ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពារ​វប្ប​ធម៌​ខ្មែរ​ ក្រសួង​វប្ប​ធម៌​នឹង​ចាត់​ការ​លើ​ពិធី​បែប​សាសនា​វៀត​ណាម​លើ​ភ្នំ​បូក​គោ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​ចាត់វិធានការ​ចំពោះ​អ្នក​ដែល​រៀបចំ​ពិធី​បែប​សាសនា​របស់​ជនជាតិ​វៀតណាម​នៅ​លើ​ភ្នំ​បូកគោ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ​របស់​ខ្មែរ ។

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​ចាត់វិធានការ​ចំពោះ​អ្នក​ដែល​រៀបចំ​ពិធី​បែប​សាសនា​របស់​ជនជាតិ​វៀតណាម​នៅ​លើ​ភ្នំ​បូកគោ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ​របស់​ខ្មែរ ។ លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​បែប​នេះ ក្រោយ​ពី​ជំនួប​បិទទ្វារ​ជាមួយ​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​អស់​រយៈពេល​ជិត​៣​ម៉ោង នា​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា នៅ​វិមាន​រដ្ឋសភា ។ លោក​ជំទាវ​រដ្ឋមន្ត្រី​បញ្ជាក់​ថា «​យើង​នឹង​ចាត់​ឱ្យ​មន្ត្រី​របស់​យើង​ចុះ​ទៅ​មើល​កន្លែង​ដែល​ជនជាតិ​វៀតណាម​យក​ទីតាំង​ធ្វើ​ជា​កន្លែង​គោរព​បូជា​សាសនា​របស់​ខ្លួន​នៅ​លើ​ភ្នំ​បូកគោ ។

បើ​តាម​យើង​ដឹង កន្លែង​ដែល​ជនជាតិ​វៀតណាម​ធ្វើ​នោះ​ជា​កន្លែង​គេ​មាន​ជំនឿ​ថា​ស័ក្តិសិទ្ធិ ។ ប៉ុន្តែ​យើង​នឹង​ទៅ​កន្លែង​នោះ​ផ្ទាល់​ថា វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វប្បធម៌​ជាតិខ្មែរ​យើង​យ៉ាងណា​ខ្លះ​» ។ លោក យ៉ែ​ម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​បាន​លើក​ឡើង​ថា លោក​ក៏​ដូច​ជា​តំណាង​គណៈកម្មការ​នានា បាន​សាកសួរ​លោក​ជំទាវ​រដ្ឋមន្ត្រី​ជា​ច្រើន​ទាក់ទង​នឹង​វប្បធម៌​ពិសេស​នោះ ការ​ដែល​ជនជាតិ​វៀតណាម​យក​កន្លែង​ធ្វើ​ពិធី​ផ្សេង​ៗ​នៅ​លើ​ភ្នំ​បូកគោ និង​ទុក្ខ​កង្វល់​របស់​ជនជាតិភាគតិច​នៅ​តំបន់​អា​រ៉ែ​ង និង​ស្នើ​ឱ្យ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បញ្ចូល​កម្មវិធី​សិក្សា​ទាក់ទង​នឹង​ផ្នែក​សិល្បៈ ឧបករណ៍​តូ​រ​តន្ត្រីបុរាណ​របស់​ខ្មែរ​ដែល​ជា​សម្បត្តិ​វប្បធម៌​របស់​ជាតិ ។ 

ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​នៅ​តំបន់​អា​រ៉ែ​ង លោក​ជំទាវ​រដ្ឋមន្ត្រី​ពុំ​ទាន់​ទទួល​បាន​ពាក្យបណ្តឹង ក៏​ដូច​ជា​ឯកសារ​ជា​ផ្លូវការ ឬ​ជាក់លាក់​នោះ​ទេ​។ ប៉ុន្តែ​បន្ទាប់​ពិភាក្សា​គ្នា​នេះ​ទៅ ក្រសួង​នឹង​ចុះ​ទៅ​ពិនិត្យ​នៅ​តំបន់​អា​រ៉ែ​ង​នោះ​ផ្ទាល់​ថា តើ​ប៉ះពាល់​ដល់​វប្បធម៌​អ្វីខ្លះ ។ ការ​ស្នើ​សុំ​ឱ្យ​មានការ​បញ្ចូល​ផ្នែក​សិល្បៈ​ឧបករណ៍​តូ​រ​តន្ត្រីបុរាណ​របស់​ខ្មែរ​ដែល​ជា​សម្បត្តិ​វប្បធម៌​របស់​ជាតិ​នោះ លោក​ជំទាវ​រដ្ឋមន្ត្រី​នឹង​ពិភាក្សា​ជាមួយ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​ដើម្បី​ដាក់​បញ្ចូល​ក្នុង​កម្ម​វិធិ​សិក្សា​ចាប់ពី​ពេល​នេះ​តទៅ ។ លោក យ៉ែ​ម បុញ្ញឫទ្ធិ ក៏​បាន​ស្នើ​ឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គិតគូរ​ពី​កម្មសិទ្ធិបញ្ញា​ផង​ដែរ និង​ស្នើ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​បន្ថែម​ថវិកា​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​ជា​ក្រសួង​មួយ​សំខាន់​ក្នុង​ការ​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដូច្នេះ​ត្រូវការ​មធ្យោបាយ និង​មន្ត្រី​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព ។

លោក​ជំទាវ​រដ្ឋមន្ត្រី​ថ្លែង​ថា គោលនយោបាយ​របស់​ក្រសួង គឺ​ថែរក្សា​វប្បធម៌​ទាំង​រូបី និង​អរូបី និង​បញ្ចូល​ទៅ​ក្នុង​វិស័យ​អប់រំ​ដើម្បី​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ដឹក​ពី​វប្បធម៌​ជាតិ និង​ការ​ពង្រឹងសមត្ថភាព​ស្ថាប័ន និង​ដៃគូ​នានា​។ លោក​ជំទាវ​បញ្ជាក់​ថា បញ្ហា​អាទិភាព​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គឺ​ការ​ចុះបញ្ជី​សារពើពន្ធ​បេតិកភណ្ឌ​រូបី និង​អរូបី ទាំងអស់​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ។ ពិសេស​នោះ នៅ​ដើមឆ្នាំ​២០១៥ ក្រសួង​នឹង​ចុះបញ្ជី​បេ​តិ​ភណ្ឌ​ពិភពលោក​នូវ​ប្រាសាទសំបូរព្រៃគុក​នៅ​ខេត្តកំពង់ធំ នៅ​អង្គការ​យូ​ណេ​ស្កូ និង​រៀបចំ​ការ​ចុះបញ្ជី​នូវ​បេតិកភណ្ឌ​ផ្នែក​មនុស្សជាតិ ចាប៉ី​ដង​វែង ៕