ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​សំបុត្រ​រថយន្តក្រុង​ជាប់ចោទ​ចែកចាយ​ថ្នាំ​ញៀន​​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ម្ចាស់​ទីតាំង​សាខា​លក់​សំបុត្រ​រថយន្តក្រុង​យីហោ​ចាន់​ ពៅ​ មាន​ទីតាំង​ជាប់​ដងផ្លូវ​ជាតិ​លេខ​៥ ​ក្នុងភូមិ​ក្បាលកោះ​ សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ ត្រូវ​កម្លាំង​កង​រាជអាវុធហត្ថ​ឃាត់ខ្លួន​ពី​បទ​ចែកចាយ​ថ្នាំ​ញៀន​ និង​លាក់​ទុក​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ម្ចាស់​ទីតាំង​សាខា​លក់​សំបុត្រ​រថយន្តក្រុង​យីហោ​ចាន់​ ពៅ​ មាន​ទីតាំង​ជាប់​ដងផ្លូវ​ជាតិ​លេខ​៥ ​ក្នុងភូមិ​ក្បាលកោះ​ សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ ត្រូវ​កម្លាំង​កង​រាជអាវុធហត្ថ​ឃាត់ខ្លួន​ពី​បទ​ចែកចាយ​ថ្នាំ​ញៀន​ និង​លាក់​ទុក​ឧបករណ៍​ខុសច្បាប់ ​(​កាំភ្លើង​ជ័រ​បាញ់​គ្រាប់កង់​ និង​កាំ​បិទ​សាម៉ូ​រ៉ៃ​)​។​

ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៩​ មីនា ២០១៥​។ ​ជនសង្ស័យ​ជា​ម្ចាស់​សាខា​លក់​សំបុត្រ​រថយន្តក្រុង​ឈ្មោះ​ចាន់​ ពៅ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។​ ជាមួយ​និង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​អាវុធហត្ថ​ក្រុង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​WY​ ព​ណ៌ផ្កាឈូក​ចំនួន​៥​គ្រាប់​នៅ​ក្នុង​ហោប៉ៅ​អាវ​ជនសង្ស័យ​ និង​រក​ឃើញ​អាវុធ​ខ្លី​ជ័រ​ប្រភេទ​កាំភ្លើង​ខ្យល់​បាញ់​គ្រាប់កង់​០១​ដើម​ កាំបិត​សាមួរ៉ៃ​០១​ដើម​លាក់​ទុក​ក្នុង​បន្ទប់​លក់​សំបុត្រ​រថយន្តក្រុង​នោះ​។​

លោក​ជា​ ដា​ មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា​ ក្រោយ​ពី​មាន​សេចក្ដីរាយការណ៍​ពី​បណ្ដាញ​ថា​ ទីតាំង​សាខា​លក់​សំបុត្រ​រថយន្តក្រុង​ខាងលើ​មាន​លាក់​ទុក​អាវុធ​ខ្លី​ និង​ក្រោយ​ពី​ទទួល​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ឱ​ បូ​រិ​ន ​មេ​បញ្ចា​ការ​អាវុធហត្ថ​ខេត្ត​លោក​បានដឹកនាំ​កម្លាំង​ចុះ​ទៅ​ទីតាំង​សង្ស័យ​ឃាត់ខ្លួន​ឈ្មោះ​ចាន់ ​ពៅ​ ជា​ជនសង្ស័យ​ ហើយ​ធ្វើការ​ឆែកឆេរ​អនុលោម​តាម​បទបញ្ជា​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ទើប​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ និង​អាវុធ​ខ្លី​ជ័រ​ និង​កាំបិត​សាមួរ៉ៃដែល​ជនសង្ស័យ​លាក់​ទុក​​​។​

មេបញ្ជាការ​អាវុធ​ក្រុង​ប្រាប់​ថា ​ជនសង្ស័យ​ និង​វត្ថុ​តាង​ក្រោយ​ធ្វើ​កំណត់ហេតុ​សួរនាំ​ចប់​ នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​។​ គួរ​បញ្ជាក់​ថា ករណី​ឃាត់ខ្លួន​ និង​ឆែកឆេរ​ទីតាំង​សង្ស័យ​ខាងលើ​អាវុធហត្ថ​ក៏បាន​ហៅ​ជនសង្ស័យ​៤​នាក់​ផ្សេង​ទៀត​សួរនាំ​ដែរ ​ប៉ុន្តែ​ដោយសារ​ថា​ក្រៅពី​ឈ្មោះ​ចាន់​ ពៅ​ សុទ្ធតែ​ជា​កម្មករ​អូស​រទេះ អូស​ឥ​វ៉ា​ន់​ឲ្យ​ពលករ​ទៅ​ទីនោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​សមត្ថកិច្ច​បាន​ឲ្យ​ពួក​គេ​ទាំង​៤​នាក់​ត្រឡប់​ទៅ​លំនៅឋា​ន​វិញ​ហើយ​៕​​