ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ថវិកា​៧លាន​ដុល្លារ​១​ឆ្នាំ​ នីតិ​វិធី​ឃាត់​ខ្លួន​សាក​សួរ​២​ថ្ងៃ​ត្រូវ​នាំ​ឡើង​តុលាការ​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ឱម យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​មាន​កញ្ចប់​ថវិកា​ឯករាជ្យ​របស់​ខ្លួន​ដែល​រាជរដ្ឋា​ភិ​បាល​ផ្តល់​ឲ្យ​ស្មើនឹង​០,០២%​នៃ​ថវិកាជាតិ ។

រាជធានី​ភ្នំពេញ ៖ លោក ឱម យិ​ុ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​មាន​កញ្ចប់​ថវិកា​ឯករាជ្យ​របស់​ខ្លួន​ដែល​រាជរដ្ឋា​ភិ​បាល​ផ្តល់​ឲ្យ​ស្មើនឹង​០,០២%​នៃ​ថវិកាជាតិ ។ ក្នុង​ឆ្នាំ​២០១៣ កន្លង​ទៅ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​បាន​ទទួល​ថវិកា​ពី​រាជរដ្ឋាភិបាល​សរុប​ប្រមាណ​៧​លាន​ដុល្លារ​អា​មេ​រិ​ក ។ កញ្ចប់​ថវិកា​ទាំងនេះ​ត្រូវ​បាន​ប្រើប្រាស់​លើ​ផ្នែក​ផ្សេង​ៗ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) រួម​មាន​ប្រាក់ខែ​បុគ្គលិក ដំណើរការ​ស៊ើបអង្កេត ការ​ឃាត់ខ្លួន សាកសួរ​ចម្លើយ និង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ។

លោក ឱម យិ​ុ​ន​ទៀង បាន​ថ្លែង​បែប​នេះ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​ប្រទេស​ឡាវ ដឹកនាំ​ដោយ​លោក ខាំ​ស្កុ​ក ប៊ុ​ន​ហ្គា​វង្ស (Khmascuk Boungavong) ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ ។ បន្ទាប់​ពី​កិច្ច​ពិភាក្សា​ជាមួយ​សម​ភាគី​នៅ​អង្គភាព ACU គណៈប្រតិភូ​ប្រឆាំង​អំពើ​ពុក​រលួយ​ឡាវ​ក៏​បាន​ចូល​ពិនិត្យ​បន្ទប់​សួរ​ចម្លើយ និង​បន្ទប់​ឃុំឃាំង​អ្នកទោស​នៅ​ទីស្តីការ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ ។ យោង​តាម​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) បាន​បញ្ជាក់​ថា គណៈប្រតិភូ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​ប្រទេស​ឡាវ​ដឹកនាំ​ដោយ​លោក ខាំ​ស្កុ​ក ប៊ុ​ន​ហ្គា​វង្ស (Khmascuk Boungavong) បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៤​ដល់​ថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០១៤ ។

កិច្ច​ពិភាក្សា​ទ្វេភាគី​នេះ ភាគី​កម្ពុជា និង​ឡាវ បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ​រវាង​អង្គភាព​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ។ លោក ឱម យិ​ុ​ន​ទៀង បាន​ថ្លែងប្រាប់​គណៈប្រតិភូ​ឡាវ​ថា បន្ទាប់​ពី​ការ​ចាប់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​នាំ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ដើម្បី​សួរ​ចម្លើយ បន្ទាប់​មក​ឃុំខ្លួន​រយៈពេល​២​ថ្ងៃ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) និង​បន្ទាប់​មក​ទៀត​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចោទប្រកាន់​តាម​ច្បាប់ ។ នៅ​ក្នុង​បន្ទប់​សួរ​ចម្លើយ​មាន​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ ហើយ​គេ​មិន​អាច​ប្រើ​ទណ្ឌកម្ម​ខ្លាំង​ដល់​អ្នកទោស​ទេ តែ​បន្ថែម​ភាព​ត្រជាក់​ខ្លាំង​បន្តិច​ប្រសិនបើ​មិន​ព្រម​ឆ្លើយ ។

លោក ឱម យិ​ុ​ន​ទៀង បាន​ថ្លែង​ថា នៅ​ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ធ្វើការ​សាកសួរ​ជនជាប់ចោទ​មិន​ទាន់​ចប់​ទេ មិន​អាច​បន្ត​ឃុំខ្លួន​ក្នុង​បន្ទប់​សួរ​ចម្លើយ​ទេ ត្រូវ​យក​មនុស្ស​ទៅ​ដាក់​ចូល​ក្នុង​រថយន្ត​ដោយ​បញ្ឆេះ​ម៉ាស៊ីនរថយន្ត ព្រោះ​ច្បាប់​ចែង​ថា ធ្វើ​ដំណើរ​គេ​មិន​គិត​ពី​ម៉ោង​ទេ មុន​បញ្ជូន​ទៅ​តុលាការ​។ ករណី​ខ្លះ​ត្រូវ​បញ្ជូន​ជនសង្ស័យ​ទៅ​ដល់​សាលាដំបូង​ខេត្តសៀមរាប ដែល​ត្រូវ​ចំណាយពេល​ពី​៧​ម៉ោង​ទៅ​៨​ម៉ោង ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​ប្រឆាំង​អំពើ​ពុក​រលួយ​ឡាវ​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​គណៈកម្មការ​ត្រួតពិនិត្យ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រសួង​-​ស្ថាប័ន​ចំនួន​បី​ផ្សេង​ទៀត រួម​មាន ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អគ្គសវនកម្ម​នៃ​អាជ្ញាធរ​សវន​កម្ម​ជាតិ និង​ក្រសួងយុត្តិធម៌ ។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ជាមួយ​អាជ្ញាធរ​អធិការកិច្ច​រដ្ឋ និង​ប្រឆាំង​អំពើ​ពុក​រលួយ​ឡាវ កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ ៕