ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស៊ុ​ក សុភា និង​ភរិយា បង្កើត​មូលនិធិ​ជួយ​ទុគ៌ត​ជន​នៅ​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្ទុយ​ពី​ម្ចាស់​មូលនិធិ​មួយ​ចំនួន​ដែល​រំពឹង​តែ​ការ​អំពាវនាវ​រក​ជំនួយ​មួយ​មុខ អ្នក​នាង​សារី​ណា ភរិយា​លោក​ស៊ុ​ក សុភា អះអាង​ថា នាង​មាន​គម្រោង​បង្កើត​កម្មវិធី​តន្ត្រី​សប្បុរសធម៌

រាជធានី​ភ្នំពេញ ៖ ផ្ទុយ​ពី​ម្ចាស់​មូលនិធិ​មួយ​ចំនួន​ដែល​រំពឹង​តែ​ការ​អំពាវនាវ​រក​ជំនួយ​មួយ​មុខ អ្នក​នាង​សារី​ណា ភរិយា​លោក​ស៊ុ​ក សុភា អះអាង​ថា នាង​មាន​គម្រោង​បង្កើត​កម្មវិធី​តន្ត្រី​សប្បុរសធម៌ ឬ​កម្មវិធី​រាត្រីសមោសរ​ជា​ច្រើន ប្រមូលប្រាក់​ជួយ​ទុគ៌ត​ជន​នៅ​កម្ពុជា​។ អ្នក​នាង​សារី​ណា និង​ស្វាមី​សន្យា​ប្រឹងប្រែង ដើម្បី​ធ្វើ​ឱ្យ​មូលនិធិ​ដែល​បង្កើត​ឡើង ក្លាយជា​ប្រយោជន៍​កាន់តែ​ទូលាយ នា​ពេល​ខាង​មុខ ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​ភ្នាក់ងារ​កោះសន្ដិភាព​ពី​ប្រទេស​អូស្ត្រាលី កាលពី​ពេលថ្មី​ៗ​នេះ​អ្នក​នាង​សារី​ណា ជា​ភរិយា​របស់​លោក​ស៊ុ​ក សុភា បាន​អះអាង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​នេះ​នាង​និង​ស្វាមី បាន​ទទួល​ការ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​ប្រមូលប្រាក់​ជួយ​ដល់​អ្នកសិល្បៈ​៣​គ្រួសារ និង​ទុគ៌ត​ជន​ម្នាក់​តាម​ហ្វេ​ស​ប៊ុ​ក ។ នាង​ទទួល​ប្រាក់​គិត​ជា​ដុល្លារ​បាន​ជិត​៥​ពាន់​ដុល្លារ ដោយ​ចាត់ចែង​ប្រគល់​ឱ្យ​ដល់​ក្រុម​គ្រួសារ​លោក​ស៊ី​ន ស៊ី​សា​មុត ជាង​២​ពាន់​ដុល្លារ តារាចម្រៀង​ជើង​ចាស់​ដែល​រងគ្រោះថ្នាក់​ចរាចរ លោក​នូ ស៊ិ​ប ចំនួន​៥០០​ដុល្លារ អ្នក​អា​យ៉ៃ​ធ្លាក់ខ្លួន​វង្វេងវង្វាន់​លោកតា​ផ្លុ​ង មឿ​ក ចំនួន​៥០០​ដុល្លារ និង​អ្នកបញ្ជា​ចរាចរណ៍​ប្រចាំ​ថ្ងៃ ដោយ​មិន​មាន​បៀវត្ស​លោក​ហោ ម៉ៅ ដែល​ធ្លាក់ខ្លួន​ឈឺ​ចំនួន​១.១០០​ដុល្លារ ។

អ្នក​នាង​សារី​ណា និយាយ​ថា «​ជា​ការណ៍​ពិត​ខ្ញុំ និង​ស្វាមី​ទើបតែ​អំពាវនាវ​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ទេ ប៉ុន្តែ​យើង​ទទួល​បាន​រហូត​ដល់​ជាង​៤​ពាន់​ដុល្លារ​អា​មេ​រិ​ក ហើយ​បើ​គិត​ជា​ប្រាក់​អូស្ត្រាលី​គឺ​ច្រើន​ជាង​នេះ ព្រោះ​ភាគី​អ្នក​ជួយ​មូលនិធិ​យើង​គាត់​ផ្ដល់​ជា​ប្រាក់​អូស្ត្រាលី​» ។

អ្នក​នាង​សារី​ណា បាន​ដាក់​ឈ្មោះ​មូលនិធិ​របស់​ខ្លួន​ថា «SS Fundraising for Cambodia» ដែល​មាន​ន័យ​ថា «​មូលនិធិ​រៃ​អង្គាសប្រាក់​របស់​លោក​ស៊ុ​ក សុភា និង​អ្នក​នាង​សារី​ណា​» ដើម្បី​ជួយ​ដល់​ទុគ៌ត​ជន​នៅ​កម្ពុជា ។ អ្នក​នាង​សារី​ណា ស្នើ​ឱ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ហើយ​ដឹង​ពី​ទុក្ខវេទនា​របស់​ទុគ៌ត​ជន​ណា​ម្នាក់ សូម​បង្ហោះ​រូបភាព​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង និង​ស្នើ​ឱ្យ​សប្បុរសជន​ដែល​មាន​បំណង​ចង់​ចែករំលែក​ប្រាក់​ផ្ទាល់ខ្លួន សូម​ទាក់ទង​នាង​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក Sarina Zuzanna AlNic ឬ​អាច​ទាក់ទង​មក​ក្រុមការងារ​របស់​នាង ប្រចាំ​នៅ​ស្រុក​ខ្មែរ តាម​រយៈ​ទូរ​សព្ទ​លេខ 089 25 36 36  ក៏​បាន ដោយ​នាង​និង​ក្រុមការងារ ធានា​ប្រគល់​ប្រាក់​ជូន​ដល់​ទុគ៌ត​ជន​មិន​ឱ្យ​បាត់បង់​ប្រាក់​របស់​សប្បុរសជន​មួយ​ចំណែក​ណា​ឡើយ ។ នាង​នឹង​ធ្វើ​ឱ្យ​មាន​តុល្យភាព​ក្នុង​ការ​ចាត់ចែង​ជំនួយ ដោយសារ​តែ​នាង​និង​ស្វាមី ក៏​ដូច​ជា​ក្រុមការងារ​សហការ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា សុទ្ធតែ​បាន​រួម​គ្នា​ធ្វើ​កិច្ចការ​នេះ​ដោយ​ស្ម័គ្រចិត្ត និង​ការ​លះបង់​ដូច​គ្នា ។ គោលបំណង​នៃ​មូលនិធិ​នេះ គឺ​នាង​ឃើញ​ក្រុម​ទុគ៌ត​ជន​នៅ​កម្ពុជា​បាន​ទទួល​ការ​យកចិត្តទុកដាក់​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស និង​មាន​ជីវភាព​ល្អ​មួយ​កម្រិត ។

អ្នក​នាង​សារី​ណា​និង​លោក​ស៊ុ​ក សុភា ជា​ស្វាមី គ្រោង​រៀបចំ​តន្ត្រី​សប្បុរសធម៌​ធំ​មួយ​នៅ​ប្រទេស​អូស្ត្រាលី បន្ទាប់​ពី​មើលឃើញ​ថា មធ្យោបាយ​ក្នុង​ការ​រៃ​អង្គាសប្រាក់​ដែល​បាន​ធ្វើ​ឡើង គឺ​មិន​អាច​អំពាវនាវ​ទៅ​កាន់​សប្បុរសជន​យូរ អង្វែង ។ អ្នក​នាង​សារី​ណា និយាយ​ថា «​ខ្ញុំ​និង​បង​ភា គិត​គ្នា​រួច​ហើយ​ថា ត្រូវធ្វើ​យ៉ាងម៉េច​ដើម្បី​ប្រមូលប្រាក់​បាន​ជួយ​ដល់​អ្នក​ទី​ទ័លក្រ​ទាំងនោះ បើ​កុំ​តែ​ខ្ញុំ​សរសៃ​ខ្ចី ហើយ​កូន​នៅ​តូច​ពេក គឺ​ខ្ញុំ​នឹង​ធ្វើ​ឱ្យ​ខ្លាំង​តែ​ម្ដង ដើម្បី​យក​ប្រាក់​មក​ជួយ​អ្នក​ទុគ៌ត​ជន ហើយ​កុំ​ភ័យ​ខ្ញុំ និង​ក្រុមការងារ​ធ្វើបុណ្យ គឺ​មិន​កិបកេង​ជំនួយ​ទាំងនោះ​ទេ ព្រោះ​យើង​សុទ្ធតែ​ធ្វើ​បញ្ជី​ឱ្យ​ម្ចាស់​ជំនួយ​បានឃើញ និង​ដាក់​ឈ្មោះ​ពួក​គាត់​ពេល​យក​ទៅ​ប្រគល់​ឱ្យ​» ។

បន្ទាប់​ពី​ជោគជ័យ ប្រមូលប្រាក់​បាន​ជិត​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក​ក្នុង​នោះ​ជូន​ក្រុម​គ្រួសារ​លោក​ស៊ី​ន ស៊ី​សា​មុត ជូន​លោក​ហោ ម៉ៅ ជូន​លោក​នូ ស៊ិ​ប និង​ជូន​លោកតា​ផ្លុ​ង មឿ​ក មក អ្នក​នាង​សារី​ណា និង ក្រុមការងារ​បន្ត​អំពាវនាវ​ស្វែងរក​ប្រាក់​ជួយ​ដល់​ទុគ៌ត​ជន​មួយ​ចំនួន​ទៀត ដោយ​ស្នើ​ឱ្យ​ចូល​មើល​ហ្វេ​ស​ប៊ុ​ក Sarina Zuzanna AlNic របស់​នាង ដើម្បី​ជ្រាប​ពី​សកម្មភាព​ដែល​នាង និង​ស្វាមី​បាន​ធ្វើ ។

ក្រុម​គ្រួសារ​លោក​ស៊ី​ន ស៊ី​សា​មុត លោក​ហោ ម៉ៅ លោក​នូ ស៊ិ​ប និង​លោកតា​ផ្លុ​ង មឿ​ក បាន​ថ្លែងអំណរគុណ​ដល់​ប្ដី​ប្រពន្ធ​លោក​ស៊ុ​ក សុភា ដែល​ផ្ដើម​បង្កើត​ឱ្យ​មាន​មូលនិធិ​នេះ​ឡើង ។ ធៀប​នឹង​អ្នកសិល្បៈ​ផ្សេង​ទៀត ដែល​បាន​ទៅ​រស់នៅ​ប្រទេស​ក្រៅ​ដូច​គ្នា អ្នក​នាង​សារី​ណា និង​លោក​ស៊ុ​ក សុភា ត្រូវ​គេ​ចាត់ទុកជា​តារា​ដែល​មាន​ទឹកចិត្ត​សប្បុរសធម៌​គួរ​ឱ្យ​សរសើរ ។

ម្ចាស់​មូលនិធិ​នាង​សារី​ណា ថ្លែង​ថា ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ អ្នក​នាង​នឹង​ស្វះស្វែង​លើ​សកម្មភាព​ជួយ​ជីក​អណ្ដូងទឹក​ស្អាត ជួយ​បង្កើត​មុខរបរ​ឱ្យ​ជន​ទុគ៌ត និង​ជួយ​សាងសង់​ផ្ទះ​ដល់​អ្នក​ខ្វះខាត​ជាដើម ដើម្បី​ជួយ​ឱ្យ​អ្នក​ក្រីក្រ​ទាំងនោះ មាន​ក្ដី​សង្ឃឹម​ជា​ថ្មី ។ ដូច្នេះ​ហើយ​ទើប​នាង សិក្សា​ពី​ការ​ជួល​ហាង​នៅ​ប្រទេស​អូស្ត្រាលី និង​ទាក់ទង​តារា​ខ្មែរ​ដែល​ទៅ​ច្រៀង​នៅ​ទីនោះ ធ្វើ​តន្ត្រី​សប្បុរសធម៌​មួយ​ដើម្បី​ប្រមូលប្រាក់​ចាត់ចែង​ក្នុង​កិច្ចការ​សប្បុរសធម៌​នា​ពេល ឆាប់​ៗ​ខាង​មុខ ៕