ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​សម្រេច​បិទ​ហាង​នំបុ័ង​ពន្លឺព្រះអាទិត្យ ​ខណៈ​ពេល​ដំណើរការ​ស៊ើបអង្កេត​ករណី​ពុល​​​កំពុង​ចាប់​ផ្តើម

9 ឆ្នាំ មុន

ខេត្តសៀមរាប​៖​ ក្រុម​មន្ត្រី​កំពុង​តែ​ប្រឹងប្រែង​ក្នុង​ការ​ចុះ​អង្កេត​រក​មូលហេតុ​ពិត​ប្រា​កដ ដែល​នាំ​ឲ្យ​កុមារ​ និង​មនុស្ស​ពេញវ័យជាង​៦០០នាក់​នៅ​ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ធ្លាក់ខ្លួន​ឈឺដោយ​មាន​អាកា​រៈ​ចុកពោះ

ខេត្តសៀមរាប​៖​ ក្រុម​មន្ត្រី​កំពុង​តែ​ប្រឹងប្រែង​ក្នុង​ការ​ចុះ​អង្កេត​រក​មូលហេតុ​ពិត​ប្រា​កដ ដែល​នាំ​ឲ្យ​កុមារ​ និង​មនុស្ស​ពេញវ័យជាង​៦០០នាក់​នៅ​ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ធ្លាក់ខ្លួន​ឈឺដោយ​មាន​អាកា​រៈ​ចុកពោះ រាករូស ក្អួតចង្អោរ ព្រមទាំង​ឈឺក្បាលផង​ដែរ បន្ទាប់ពី​ពួក​គេ​បាន​ទទួលទាន​នំបុ័ង​ដាក់​សាច់​ប៉ា​តេ ផ្តល់​ជូន​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក​(world vision) កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ មីនា កន្លង​ទៅ​។

​អភិបាលរង​ និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប​លោក​ប៊ុ​ន ថា​ឬ​ទ្ធិ បាន​មាន​ប្រសា​ស​ន៍កាលពី​រសៀល​ថ្ងៃ​ទី​២៨​ មីនា ថា​​ ​ថ្វីបើ​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ ក៏​យើង​​ត្រូវ​ចាំបាច់​ចាត់​ឲ្យ​មានការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​បំផុត​រក​មូលហេតុ​ពិត ជា​ពិសេស​ទៅ​លើ​ប្រភព​នុំ​បុ័ង​ដើ​ម្បីបង្កា​កុំ​ឲ្យ​មាន​មហន្តរាយ​ធ្ងន់ធ្ងរ​ថែម​ទៀត​។

គួរ​រំលឹក​ថា​ ចាប់តាំងពី​យប់​ថ្ងៃ​ទី២៧ រហូត​ដល់​យប់​ថ្ងៃ​ទី​២៨ មីនា យ៉ាង​ហោច​ណាស់​ក៏​មាន​កុមារ​ និង​មនុស្ស​ពេញវ័យ​ប្រមាណ​ជាង​៦០០​នាក់ រស់នៅ​ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង បាន​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់ ដោយ​មាន​អាកា​រៈ​ដូច​ៗ​គ្នា គឺ​ចុកពោះ រាក​រូស ក្អួតចង្អោរ ព្រមទាំង​ឈឺក្បាលផង​ដែរ បន្ទាប់ពី​ពួក​គេ​បាន​​ទទួលទាន​នំបុ័ង​ដាក់​សាច់​ប៉ា​តេ ផ្តល់​ជូន​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក​(world vision) កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ មីនា កន្លង​ទៅ​។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ​ដែរ​ អភិបាលរង​ខេត្ត​ និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប លោក ប៊ុ​ន ថា​ឬ​ទ្ធិ បាន​ឲ្យ​ដឹង​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ​២០១៥ កន្លង​ទៅ អង្គការ​ទស្សនៈ​ពិភពលោក​(world vision) សហការ​ជាមួយ​អាជ្ញា​ធរ​ស្រុក​ជីក្រែង បាន​រៀបចំ​ទិវា​ប្រឆាំង​ពលកម្ម​កុមារនៅ​ក្នុង​បរិវេណ​សាលា​រដ្ឋ​មួយក្នុងភូមិ​ចែក ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ដោយ​មាន​សិស្សានុសិស្ស​ចំនួន៧៧៨នាក់ និង​អាណាព្យាបាល​របស់​ពួក​គេ​ប្រមាណ​ជាង​មួយ​រយ​នាក់​ផ្សេង​ទៀត​ចូលរួម​។

លោក​បា​បញ្ចា​ក់​បន្ថែម​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​នោះ​អង្គការ world vision បាន​ផ្តល់​ជូន​ដល់​អ្នកចូលរួម​នូវ​កញ្ចប់​អាហារ ក្នុង​ម្នាក់​ៗ​មួយ​កញ្ចប់ រួម​មាន​នំបុ័ង​ដាក់​សាច់​ប៉ា​តេ និង​ទឹកបរិសុទ្ធ​មួយ​ដប​ផង​ដែរ ហើយ​រយៈពេល​បុ​ន្មា​ន​ម៉ោង​ក្រោយមក​ពួក​បាន​ធ្លាក់ខ្លួន​ឈឺ​។

លោក​បាន​បន្ថែម​តាម​ព័​ត៌មាន​ដំបូង​ៗ​នុំ​បុ័ង​ទាំងនោះ​ត្រូវ​បាន​អ្នក​ចាត់ចែង​កម្មវិធី​នៃ​អង្គការ​( world vision ) ប្រមូល​ទិញ​ពី​កន្លែង​ពីរ​ផ្សេង​គ្នា គឺ​មួយ​ផ្នែក​ទិញ​ពី​ផ្សារ​ដំ​ដែក ស្រុក​សូត្រ​និគម​ន៏ និង​មួយ​ផ្នែក​ទៀត​ទិញ​ពី​ទីប្រជុំជន​ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ក៏​ប៉ុន្តែ​ប្រភព​ចុង​ក្រោយ​បាន​លាតត្រដាង​ថា នំ​បុ័ង​ទាំងនោះ​ទិញ​ពី​ហាង​យីហោពន្លឺព្រះអាទិត្យ នៅ​ក្នុង​ក្រុង​សៀមរាប មុន​នឹង​ត្រូវ​បាន​គេ​ប្រែក្លាយ​ទៅជា​នុំ​បុ័ង​ដាក់​សាច់​(​នំបុ័ង​ប៉ា​តេ​) នៅ​កន្លែង​ទាំង​ពីរ​ខាងលើ​។​   

ទោះជា​យ៉ាងណា​លោក​បាន​បន្ថែម​ថា​ ​រហូត​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ឲ្យ​ពិតប្រាកដពី​មូលហេតុ​នៃ​អាកា​រជម្ងឺ​នោះ​នៅឡើយ​ទេ គ្រាន់តែ​សន្និដ្ឋាន​ជំ​ហាន​ដំបូង​ថា​ នេះ​ជា​ការ​ពុលផ្តើម​ចេញពី​នំបុ័ង ដែល​មាន​ដាក់​បន្លែស្រស់​បាញ់ថ្នាំ​គីមី (​ត្រសក់​) សាច់​ប៉ា​តេ នឹង​ជ្រក់ ច្រើន​ជាង​ទឹកបរិសុទ្ធ​។

នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ស៊ើបអង្កេត​នោះ ថ្វី​​​បើ​​នៅ​មិន​ទាន់​មានការ​បង្ហាញ​នូវ​លទ្ធផល​ភ្លាម​ៗ​នៅឡើយ ក៏​ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី ២៩ មីនានេះ​ សមត្ថកិច្ច​មួយ​ក្រុម​រួម​មាន​ប៉ូលិស​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត មន្ត្រី​កាំ​កុង​ត្រួ​លបាន​សម្រេច​បិទ​ដំណើរការ​អជីវ​កម្ម​ហាង នំបុ័ង​មួយ យីហោពន្លឺព្រះអាទិត្យ មា​នទី​តាំងនៅ​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​ជា​បណ្តោះអាសន្ន ដែល​គេ​រក​ឃើញ​ថា ​ជា​អ្នក​ផ្គត់​ផ្គង​នំបុ័ង​ទៅ​​អង្គការ​ទស្សនៈ​ពិភពលោក​។

លោក​វរសេនីយ៍ទោ សឿ​ន សេន នាយក​រិ​យា​ល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បិទ​ហាង​នំបុ័ង​ខាងលើ​បាន​ថ្លែង​ថា​​ ​ការ​បិទ​ដំណើរ​ការអជីវ​កម្ម​ឡ​នំបុ័ង​នេះ គឺ​ត្រូវ​បាន​ស្នើ​យោ​ប​ល់​ពី​តំណាង​អយ្យការ ហើយ​បើសិនជា​លទ្ធផល​នៃ​ការ​ពិសោធ​ន៍ឃើញ​ថា​ មិន​មាន​ជាតិពុល​ដូច​ការ​សង្ស័យ គាត់​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដំណើរការ​ដូច​ធម្មតា​វិញ​។

គួរ​កត់​សំគាល់ថា ​កាល​ពីព្រឹក​ថ្ងៃ​ទី​២៨ ​មី​នា ២០១៥ កន្លង​ទៅ បុគ្គលិក​សុខាភិបាលជា​ច្រើន​នាក់ រួម​ទាំង​រថយន្ត​សង្គ្រោះ​ប្រមាណ​ជាង​១០គ្រឿងត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ក្នុង​នោះ​មានជន​រង​គ្រោះ​ប្រមាណ​៦៥នាក់ ​​ស្ថិត​នៅ​ក្នុង​ស្ថាន​ការ​ធ្ងន់ធ្ងរ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ស្រុក​សូត្រ​និគមន៍ និង​មន្ទីរពេទ្យ​កុមារ​អង្គរ​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​លោក​គ្រួ​ស សា​រ៉ាត ដែល​បាន​ដឹកនាំ​មន្ត្រី​សុខាភិបាលចុះ​អន្តរ​គម​ន៏​ដល់ទី​កន្លែង​កើតហេតុ​បាន​ថ្លែងប្រាប់​តាម​ទូរ​សព្ទ័​នៅ​ព្រឹក​ថ្ងៃ​ទី២៩ មីនា នេះ​ថា តួរ​លេខ​ចុង​ក្រោយ​ដែល​ស្រង់​បាន​គឺ​អ្នកជម្ងឺ​បាន​កើនឡើង​រហូត​ដល់ជាង​៦១០នាក់ទៅ​ហើយ ក៏​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​មិនមានជន​រង​គ្រោះ​ណា​ម្នាក់​បាន​ស្លាប់​នោះ​ទេ ហើយ​បច្ចុប្បន្ន​ភាគច្រើន​បាន​ធូ​រស្បើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ នៅ​សល់​តែ​ប្រមាណ៥០នាក់​ប៉ុណ្ណោះ​កំពុង​បន្ត​តាមដាន​ពី​ស្ថានភាព​ជម្ងឺ​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា​ ករណី​ខាង​លើមន្ទីរ​សុខាភិបាល​មិន​បាន​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​មូលហេតុ​​នៃ​ការ​ទេ គឺ​ទុក​ឱ្យអាជ្ញាធរ​ជា​អ្នក​ដំណើរការ​ស៊ើបអង្កេត​។ ​ក៏​ប៉ុន្តែ​លោក​បង្ហើប​ថា​​ ករណី​នេះ​ទំនងជា​ពិបាក​ក្នុង​ការ​តាមដាន​រក​មូលហេតុ​ពិត ដោយសា​តែ​ពុំ​មាន​សំណាក​នំបុ័ង​ណាមួយ​បន្សល់​សម្រាប់​យក​ទៅ​ពិសោធ​ន៍​នោះ​ទេ​។

លោក​បាន​ពន្យល់​តាម​ក្បួន​វេជ្ជ​សាស្ត្រ​ថា ​ករណី​នេះ​ទំនងជា​មិន​អាច​បង្ក​ដោយសារ​ជាតិ​គីមី​ដែល​គេ​សង្ស័យ​នៅ​លើ​ផ្លែ​ត្រសក់​ស្រស​ៗ​នោះ​ទេ  គឺ​អាច​បង្ក​ឡើង​ដោយ​ជ្រក់​ដែល​អ្នក​ធ្វើ​គ្មាន​អនាម័យ និង​ទុក​រយៈពេល​យូ​រពេក ដែល​បង្ក​ឲ្យមេរោគ​វាយ​លុក​យ៉ាង​ដូច្នេះ ។​ លោក​ថា​ការ​ពុល​​នេះ​មិនមែន​ពុល​តែ​អ្នក​ច​ល​រួម​ប្រជុំ​ទេ សូ​ម្បី​តែ​​​​​អ្នក​កែ​ឆ្ច្នៃ​នំបុ័ង​ហ្នឹង​ក៏​ពុល​ដែរ គឺមាន​ចំនួន​៥២នាក់​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព