ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សពស្ត្រីខ្មែរ​ស្លា.ប់​នៅ​កូរ៉េ​ដោយ​មហិច្ឆតាប្តី​កូរ៉េចង់បាន​ប្រាក់​ធានារ៉ាប់រង ​ដឹក​មក​ធ្វើបុណ្យ​នៅស្រុកកំណើត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា បាន​ថ្លែង​ឱ្យ​ដឹង​ថា ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ដែល​មាន​ស្វាមី​ជនជាតិ​កូរ៉េ​

រាជធានី​ភ្នំពេញ ៖ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា បាន​ថ្លែង​ឱ្យ​ដឹង​ថា ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ដែល​មាន​ស្វាមី​ជនជាតិ​កូរ៉េ​បាន​ទទួលមរណភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ។ ដោយ​យោង​តាម​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៤ នៅ​ប្រទេស​កូរ៉េ​មានគ្រួសារ​មួយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​ប្រពន្ធ​ជនជាតិ​ខ្មែរ​ដែល​មាន​ផ្ទៃពោះ​៧​ខែ​ផង​នោះ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ហើយ​ប្ដី​ជនជាតិ​កូរ៉េ​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​កូរ៉េ​បាន​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ហើយ​បាន​រក​ឃើញ​ថា ប្ដី​ជនជាតិ​កូរ៉េ​រូប​នេះ​មាន​ចេតនា​សម្លាប់​ប្រពន្ធ​ជនជាតិ​ខ្មែរ តាម​រូបភាព​ជា​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​បាន​ប្រាក់​សំណង​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត​ប្រពន្ធ​ដែល​មាន​ចំនួន​ជិត​៩​លាន​ដុល្លារ​អា​មេ​រិ​ក​។ បច្ចុប្បន្ន​នគរបាល​កូរ៉េ​បាន​ចាប់ខ្លួន​ប្ដី​កំណាច​ឃោរឃៅ​នេះ​ហើយ ។
ស្ត្រី​ខ្មែរ​រង​គ្រោះ​រហូត​ដល់​បាត់​បង់ជីវិត​នេះ​មានឈ្មោះ​អី​ុ សី​ុ​ឡែ​ន មានស្រុក​កំណើត​នៅ​ភូមិ​ក្ដ​ល់​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដែល​បាន​រៀប​ការ និង​រស់នៅ​ជាមួយ​ប្ដី​ជនជាតិ​កូរ៉េ​នៅ​ឆ្នាំ​២០០៨ រហូត​មក​ដល់​ពេល​នេះ​មានកូន​ស្រី​ម្នាក់​អាយុ​៥​ឆ្នាំ ។ នៅ​ថ្ងៃ​កើតហេតុ​កូនស្រី​នេះ​មិន​ស្ថិត​ក្នុង​រថយន្ត​ជាមួយ​ឪពុក​ម្ដាយ​ទេ ។

លោក កុយ គួ​ង បន្ត​ថា ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ណែនាំ​ស្ថានទូត​កម្ពុជា​ឱ្យ​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជូន​គ្រួសារ​សព និង​សំណង​សម្រាប់​ចិញ្ចឹម​កូនស្រី​ដែល​នៅ​រស់រាន​មានជីវិត ។ ចំពោះ​ករណី​ខាងលើ​នេះ លោក​ជំទាវ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​ទូរទស្សន៍​កូរ៉េ​ល្បី​ៗ​មួយ​ចំនួន​គ្រោង​ធ្វើ​ដំណើរ​មក​កម្ពុជា​ដើម្បី​ថត​និង​សម្ភាសន៍​គ្រួសារ​សព​ស្ត្រី​រង​គ្រោះ​នៅ​ខេត្ត​ត្បូងឃ្មុំ​នា​ពេល​ខាង​មុខ​នេះ ។

តាម​ប្រភព​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​កូរ៉េ​បានឱ្យ​ដឹង​ថា ករណី​ស្ត្រី​ខ្មែរ​ដែល​ត្រូវ​បុរស​ជា​ប្ដី​កូរ៉េ​ប្រើ​ល្បិច​សម្លាប់​ដើម្បី​បាន​ប្រាក់​ធានា​រ៉ាប់រង​ជីវិត​នោះ​គឺ​បានឱ្យ​ស្ត្រី​ជា​ប្រពន្ធ​លេបថ្នាំ​ងងុយដេក​រួច​បើករថយន្ត​ទៅ​បំ​បុក​រថយន្ត​ដឹក​ទំនិញ​ចំណុះ​៨​តោន បណ្ដាល​ឱ្យ​ស្លាប់​នាង​ជា​ប្រពន្ធ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ សីហា កន្លង​មក ។

ជា​ការ​កត់សម្គាល់​បុរស​ជនជាតិ​កូរ៉េ​រូប​នេះ​ធ្លាប់​រៀប​ការ​ជាមួយ​ស្ត្រី​កូរ៉េ​ដូច​គ្នា​មានកូន​ស្រី​ម្នាក់​ដែល​ពេល​នេះ​មាន​អាយុ​១៦​ឆ្នាំ​ហើយ ។ បន្ទាប់​មក​ធ្លាប់​រៀប​ការ​ជាមួយ​ស្ត្រីជន​ជាតិចិន និង​ឆ្នាំ​២០០៨ បាន​រៀប​ការ​ជាមួយ​ស្ត្រី​ខ្មែរ​ដែល​ជា​ជន​រង​គ្រោះ​នេះ ។ គេ​មិនដឹង​ថា រវាង​ប្រពន្ធ​កូរ៉េ និង​ចិន​លើក​មុន​ៗ​នោះ​បាន​លែងលះ​គ្នា​ឬ​បែប​ណា​នោះ​ទេ ។

លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា រូប​លោក​បាន​ចាត់​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​កាន់​លំនៅ​ឋាន​របស់​ឪពុក​ម្ដាយ​សព​ស្ថិត​នៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ដោយ​បាន​សួរនាំ​រក​ប្រភព​ព័ត៌មាន​ពី​ក្រុម​សាច់ញាតិ​នៃ​សព ។ គ្រានោះ​ត្រូវ​បាន​ស្ត្រី​ជា​ម្ដាយ​ឈ្មោះ អោ​ក សា​វ៉េ​ង អាយុ​៥៤​ឆ្នាំ និង​បុរស​ជា​ឪពុក​ឈ្មោះ អី​ុ​ម អុ​ី អាយុ ៥៦​ឆ្នាំ មាន​ក្តី​រន្ធត់​ក្នុង​ចិត្ត​បង្ហូរទឹកភ្នែក​គ្រប់​គ្នា​ក្រោយ​ពី​បានដឹង​ថា កូនស្រី​ឈ្មោះ អុ​ី ស៊ី​ឡែ​ន អាយុ​២៥​ឆ្នាំ បាន​ស្លាប់​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​កូរ៉េ​នោះ ។

បើ​តាម​ប្រភព​ពី​លោក​អនុសេនីយ៍ឯក អ៊ុ​ក ពៅ អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ បានឱ្យដឹង​ថា តាម​ដំណឹង​ថា សព​អាច​ដឹក​តាម​យន្តហោះ​មក​ដល់​កម្ពុជា​នៅ​យប់​ថ្ងៃ​ទី​២៨ វិច្ឆិកា ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ហើយ​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា នឹង​មាន​មន្ត្រី​ស្ថានទូត​កូរ៉េ​ខាងត្បូង​អញ្ជើញ​ទៅ​សួរសុខទុក្ខ​ដល់​គ្រួសារ​សព​ផង​ដែរ ៕