ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ទុក​ឱ្យ​សង់​ខ្ទម​ពេញ​ដី​ទើប​ប្រើ​អំណាច​ទៅ​បណ្តេញ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ស្រុក​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មីនា បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ចុះ​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​មួយ​ក្រុម​ដែល​នាំ​គ្នា​ទៅ​សង់​ខ្ទម​ចំនួន​២៧៧​ខ្នង តាម​បែប​អនាធិបតេយ្យ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ស្រុក​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មីនា បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ចុះ​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​មួយ​ក្រុម​ដែល​នាំ​គ្នា​ទៅ​សង់​ខ្ទម​ចំនួន​២៧៧​ខ្នង តាម​បែប​អនាធិបតេយ្យ ជា​ខ្ទម​ហោះហើរ មិនដឹង​ពី​ពេល​ណា​មក​ទេ ពាសពេញ​ដី​ដែល​មាន​ម្ចាស់ ហើយ​ត្រូវ​ចោទប្រកាន់​ថា​ជា​ការ​រំលោភ​យក​ដី​កម្មសិទ្ធិ​របស់​គេ និង​ក្រុមហ៊ុន​នៅ​ស្រុក​ម៉ា​ឡៃ ។

លោក អែម សុខា អភិបាលស្រុក​ម៉ា​ឡៃ និង​ជា​ប្រធាន​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ស្រុក​ថ្លែង​ថា ដោយ​មាន​សេចក្តីជូនដំណឹង​ពី​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត បានឱ្យ​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ស្រុក ដឹកនាំ​កម្លាំង​ចម្រុះ​រួម​មាន​កងរាជអាវុធហត្ថ​ស្រុក និង​នគរបាល​ស្រុក ព្រមទាំង​មន្ត្រី​ជំនាញ​ធ្វើការ​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ដល់​ជន​មួយ​ក្រុម​ដែល​នាំ​គ្នា​លួច​សង់​ខ្ទម​បែប​អនាធិបតេយ្យ​រំលោភ​លើ​ដី​បងប្អូន​ប្រជាពលរដ្ឋ​១៤​គ្រួសារ មាន​ផ្ទៃដី​ចំនួន​៦៤​ហិ​កតា និង​ដី​ក្រុមហ៊ុន​ហៃ​សួរ មាន​ចំនួន​២.២០០​ហិ​កតា នៅ​បឹង​ជង្រុក និង​ប្រាសាទ​ក្រៅ ស្ថិត​ក្នុងភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។

លោក​អភិបាលស្រុក​បន្ត​ថា ក្រោយ​ពេល​ត្រួតពិនិត្យ ក្រុម​គណៈកម្មការ​ចម្រុះ​បាន​ចុះ​រាប់​ខ្ទម ដែល​សង់​រំលោភ​លើ​ដី​កម្មសិទ្ធិ​របស់​អ្នក​ដទៃ និង​ក្រុមហ៊ុន​២​កន្លែង មាន​ចំនួន​២៧៧​ខ្នង ដែល​មាន​អ្នក​ទៅ​សម្ងំ​រស់នៅ​ប្រមាណ​៥០% និង​៥០%​ទៀត​គ្មាន​អ្នក​រស់​នៅទេ គឺ​សង់​ទុក​ចោល​សម្រាប់​ចាំ​ដី​ដែល​ខ្លួន​រំលោភ ។ មិនតែប៉ុណ្ណោះ​មាន​មនុស្ស​ផ្សេង​ទៀត​ចំនួន​១២០​គ្រួសារ បាន​បន្ត​ចូល​ទៅ​រំលោភ​យក​ដី​ដែល​មាន​ម្ចាស់ ដោយ​កំពុង​ដើរ​បោះតម្រុយ​ចែក​ព្រំ​ដី​គ្នា​បែប​អនាធិបតេយ្យ​បាន​ចំនួន​៩០​គ្រួសារ និង​បាន​ចុះ​ដក​ត​ម្រុ​ុ​យ​នោះ​ចោល​នៅ​ចំណុច​បឹង​ដំរី ។

អតីត​មេបញ្ជាការ​វរ​លេខ​៦៧​ទ័ព​ខ្មែរក្រហម ស្រុក​ម៉ា​ឡៃ បាន​ប្រាប់​ថា អង្គភាព​វរ​សេនា​តូច​លេខ​៦៧ អតីត​ខ្មែរក្រហម​មាន​ជន​ពិការ​ចុះ​ក្នុង​បញ្ជី​ចំនួន​៤៩​នាក់ ដែល​រង​គ្រោះ​ដោយសារ​គ្រាប់​មីន ហើយ​ក្រោយ​ពេល​សមាហរណកម្ម រាជរដ្ឋាភិបាល​បាន​បែងចែក​ដី​រួចរាល់​ហើយ ។

លោក​ថា ពេល​នេះ​ស្រាប់តែ​មាន​ជន​ពិការ​ចំនួន​២៣០​នាក់​មិនដឹង​មកពីណា បាន​មក​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន និង​សង់​ខ្ទម​អនាធិបតេយ្យ​តាម​រយៈ​មេខ្យល់​ដែល​ធ្វើ​ឱ្យ​អាជ្ញាធរ​ប្រញាប់​ដោះស្រាយ ហើយ​មិនដឹង​ថា តើ​ខ្ទម​ហោះហើរ​ទាំងនេះ​ត្រូវ​ដោះស្រាយ​ដោយ​វិធី​ណា​នៅឡើយ​ទេ ព្រោះ​ពួក​គេ​មក​សម្ងំ​សង់​ខ្ទម​តាម​ចិត្ត អត់​មាន​អាជ្ញាធរ​ណា​រារាំង​ភ្លាម​ៗ​ទេ ។ ទុក​ទាល់តែ​សង់​ពេញ​ដី ទើប​លើកគ្នា​មក​ប្រកាស​ឱ្យ​រុះរើ ។

ម្ចាស់​ដី​និយាយ​ថា បើ​មិន​ដោះស្រាយ​ទេ អនាធិបតេយ្យ​ក្នុង​សង្គម និង​ផ្ទុះ​ឡើង​ឥត​ឈប់​ឈរ ។ ជា​ពិសេស មេខ្យល់​ដែល​នាំ​បង្កើត​តំបន់​អនាធិបតេយ្យ​នេះ ត្រូវ​តែ​កម្ចាត់ ។

តាម​ការ​កត់សម្គាល់ មក​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី​តំបន់​នោះ សង្ស័យ​រដ្ឋអំណាច​ជើង​១០ ។ ព្រោះ​ពេល​ទើប​ចាប់ផ្តើម​ដំបូង ហេតុ​ម៉េច​មិន​ទៅ​បណ្តេញ ? ទុក​ដល់​ពេញ​ដី​ទើប​កម្រើក បែប​យ៉ាប់​បន្តិច​ហើយ​…