ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ទ្ធ​ផ្ទះ​គ្រូ​ពេទ្យ​ និង​ឆែក​ឆេរ​ករណី​ចម្ងង​អេដស៍

9 ឆ្នាំ មុន

​ខេត្ត​បាត់​ដំបង​​ ៖ រ​ដ្ឋ​មន្ត្រី​ក្រសួង​សុខាភិ​បាល ​​លោក ​ម៉​ម ប៊ុ​ន​ហេង ​និង​លោក ​ច័ន្ទ សុផល អភិបាលខេត្ត រួម​ទាំង​មន្ត្រី​នានា​នៅ​ក្នុង​ខេត្ត​ផង បាន​ចុះ​សួរសុខទុក្ខ​ប្រជា​ពលរ​ដ្ឋ​ដែល​ជឿ​ថា ​បាន​ឆ្លង​មេរោគ​អេ​ដ​ស៍​ជាង​១០០​នាក់​នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ

​ខេត្ត​បាត់​ដំបង​​ ៖ រ​ដ្ឋ​មន្ត្រី​ក្រសួង​សុខាភិ​បាល ​​លោក ​ម៉​ម ប៊ុ​ន​ហេង ​និង​លោក ​ច័ន្ទ សុផល អភិបាលខេត្ត រួម​ទាំង​មន្ត្រី​នានា​នៅ​ក្នុង​ខេត្ត​ផង បាន​ចុះ​សួរសុខទុក្ខ​ប្រជា​ពលរ​ដ្ឋ​ដែល​ជឿ​ថា ​បាន​ឆ្លង​មេរោគ​អេ​ដ​ស៍​ជាង​១០០​នាក់​នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​ធ្នូ ។​ ខណៈ​នោះ​ដែរ ​កម្លាំង​សមត្ថកិច្ច​​​ដឹកនាំ​ដោយ​លោក​ នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ​ក៏បាន​ចុះ​ឆែកឆេរ​លំនៅ​ឋាន​លោក​គ្រូ​ពេទ្យ​ឯកជន​ម្នាក់ ដែល​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​​នឹង​​សំណុំរឿង​ចម្លង​មេរោគ​អេដស៍ដល់​​អ្នក​ភូមិ​នេះ ។

ក្នុង​រយៈ​ពេល​ខ្លី​នៃ​ការ​ជួប​សួរសុខទុក្ខ​ប្រជា​​ពលរ​ដ្ឋ​ជាង​៣៥០​នាក់ ដែល​មាន​អ្នក​ឆ្លង​មេរោគ​អេ​ដ​ស៍ជាង​១០០​នាក់​ចូលរួម​ផង លោក​​រដ្ឋ​មន្ត្រី​ ម៉ម ប៊ុន​ហេង បាន​បង្ហាញ​ពី​ការ​យកចិត្ត​ដាក់​ចំពោះ​ប្រជា​ពលរដ្ឋដែល​រង​គ្រោះ​ដោយសារ​ការ​ឆ្លង​មេរោគ​អេ​ដ​ស៍​នេះ​ ។ លោករដ្ឋ​មន្ត្រី​​បាន​មាន​ប្រសា​ស​ន៍​ផ្ដល់​កម្លាំងចិត្ត​ដល់​អ្នក​ផ្ទុក​មេរោគ​អេ​ដស៍​ទាំងនោះ​ឱ្យ​​មានការ​តស៊ូ និង​កុំ​ឱ្យ​បាក់ទឹកចិត្ត​ចំពោះ​ជំងឺ​នេះ​ ។ លោកថ្លែង​ថា ក្រសួង​សុខា​ភិបាល ក៏​ដូច​អាជ្ញាធរ​ខេត្ត នឹង​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​ឱ្យ​អស់​លទ្ធភាព ទាំង​កម្លាំងចិត្ត ទាំង​កម្លាំងកាយ​ក្នុង​ការ​ជួយ​ព្យាបាល​ជូន​ប្រជា​ពលរ​ដ្ឋ​ដោយ​មិន​គិត​​កម្រៃ ។ លោករ​ដ្ឋ​មន្ត្រី​បាន​ជំរុញឱ្យ​ក្រុម​គ្រូ​​ពេទ្យ​ត្រូវ​ប្រឹងប្រែង​ថែម​ទៀត​ទាំង​ការ​ផ្ដល់​ទំនុក​ចិត្ត ទាំង​ការ​ផ្ដល់​សេ​វាព្យាបាល​ជូន​ដល់​ប្រជា​ពលរ​ដ្ឋ ។​

ជាមួយ​គ្នា​នេះ​ដែរ ​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក​ ច័ន្ទ សុផល អភិបាលខេត្ត​ ក៏​បាន​ចែក​អំណោយ​ជាស​ម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ជូន​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ប្រជា​ពលរ​ដ្ឋ​​ដែល​បាន​ចូលរួម​ប្រមាណ​៣៥០​នាក់​ផង​ដែរ ​។ នៅ​​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល​ ក្រោយ​ពី​បញ្ចប់​​ការ​សាក​​សួរសុខទុក្ខ​របស់​លោក​រ​ដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល លោក​ នួន សាន ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​ឧត្តម​សេនីយ៍ត្រី ស ថេ​ត ស្នងការ​នគរបាល​​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ប៊ុ​ណ្ណា អនុ​ប្រ​ធានា​យក​​ដ្ឋាន​​បច្ចេកទេស​វិទ្យាសាស្ត្រ​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ចុះ​ឆែក​ឆេរ​លំនៅ​ឋាន​លោក​គ្រូពេទ្យ​ឯកជន ​ឈ្មោះ​យ៉ែម ជ្រិ​ន ​នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ​ភ្លាម​ៗ​ដែរ ដើម្បី​ស្វែងរក​វត្ថុ​តាង​នានា​ដែល​ពាក់ព័ន្ធ ខណៈ​គ្រូ​ពេទ្យ​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​ស្រេចនៅ​​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត បន្ទាប់​ពី​នាំ​ខ្លួន​ទៅ​សួរនាំ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ​ធ្នូ​ ​។

លោក ​ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​​ខេត្ត​ ឱ្យ​​ដឹង​ថា ការ​ចុះ​ឆែកឆេរ​ផ្ទះ​​គ្រូពេទ្យ​ឯក​ជន​ឈ្មោះ​ យ៉ែ​ម ជ្រិ​ន អាយុ​៥៥​ឆ្នាំ​នេះ ធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល​នាយក​ដ្ឋាន​បច្ចេកវិទ្យា​សាស្ត្រ ក្រសួងមហាផ្ទៃ កម្លាំង​នគរ​បាល​បច្ចេកទេស​ស្នងការ​ដ្ឋាន​​ខេត្ត និង​មន្ត្រី​មន្ទីរ​សុខា​ភិបាល​ខេត្ត និង​​មាន​កិច្ចសហការ​ពី​ក្រុម​អង្គការ​ CPU ​ផង​ដែរ ។ លោកស្នងការ​រង​ថ្លែង​ថា មាន​តម្រុយ និង​អំណះ​អំណាង​ជា​ច្រើន​ដែល​នាំ​​ឱ្យ​មានការ​សង្ស័យ​ទៅ​លើ​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​របស់​គ្រូពេទ្យ​​រូប​នេះ​ ។ លោកគ្រូ​ពេទ្យ​ឯកជន យ៉ែម ជ្រិ​ន ត្រូវ​គេ​សង្ស័យ​ថា ​ប្រើប្រាស់​សម្ភារ​ពេទ្យ​ដដែល​ៗ​ដើម្បី​ព្យាបាល​អ្នកជំងឺ​​ជា​ច្រើន​នាក់ ជា​ហេតុ​នាំ​ឱ្យ​​មានការ​ឆ្លង​រាលដាល​នូវ​មេរោគ​អេ​ដ​ស៍​ដ៏​កាច​សាហាវ​ដល់​ប្រជា​ពលរ​ដ្ឋ​នៅ​ក្នុងភូមិ​ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា នេះ​ជា​ការ​ពិ​ត​ឬ​​បែប​ណា​​​ទេ ព្រោះ​ជា​ការងារ​បច្ចេកទេស​របស់​គ្រូពេទ្យ​ និង​មន្ត្រី​ជំនាញ ​បុ៉ន្តែ​​គ្រូពេទ្យ​ឯកជន យ៉ែ​ម ជ្រិ​ន កំពុង​សួរនាំ​នៅ​ស្នងការ​ដ្ឋាន​ខេត្ត​ហើយ​ ។

លោក​គ្រូពេទ្យ យ៉ែ​ម ជ្រិ​ន បាន​ទ​ទួល​រង​នូវ​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ធ្នូ​ ពី​សំណាក់​ជន​រង​គ្រោះ​ដែល​បាន​ឆ្លង​ជំងឺ​អេដស៍។ ពួក​​គាត់​ចោទប្រកាន់​ត្រង់​ៗ​ទៅ​លើ​គ្រូពេទ្យ ​យ៉ែម ជ្រិ​ន ថា ជា​អ្នកចម្លង​មេរោគ​អេ​ដ​ស៍ដល់​ពួក​គាត់​ តាម​រយៈ​ការ​ប្រើប្រាស់​ម្ជុលចាក់​ថ្នាំ​ច្របូក​ច្របល់។ អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៍ជា​ច្រើន​នាក់ សុទ្ធតែ​បាន​លើក​ហេតុផល​ដូច​ៗ​គ្នា​អំពី​សកម្មភាព​ចាក់​ថ្នាំ​របស់​លោក​គ្រូពេទ្យ​​រូប​នេះ ។ ពួក​គាត់​និយាយ​ថា ​គ្រូ​ពេទ្យ​​នេះ​​បាន​ប្រើ​ម្ជុល​ ឬ​ខ្សែ​សេរ៉ូម​ដដែល​ៗ​ចាក់​ឱ្យ​​អ្នកជំងឺ​ម្ដងម្នាក់​ៗ ផ្លាស់​ប្ដូរ​គ្នា​ក្នុង​ពេល​តែ​មួយ ជា​ហេតុ​នាំ​ឱ្យ​​មានការ​ឆ្លង​មេរោគ​អេ​ដ​ស៍​ដល់​មនុស្ស​ពេញ​ភូមិ​បែប​នេះ​។ អ្នកស្រី​ ក្រង់ លឿន អាយុ​៤១​ឆ្នាំ បាន​ផ្ដល់​បទ​សម្ភាសន៍​​ជាមួយ​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​ធ្នូ​ថា កូនស្រី​គាត់​អាយុ​៩​ឆ្នាំ​ម្នាក់​បាន​ឆ្លង​មេរោគ​អេ​ដ​ស៍​​​ដែរ​ ។ កូនស្រី​គាត់​ធ្លាប់​កើត​ជំងឺគ្រុនឈាម​ច្រើន​លើក​ច្រើន​សា ​ដែល​គ្រូពេទ្យ​ជ្រិ​ន ជា​អ្នក​ចាក់​ថ្នាំ​ និង​ព្យូ​រ​សេរ៉ូម​ព្យាបាល​ឱ្យ​ ​បុ៉ន្តែ​​គាត់​មិន​ដែល​ចាប់​អារ​ម្ម​ណ៍​អំពី​ការ​ប្រើប្រាស់​ម្ជុលចាក់​ថ្នាំ​​ទេ​ ។ ​​មាន​ថ្ងៃ​មួយ​ អ្នកស្រី​បានឃើញ​លោក​គ្រូពេទ្យ​ជ្រិ​ន ដក​ខ្សែ​សេរ៉ូម​ពី​អ្នកជំងឺ​ម្នាក់​ភ្លាម​ៗ មក​ចាក់​បន្ត​ឱ្យ​កូនស្រី​គាត់ ដែល​មាន​ជាប់​ឈាម​នៅ​គល់​ម្ជុល​ផង តែ​អ្នកស្រី​មិន​បាន​សួរនាំ​ទេ ព្រោះ​សំអាង​ថា ​គាត់​ជា​គ្រូពេទ្យ​ ។ ​

មក​ដល់​ពេល​នេះ ​ស្រាប់តែ​កូនស្រី​គាត់​​មាន​ផ្ទុកមេរោគ​អេ​ដ​ស៍​ ទើប​អ្នកស្រី​ចាប់​អារ​ម្ម​ណ៍ទៅ​លើ​រឿង​នេះ​ ។ ដោយឡែក ​លោក ​វិ​ន បិត អនុប្រធាន​ភូមិ​រកា បាន​​ប្រាប់​កោះសន្តិភាព​ដែរ​ថា ក្រោយ​ពេល​ផ្ទុះ​ជំងឺ​អេ​ដ​ស៍​នេះ​បាន​ប៉ុន្មាន​ថ្ងៃ លោក​គ្រូ​ពេទ្យ​ យ៉ែ​ម ជ្រិ​ន បាន​គេចខ្លួន​បាត់​ពី​មូល​ដ្ឋាន​​ដោយ​គ្មាន​ដំណឹង ​។ គ្រានោះគាត់​​បាន​ដើរ​សួរនាំ​ព័​ត៌មាន​ពី​ប្រជា​ពលរ​ដ្ឋ​ក្នុងភូមិ​ជា​ច្រើន​​នាក់​ពាក់ព័ន្ធ​នឹង​លោក​គ្រូពេទ្យ​ជ្រិ​ន​ ។ លោក​វិន បិត បញ្ជាក់​ថា អ្នក​ភូមិ​ជា​ច្រើន​នាក់​​សុទ្ធតែ​​​អះអាង​ដូច​ការ​លើក​ឡើង​របស់​ស្ត្រី​ខាងលើ​នេះ​ដែរ ។ ​តាម​ចម្លើយ​របស់​អ្នកជំងឺ​ភាគច្រើន​ប្រាប់​ថា គ្រូពេទ្យ​ជ្រិ​ន​ បាន​ប្រើ​សឺរាំង​ចាក់​ថ្នាំ​រួម​គ្នា ដោយសារ​មិន​ចង់​ចំណាយ​ប្រាក់​ទិញ​សម្ភារ​​ពេទ្យ​ច្រើន ​បុ៉ន្តែ​​​គាត់​​មិន​ទាន់​ដឹង​ថា ចម្លើយ​នេះ​ជា​ការ​ពិត​ឬ​យ៉ាងណា​​​ទេ ព្រោះ​នេះ​គ្រាន់តែ​ជា​ការ​អះអាង​របស់​ប្រជា​ពលរ​ដ្ឋ​នៅ​ក្នុងភូមិ​តែ​ប៉ុណ្ណោះ​ ។

ជុំវិញ​ការ​ឆែកឆេរ​ផ្ទះ​លោក​គ្រូពេទ្យ​ យ៉ែម ជ្រិ​ន ឯណោះ​វិញ​ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​សមត្ថកិច្ច​ និង​មន្ត្រី​ជំនាញ​​រក​ឃើញ​អ្វីខ្លះ​ដែល​ជា​ភស្ដុ​តាង​សម្រាប់​ដាក់បន្ទុក​​ទេ​ ។ បើ​តាម​លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​​ខេត្ត ដែល​កំពុង​ចុះ​ពិនិត្យ​ជាមួយ​កម្លាំង​ជំនាញ​ដែរ​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ជំនាញ និង​មន្ត្រី​សុខាភិបាល​កំពុង​​ត្រួត​ពិនិត្យ​​វត្ថុ​តាង​ជា​ច្រើន​ដែល​នៅ​រាយ​ប៉ាយ​ពាសពេញ​ដី​ទាំង​នៅ​ក្នុងផ្ទះ និង​នៅ​ក្រៅ​ផ្ទះ​គ្រូ​ពេទ្យ​​រូប​នេះ​ ។ ក្នុង​នោះ​ក៏​គេ​បាន​ប្រទះ​ឃើញ​កន្លែង​ដុត​បំផ្លាញ​កាក​សំណល់​សម្ភា​រ​ពេទ្យ​ផង​​ដែរ ដែល​គេ​សង្ស័យ​ថា កូនប្រសាគ្រូ​ពេទ្យ​នោះ​ជា​អ្នក​ដុត​ចោល​កាលពី​ថ្ងៃ​ទី​១៧ ​ធ្នូ ពេល​ដឹង​ថា ឪពុក​ខ្លួន​មាន​បញ្ហា​ ។ លោក​បន្ត​​ថា មន្ត្រី​ជំនាញ​កំពុង​តែ​ប្រមូល​យក​​​វត្ថុ​តាង​ទាំងនោះ​ទៅ​រក្សា​ទុក​ដើម្បី​ពិសោធ​ន៍​ ​បុ៉ន្តែ​​នេះ​ជា​ជំនាញ​របស់​ក្រុមបច្ចេកទេស​ពេទ្យ​សុទ្ធ​សាទ​ក្នុង​ការ​ស្វែងរក​វត្ថុ​តាង​ទាំងនេះ​ ។

បើ​តាម​ប្រភព​ពី​គ្រូ​ពេទ្យ​​​បញ្ជាក់​ថា ការ​ចុះ​ត្រួត​ពិនិត្យ និង​រក​វត្ថុ​តាង​នានា​នៅ​ក្នុងផ្ទះ​លោក​គ្រូពេទ្យ​ឯកជន​នោះ ​នៅ​​មិន​ទាន់​អាច​វាយតម្លៃ​បាន​ថា តើ​វត្ថុ​តាង​អ្វីខ្លះ​ដែល​ជាប់​ពាក់ព័ន្ធ ហើយ​​វត្ថុ​តាង​ណា​ខ្លះ​​មិន​ពាក់ព័ន្ធ​ ។ ពេល​នេះ​ក្រុមបច្ចេកទេស​គ្រាន់តែ​ប្រមូល​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន ដើម្បី​រង់​ចាំ​ពិសោធន៍​ស្វែង​រក​ការ​ពិត​​បុ៉ណ្ណោះ​ ៕