ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2014 តម្លៃ​ដីធ្លី​ក្នុង​រាជធានី​មាន​សន្ទុះ​ខុស​ៗ​គ្នា​ទៅ​តាម​តំបន់​ដែល​មាន​សក្តានុពល ខណ្ឌចំការមន​នៅ​តែ​ជា​តំបន់​ជាប់​ចំណាត់ថ្នាក់​លេខ​1 ទាំង​សកម្មភាព​វិនិយោគ និង​តម្លៃ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​២០១៤​កន្លង​មក ជា​ឆ្នាំ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​វិស័យ​អចលនទ្រព្យ ជា​ពិសេស​វិស័យ​ដីធ្លី ហើយ​ក៏​ជា​ឆ្នាំ​ដែល​មាន​គម្រោង​អភិវឌ្ឍន៍​ច្រើន​ផង​ដែរ​សម្រាប់​ប្រទេស​កម្ពុជា ។

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​២០១៤​កន្លង​មក ជា​ឆ្នាំ​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​វិស័យ​អចលនទ្រព្យ ជា​ពិសេស​វិស័យ​ដីធ្លី ហើយ​ក៏​ជា​ឆ្នាំ​ដែល​មាន​គម្រោង​អភិវឌ្ឍន៍​ច្រើន​ផង​ដែរ​សម្រាប់​ប្រទេស​កម្ពុជា ។ ទោះជា​យ៉ាងណា នៅ​តាម​តំបន់​ផ្សេង​ៗ​ក្នុង​រាជធានី សន្ទុះ​នៃ​កំណើន​ទាំង​សកម្មភាព និង​តម្លៃ ក៏​ខុស​គ្នា​ៗ​ទៅ​តាម​តំបន់​ដែល​សក្ដានុពល​នៃ​ការ​វិនិយោគ​ផង​ដែរ ។

លោក​ប៉ូ អ៊ា​វ​គង់ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​អចលនទ្រព្យ អេ​ស៊ា​រៀល អុ​ី​ស្ទេ​ត បាន​មាន​ប្រសាសន៍​ថា តម្លៃ និង​សកម្មភាព​ដីធ្លី​តាម​តំបន់​នានា​ក្នុង​រាជធានី គឺ​មាន​សន្ទុះ​កើនឡើង​មិន​ដូច​គ្នា​ទេ ។ តំបន់​ដែល​មាន​សកម្មភាព​វិនិយោគ និង​តម្លៃ​ខ្ពស់​ជាងគេ​គឺ​ខណ្ឌចំការមន ដែល​នៅ​តែ​ជា​តំបន់​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​វិនិយោគ មិន​ថា​ក្នុង និង​ក្រៅ​ស្រុក​ទេ ។ តំបន់​នេះ បើ​គិត​ជា​ទឹកប្រាក់​វិនិយោគ​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​វិនិយោគ​ទៅ​លើ​លំនៅ​ឋាន អគារ​ខុន​ដូរ និង​អគារ​ពាណិជ្ជកម្ម​សំខាន់​ៗ​ជាដើម ។ បន្ទាប់​ពី​ខណ្ឌចំការមន គឺ​ខណ្ឌទួលគោក ក៏​ជា​តំបន់​មួយ​មាន​សក្តានុពល​ល្អ​ប្រសើរ​មួយ​ដែរ ដែល​គិត​ជា​ភាគរយ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។ បើ​ពិនិត្យ​មើល​ជាក់ស្ដែង​តំបន់​ទួល​គោក​នេះ មានការ​កើនឡើង​ទាំង​លំនៅ​ឋាន​ទំនើប​ៗ និង​អគារ​សំខាន់​ៗ​ដូច​ជា សាលារៀន មន្ទីរពេទ្យ​ជាដើម​។ ក្រៅពី​នោះ តំបន់​ដែល​យើង​អាច​ចាត់​ទុក​ថា​ជាប់​ចំណាត់​លេខ​៣ គឺ​ខណ្ឌ​សែន​សុខ ថ្វី​ដ្បិតតែ​ជា​តំបន់​ថ្មី​ទើប​អភិវឌ្ឍន៍​ក្តី តែ​គម្រោង​វិនិយោគ​មាន​ច្រើន ដែល​យើង​អាច​សង្កេត​ដោយ​ជាក់ស្ដែង​ឃើញ​មាន​បុរី​លំនៅ​ឋាន ជា​ច្រើន​បាន​កកើត​នៅ​ក្នុង​តំបន់​នោះ ។

លោក​ឌឹ​ត ច​ណ្ណា ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន វី អិ​ម ស៊ី (VMC) បានឱ្យ​ដឹង​ដែរ​ថា ឆ្នាំ​២០១៤ ជា​ឆ្នាំ​មួយ​ដែល​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​មានការ​កើនឡើង​ខ្លាំង នេះ​បើ​និយាយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មិន​ទាន់​រាប់​បញ្ចូល​តំបន់​ដីធ្លី​នៅ​តាម​បណ្ដា​ខេត្ត ដែល​មិន​ទាន់​កើនឡើង​ខ្លាំង​ប៉ុន្មាន ។

លោក​បន្ត​ថា តំបន់​ដែល​ជា​ចំណាប់អារម្មណ៍​របស់​អ្នក​វិនិយោគ ឬ​អាច​ថា​តំបន់​ដែល​មាន​សកម្មភាព​ខ្លាំង​ប្រចាំឆ្នាំ​២០១៤​កន្លង​មកនេះ ភាគច្រើន​ជា​តំបន់​ស្ថិត​នៅ​កណ្ដាល​ក្រុង ។ ដោយសារ​សកម្មភាព​នៃ​ការ​វិនិយោគ​ទៅ​លើ​តំបន់​នៅ​កណ្ដាល​ក្រុង​ងើបឡើង​យ៉ាងនេះ​ហើយ ទើប​បានជា​តម្លៃ​ដីធ្លី នៅ​តាម​តំបន់​ទាំងនោះ នៅ​តែ​រក្សា​តម្លៃ​ខ្ពស់​ដដែល ជាក់ស្ដែង​នៅ​ខណ្ឌចំការមន​នេះ​ជាដើម ។ ដូច​យើង​បានឃើញ​ស្រាប់​ថា តំបន់​នៅ​កណ្ដាល​ក្រុង អគារ​ធំ​ៗ​ខ្ពស់ បាន​ងើប​ឡើងជា​បន្តបន្ទាប់ ដែល​មាន​ខុន​ដូ អគារ​ការិយាល័យ ផ្សារ​ទំនើប​ជាដើម ។

លោក គី​ម ហ៊ា​ង ប្រធាន​ក្រុមហ៊ុន​ខ្មែរ រៀល​អុ​ី​ស្ទេ​ត បាន​មាន​ប្រសាសន៍​ដែរ​ថា នៅ​តាម​តំបន់​នីមួយ​ៗ​ក្នុង​រាជធានី​ភ្នំពេញ​មិន​ដូច​គ្នា​ទេ តំបន់​ខ្លះ​តម្លៃ​ដីធ្លី​កើនឡើង​រហូត​ដល់​៥០​ភាគរយ ឯ​តំបន់​ផ្សេង​ៗ​ទៀត​កើន​ប្រមាណ​តែ​ជាង​២០​ភាគរយ ។ បើ​សរុប​ទូ​ទាំង​រាជធានី​ទាំងមូល ដីធ្លី​កើន​ឡើងជា​មធ្យម​ចន្លោះ​ពី​២០​ភាគរយ​ទៅ​៤០​ភាគរយ ។ តំបន់​ដែល​មានការ​កើនឡើង​ខ្ពស់​ជា​តំបន់​ដែល​សាងសង់​លំនៅ​ឋាន តំបន់​ពាណិជ្ជកម្ម ជាក់ស្ដែង​នៅ​បឹង​កេងកង និង​ទន្លេបាសាក់ ។ តំបន់​ទាំងនេះ ដីធ្លី​កើនឡើង​ខ្លាំង​ប្រាកដ​មែន មាន​ដី​ខ្លះ​នៅ​តំបន់​បឹង​កេងកង​តម្លៃ​ជាង​៧​ពាន់​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ ។

លោក​បន្ថែម​ថា ចំពោះ​ការ​កើនឡើង​នៃ​តម្លៃ​ដីធ្លី​នេះ​ដែរ ក៏​អាស្រ័យ​ទៅ​លើ​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​ដែរ ដូច​ជា​គម្រោង​អភិវឌ្ឍន៍​ផ្លូវថ្នល់ ស្ពាន​អាកាស ទីក្រុង​រណប​ជាដើម​។ ជាក់ស្ដែង​ដីធ្លី​នៅ​តំបន់​ខណ្ឌ​ជ្រោយចង្វា ពី​មុន​តម្លៃ​ត្រឹមតែ​៨០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ តែ​ពេល​នេះ​វា​ឡើង​រហូត​ដល់​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ តែ​តំបន់​ផ្សេង​ទៀត​នៅ​ជាយក្រុង ហាក់ដូចជា​មិន​ឡើង​ខ្លាំង​ប៉ុន្មាន​ទេ ៕