លុប​ចោល​ជញ្ជីង​ថ្លឹង​រថយន្ត​អនាធិបតេយ្យ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​ប្រកាស​ជម្រាប​ជូន​ដល់​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​-​ខេត្ត ឲ្យ​លុប​បំបាត់​ប៉ុស្តិ៍​ជញ្ជីង​ថ្លឹង​បែប​អនាធិបតេយ្យ នៅ​តាម​ដងផ្លូវ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដែលផ្គើន

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​ប្រកាស​ជម្រាប​ជូន​ដល់​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​-​ខេត្ត ឲ្យ​លុប​បំបាត់​ប៉ុស្តិ៍​ជញ្ជីង​ថ្លឹង​បែប​អនាធិបតេយ្យ នៅ​តាម​ដងផ្លូវ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដែលផ្គើន​ទៅ​នឹង​សេចក្តី​ប្រកាស​របស់​ក្រសួង​នា​ពេល​កន្លង​មក ។ ការ​ប្រកាស​នេះ គឺ​បន្ទាប់​ពី​មាន​បាតុភាព​មួយ​បាន​កើតឡើង​រហូត​ដល់​មានការ​ដេញ​បាញ់​រថយន្ត​ដឹកស្រូវ​ដូច​ដេញ​បាញ់​ឧក្រិដ្ឋជន ហើយ​ពេល​ចាប់​បាន​ក៏​នាំ​គ្នា​វាយ​ទាត់​ធាត់​យ៉ាង​សាហាវ​ថែម​ទៀត ដោយ​កម្លាំង​មាន​សមត្ថកិច្ច ។

លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក លឹ​ម ស៊ី​ដេ​នី​ន ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៥ បាន ជម្រាប​ទៅ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​-​ខេត្ត ទូ​ទាំង​ប្រទេស​ទាំងអស់​ឲ្យ​លុប​បំបាត់​ប៉ុស្តិ៍​ជញ្ជីង​ថ្លឹង​បែប​អនាធិបតេយ្យ តាម​ដងផ្លូវ​ថ្នល់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។

ក្នុង​លិខិត​បាន​លើក​ឡើង​ថា តាម​រយៈ​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន ក៏​ដូច​ជា​លិខិតស្នើ​សុំ​គាំទ្រ និង​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​រាជធានី​-​ខេត្ត ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ផ្សព្វផ្សាយ និង​ចម្លង​ជូន​គ្រប់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​-​ខេត្ត ក្នុង​គោលដៅ​ធានា​ឲ្យ​បាន ការ​គ្រប់គ្រង ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​ការ​លុប​បំបាត់​ប៉ុស្តិ៍​ជញ្ជីង​ថ្លឹង​បែប​អនាធិបតេយ្យ​តាម​ផ្លូវថ្នល់ ។

ក្រសួង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្មារតី​យកចិត្តទុកដាក់​ពី​សំណាក់​ប្រធាន​មន្ទីរ​មួយ​ចំនួន​ដែល​បាន​និង​កំពុង​ខិតខំ​ចូលរួម​អនុវត្ត​ការ​លុប​បំបាត់​ប៉ុស្តិ៍​ជញ្ជីង​ថ្លឹង​បែប​អនាធិបតេយ្យ​តាម​ដងផ្លូវ​ក្នុង​ដែន​សមត្ថកិច្ច​យ៉ាង​សកម្ម ។ ដោយឡែក នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​មួយ​ចំនួន នៅ​តែ​មានការ​ដាក់​ប៉ុស្តិ៍​ជញ្ជីង​ថ្លឹង​បែប​អនាធិបតេយ្យ និង​បង្ក​ជា​បញ្ហា​នៅ​តាម​ដងផ្លូវ​ថ្នល់​នៅឡើយ ដែល​ទ​ង្វើ​ទាំង​អស់នេះ​បាន​និង​កំពុង​ផ្គើន​ទៅ​នឹង​សេចក្តី​ប្រកាស​របស់​ក្រសួង ។

លិខិត​របស់​លោក​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បន្ត​ថា ដើម្បី​ធានា​បាន​នូវ​សេចក្តី​ថ្លៃថ្នូរ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​សង្គម មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​-​ខេត្ត ត្រូវ​ដាក់​ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​លុប​បំបាត់​ឲ្យ​អស់​ការ​ដាក់​ប៉ុស្តិ៍​អនាធិបតេយ្យ ក្រោម​រូបភាព​ត្រួតពិនិត្យ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ។ ដោយឡែក​ក្នុង​ករណី​ដែល​ជន​បង្ក​ស្ថិត​នៅ​ហួស​ពី​សមត្ថកិច្ច មន្ទីរ​ត្រូវ​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ ។

គួរ​បញ្ជាក់​ថា កន្លង​មក ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ធ្លាប់​បាន​ប្រកាស​ឲ្យ​លុប​បំបាត់​ប៉ុស្តិ៍​អនាធិបតេយ្យ​រូ​ច​ទៅ​ហើយ ប៉ុន្តែ​នៅ​តែ​ឃើញ​មាន​ប៉ុស្តិ៍​អនាធិបតេយ្យ​កើត​មាន​ដដែល​។ អ្វី​ដែល​ក្រសួង​ចេញ​ប្រកាស​ជម្រាប​ដល់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស​នេះ​ឲ្យ​លុប​បំបាត់​ជញ្ជីង​អនាធិបតេយ្យ គឺ​បន្ទាប់​ពី​ក្រុម​មន្ត្រី​ជញ្ជីង​ចល័ត​នៅ​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ ដាក់​ប៉ុស្តិ៍​ជញ្ជីង​ថ្លឹង អនាធិបតេយ្យ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៥ បង្ក​ឲ្យ​មានការ​ដេញ​បាញ់​រថយន្ត​ដឹកស្រូវ​របស់​ប្រជាពលរដ្ឋ និង​ចាប់ចង​អ្នក​បើករថយន្ត រួម​ទាំង​ព្រូ​រថយន្ត ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវព្រៃផ្សៃ ។ អំពើ​របស់​ក្រុម​សមត្ថកិច្ច​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​វាយតម្លៃ និង​រិះគន់​ថា ជា​អំពើ​អមនុស្សធម៌​បំផុត​ដែល​មិន​នឹក​ស្មាន​ដល់ ហើយ​បច្ចុប្បន្ន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កំពុង​បើក​ការ​ស៊ើបអង្កេត​ជុំវិញ​ការ​កើត​មាន​អំពើ​ដ៏​យង់ឃ្នង​នេះ ៕