ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង ប្រឹងរៀន​ព្រះធម៌​យក​សញ្ញាបត្ររសាត់​ឆ្ងាយ​ពី​ពិភព​សិល្បៈ ឆ្ងាយ​កាន់តែ​ឆ្ងាយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​អតីត​តារាចម្រៀង​លោក​ឆោម ប៊ុ​ន​យ៉ុ​ង នៅ​មិន​ទាន់​លាចាក​សិក្ខាបទ ហើយ​វិល​ចូល​ពិភព​សិល្បៈ​វិញ​ទេ បន្ទាប់​ពី​បាន​សាង​ផ្នួស​ជិត​២​វស្សា​មក​ហើយ​នៅ​វត្ត​ព្រះ​ធម្ម​លង្កា ស្ថិត​ក្នុង​ខេត្តកំពង់ចាម ។

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​អតីត​តារាចម្រៀង​លោក​ឆោម ប៊ុ​ន​យ៉ុ​ង នៅ​មិន​ទាន់​លាចាក​សិក្ខាបទ ហើយ​វិល​ចូល​ពិភព​សិល្បៈ​វិញ​ទេ បន្ទាប់​ពី​បាន​សាង​ផ្នួស​ជិត​២​វស្សា​មក​ហើយ​នៅ​វត្ត​ព្រះ​ធម្ម​លង្កា ស្ថិត​ក្នុង​ខេត្តកំពង់ចាម ។

ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង បាន​សម្រេចចិត្ត​សាង​ផ្នួស​ចំនួន​ពីរ​លើក បន្ទាប់​ជួប​ស្នេហា​ប្រេះឆា​២​លើក​ដែរ ។ រយៈពេល​ជិត​២​វស្សា ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង បាន​ដាក់ចិត្ត ដាក់​កាយ​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនា ដើម្បី​ចៀស​ឆ្ងាយ​ពី​ទុក្ខ​ទាំងឡាយ និង​ផ្តាច់​ចេញពី​ពិភព​សិល្បៈ​ទាំងស្រុង ។ បច្ចុប្បន្ន​ភិក្ខុ​អតីត​ជា​អ្នកចម្រៀង​អង្គ​នេះ កំពុង​តែ​សាង​សេចក្តី​ស្ងប់​ជាមួយ​ព្រះធម៌ ហើយ​មាន​បំណង​រៀន​ធម៌​យក​សញ្ញាបត្រ​ទៀត​ផង ។

លោក​សុះ មា​៉​ច ប្រធាន​សមាគម​សិល្បករ​ខ្មែរ និង​ជា​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា លោក​បាន​ជួប​ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង ដោយ​ចៃដន្យ​នៅ​ខេត្តសៀមរាប ហើយ​សួរ​ថា ថ្ងៃ​ណា​លាចាក​សិក្ខាបទ ។ ជា​ចម្លើយ ភិក្ខុ​ប៊ុ​ន​យ៉ុ​ង បញ្ជាក់​ថា ព្រះ​អង្គ​បាន​ស្ងប់​ជាមួយ​ព្រះធម៌ លុះ​នឹង​ព្រះធម៌ មាន​និស្ស័យ​ខ្លាំង​ជាមួយ​ព្រះធម៌​ទៅ​ហើយ ម្យា​៉​ង​ទៀត​ព្រះ​អង្គ​ចង់​រៀន​ព្រះធម៌​យក​សញ្ញាបត្រ ដូច្នេះ​មិន​ច្បាស់​ពេល​ណា​លាចាក​សិក្ខាបទ​វិញ​ទេ ។ ចំពោះ​អាជីព​សិល្បៈ​ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង មាន​ថេរ​ដីកា​ថា ទុក​ឱ្យ​អ្នក​ជំនាន់​ក្រោយ​និង​លោក​សុះ ម៉ាច ទៅ​ចុះ ។

លោក​សុះ ម៉ាច យល់​ថា ថេរ​ដីកា​របស់​ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង បែប​នោះ​មាន​ន័យ​ថា ព្រះ​អង្គ​ដាក់​ព្រះ​កាយ​ឃ្លាត​កាន់តែ​ឆ្ងាយ​ពី​ពិភព​សិល្បៈ ហើយ ប្រហែលជា​មិន​ត្រឡប់​វិញ​ទេ ។

លោក​សុះ មា​៉​ច បញ្ជាក់​ថា មូលហេតុ​ដែល​ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង សម្រេចចិត្ត​សាង​ផ្នួស ដោយសារ​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ ។ ពី​ដំបូង​លោក​សុះ ម៉ាច គ្រាន់តែ​ជូន​ភិក្ខុ​ឆោម ប៊ុ​ន​យ៉ុ​ង ទៅ​វត្ត​ដែល​ធ្លាប់​បួស​ពី​មុន ដើម្បី​ស្រោច​ទឹក​រំដោះគ្រោះ ប៉ុន្តែ​ស្រាប់តែ​ព្រះ​អង្គ​សម្រេចចិត្ត​សាង​ផ្នួស​តែ​ម្តង ។ តារាចម្រៀង​លោក​ឆោម បុ​៊​ន​យ៉ុ​ង មុន​សាង​ផ្នួស​ធ្លាប់​សាង​ស្នេហា​ជាមួយ​តារា​សម្តែង​ជើង​ចាស់​អ្នក​នាង​ប៉ែន សុ​ផា​នី ហើយ​បន្ទាប់​ពី​ប្រេះឆា​គ្នា លោក​ក៏​ទៅ​សាង​ផ្នួស​រយៈពេល​២​ឆ្នាំ​នៅ​ឆ្នាំ​២០០៦​ដល់​២០០៨ ។ ក្រោយ​លាចាក​សិក្ខាបទ​វិញ​លោក​ឆោម ប៊ុ​ន​យ៉ុ​ង និង​អ្នក​នាង​ប៉ែន សុ​ផា​នី ផ្សះផ្សា​ចំណង​ស្នេហ៍​ជា​ថ្មី តែ​រហូត​ដល់​ចុងឆ្នាំ​២០១០ ចំណង​ស្នេហ៍​នោះ​ក៏​ដាច់ដោច​ទៅ​វិញ ។

ក្រោយមក​លោក​ឆោម ប៊ុ​ន​យ៉ុ​ង សាង​ស្នេហ៍​ជាមួយ​អ្នក​ម្នាង​កែវ សោ​ម៉ា វ័យ​៣៧​ឆ្នាំ និង​បាន​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​តាម​ទំនៀមទម្លាប់​ប្រពៃណី នៅ​ថ្ងៃ​ទី​១៨ សីហា ២០១១ ។ គូស្នេហ៍​នេះ​គ្រោង​រៀប​ការ​នៅ​ខែមេសា ឆ្នាំ​២០១២ ប៉ុន្តែ​ភ្លើង​ស្នេហ៍​រលត់ អាពាហ៍ពិពាហ៍​មិនកើត​ឡើង​ទេ ។

បន្ទាប់​ពី​ជួប​ស្នេហ៍​មិន​សមប្រកប​ជា​លើក​ទី​ពីរ​នោះ ស្រាប់តែ​លេចមុខ​លោក​ឆោម ប៊ុ​ន​យ៉ុ​ង ក្នុង​ថ្ងៃ​ដង្ហែ​ព្រះ​បរមសព ព្រះ​បរម​រតន​កោដ្ឋ ក្នុង​សភាព​គ្រង​ស្បង់​ចីពរ ជា​សាម​ណ​សង្ឃ​នៅ​ក្បែរ​រូបសំណាក​លោកយាយ​ពេញ ។

ចាប់តាំងពី​ពេល​នោះ​មក​គេ​មិន​បានឃើញ​មុខ​លោក​ឆោម ប៊ុ​ន​យ៉ុ​ង លើ​ឆាក​តន្ត្រី​នានា​ទៀត​ឡើយ ដោយសារ​តែ​ក្នុង​ភាព​ជា​ព្រះសង្ឃ​បាន​គង់នៅ​វត្ត​មួយ​នា​ខេត្តកំពង់ចាម​រហូត​មក​ដល់​សព្វថ្ងៃ ៕