ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេច​សាលា សេពគប់​មិត្តភក្តិ​មិនល្អ ចូល​ខា​រ៉ាអូ​ខេ​…​ជា​រឿង​ពី​មុន កញ្ញា​អិុ​ន សុម៉ាលី កែខ្លួន​ខំប្រឹង​រៀនសូត្រ​ក្លាយជា​និស្សិត​ឆ្នើម

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញាអិុ​ន សុ​ម៉ា​លី អាយុ​២២​ឆ្នាំ ជា​និស្សិត​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ឆ្នាំ​ទី​៤ ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​រៀន​បាន GPA 4.0 តាំងពី​ឆ្នាំ​ទី​១​រហូត​ដល់​ឆ្នាំ​ទី​៣ ។

រាជធានី​ភ្នំពេញ ៖ កញ្ញាអិុ​ន សុ​ម៉ា​លី អាយុ​២២​ឆ្នាំ ជា​និស្សិត​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ឆ្នាំ​ទី​៤ ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​រៀន​បាន GPA 4.0 តាំងពី​ឆ្នាំ​ទី​១​រហូត​ដល់​ឆ្នាំ​ទី​៣ ។ លើស​ពី​នេះ​ទៅ​ទៀត​សុ​ម៉ា​លី ជា​និស្សិត​អាហារូបករណ៍​នៅ​សាកល​វិទ្យា​ល័យ​ពុទ្ធិ​សាស្ត្រ ឆ្នាំ​ទី​៤ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស ។

«​កាលពី​ខ្ញុំ​រៀន​ថ្នាក់​ទី​៨, មិត្តភក្តិ​របស់ខ្ញុំ​តែងតែ​បបួល​គេច​សាលា​មិន​ចូល​រៀន ដើរ​លេង សេពគប់​មិត្តភក្តិ​មិនល្អ ចូល​ខារ៉ាអូខេ និង​មាន​សង្សារ ពីព្រោះ​បើ​ខ្ញុំ​មិន​ធ្វើ​តាម​មិត្តភក្ដិ​របស់ខ្ញុំ ពួក​គេ​នឹង​ឈប់​រាប់អាន​ខ្ញុំ​តទៅ​ទៀត​»​។   ដោយសារ​តែ​យុវតី​រូប​នេះ​មានគំនិត​ក្មេងខ្ចី ចិត្ត​ស្រាល មិន​យល់​អ្វី​ល្អ អ្វី​អាក្រក់ ស្រឡាញ់​មិត្តភក្តិ​ជាង​ឪពុក​ម្តាយ ធ្វើ​ឱ្យ​លង់ខ្លួន​ក្នុង​ភាព​មិន​ត្រឹមត្រូវ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ធ្វើ​អ្វី​ដើម្បី​តែ​បំពេញចិត្ត​មិត្តភក្ដិ ។

«​នៅ​ថ្នាក់​ទី​៩ បងស្រី និង​ឪពុក​ម្តាយ​របស់ខ្ញុំ​បានដឹង​ពី​រឿង​ខ្ញុំ​មិន​ចូល​សាលា ទោះបីជា​ឪពុក​ម្តាយ​របស់ខ្ញុំ​បានដឹង​ពី​រឿង​នេះ​ក៏​ដោយ ក៏​ពួក​គាត់​មិន​បាន​ស្ដីបន្ទោស និង​វ៉ៃ​ខ្ញុំ​ដែរ ប៉ុន្តែ​ទឹកមុខ​របស់​ពួក​គាត់​ប្រែជា​ស្រពោន និង​សោកសៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ខ្ញុំ​អាច​ដឹង​ថា ពួក​គាត់​កំពុង​តែ​ពិបាកចិត្ត និង​អស់សង្ឃឹម​យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ ។ ចំណែក​បងស្រី​របស់ខ្ញុំ គាត់​បាន​ស្ដីបន្ទោស​យ៉ាង​ខ្លាំង និង​ប្រៀនប្រដៅ​ខ្ញុំ​ឱ្យ​ដើរ​ផ្លូវត្រូវ​ឡើង​វិញ ហើយ​គាត់​ក៏​បាន​ប្តូរ​ថ្នាក់ និង​ប្តូរ​វេន ដើម្បី​កុំឱ្យ​ខ្ញុំ​បាន​ជួប​ជាមួយ​មិត្តភក្ដិ​របស់ខ្ញុំ​ទៀត​» ។ ដោយសារ​តែ​នៅ​ថ្នាក់​ថ្មី យុវតី​​អិុ​ន សុម៉ាលី មិន​មាន​មិត្តភក្ដិ ហើយដោយ​សារ​តែ​ខ្លាច​ប្រឡង​ធ្លាក់ ក៏​ភ្ញាក់រលឹក​ខ្លួន ខំរៀន​គួ​បន្ថែម រហូត​ដល់​ប្រឡង​ជាប់​ថ្នាក់​ទី​៩ ទទួល​បាន​និទ្ទេស​ល្អ​បង្គួរ ។

​អិុ​ន សុម៉ាលី គិត​ថា​ខ្លួន​មិន​អាច​ប្រឡង​ជាប់​ទេ ប៉ុន្តែ​ជា​លទ្ធផល​នាង​ទទួល​បាន​នូវ​អ្វី​ដែល​នាង​មិន​នឹក​ស្មាន​ដល់ ។ ដោយ​ឈរ​លើ​ហេតុផល​នេះ នាង​គិត​ថា បើ​ទោះបីជា​នាង​ទើបតែ​ចាប់ផ្តើម​រៀន​ក៏​ដោយ មាន​តែ​ការ​ខិតខំ​ប្រឹងប្រែង​របស់​នាង​ទេ ដែល​អាច​ធ្វើ​ឱ្យ​នាង​ទទួល​បាន​ជោគជ័យ ។ ចាប់ពី​ពេល​នោះ​មក  សុម៉ា​លី ចេះ​ស្រឡាញ់​ការ​ប្រកួតប្រជែង ហើយ​បាន​ពង្រឹងសមត្ថភាព​របស់​ខ្លួន ពី​ចំណាត់ថ្នាក់​លេខ​៤០ រហូត​ដល់​ទទួល​បាន​លេខ​១​ក្នុង​ថ្នាក់ ។

យុវតី​អិុ​ន សុម៉ាលី រៀបរាប់​ទាំង​ទឹកមុខ​ញញឹម​ថា «​ដោយសារ​តែ​ខ្ញុំ​មិនសូវ​ឆ្លាត​ដូច​មិត្ត​រួម​ថ្នាក់​ដទៃ​ទៀត ខ្ញុំ​បាន​លះបង់​ពេលវេលា​មើល​ទូរទស្សន៍ និង​សម្រាក​ដើម្បី​មើលសៀវភៅ​បន្ថែម​នៅផ្ទះ ដោយ​ខ្ញុំ​គិត​ថា សម្រាប់​អ្នក​ឆ្លាត​គេ​អាច​រៀន​បន្ថែម​នៅផ្ទះ​ត្រឹមតែ​កន្លះ​ម៉ោង ទៅ​១​ម៉ោង ក៏​អាច​យល់​បាន​ដែរ ប៉ុន្តែ​សម្រាប់​ខ្ញុំ​វិញ ត្រូវ​ព្យាយាម និង​ប្រើប្រាស់​ពេលវេលា ពី​២​ម៉ោង​ទៅ​៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ​» ។ បើ​ទោះបីជា​លំបាក​យ៉ាងណា ក៏​យុវតី​ម្នាក់​នេះ​មិន​បោះបង់​ការ​ប្រឹងប្រែង​នេះ​ដែរ ។

នៅ​វិស្សមកាល សិស្ស​ភាគច្រើន​ឈប់​សម្រាក​នៅផ្ទះ ប៉ុន្តែ​សម្រាប់​យុវតី​អិុ​ន សុម៉ាលី វិញ​ប្រើប្រាស់​ពេលវេលា​នេះ ដើម្បី​រៀន​គួ​បន្ថែម​ពី​ម៉ោង​៧​ព្រឹក​រហូត​ដល់​ម៉ោង​៦​យប់ ដោយ​ខ្ចប់​បាយ​ទៅ​ញុំ​ា​នៅ​សាលា​ទៀត​ផង ។ នាង​តែងតែ​ទំលាប់​ចូល​គេង​ម៉ោង​១១​យប់ ហើយ​ក្រោក​ពី​គេង​ម៉ោង​៤​ភ្លឺ ដើម្បី​រំលឹក​មេរៀន​សា​ឡើង​វិញ ។

ថ្ងៃមួយ​នៅ​ពេល​ដែល​ងើប​ពី​គេង​ម៉ោង​៤ ដើម្បី​រៀន សុមា​៉​លី បានឃើញ​ម្តាយ​របស់​នាង​ងើប​ពី​សម្រាន្ត​រៀបចំ​អីវ៉ាន់​សម្រាប់​លក់​ទាំង​ងងុយ ជាមួយនឹង​ទឹកមុខ​ស្លេកស្លាំង និង​អស់កម្លាំង ដូច្នេះ​ហើយ​នាង​យល់​ឃើញ​ថា ការ​ងើប​ពី​ព្រលឹម​គឺ​មិនមែន​ជា​ភាព​ងាយស្រួល​ទេ ដូចនេះ​នាង​អាណិតអាសូរ​ម្តាយ​របស់​នាង​។ ជា​ពិសេស​សុ​ម៉ា​លី គិត​ថា នាង​បាន​សិក្សា​រៀនសូត្រ​មក​ដល់​សព្វ​ថ្ងៃនេះ គឺ​ដោយសារ​តែ​ភាព​នឿយហត់ និង​ញើស​ឈាម​របស់​ម្តាយ​នាង ។

ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​ម្តាយ យុវតី​អិុ​ន សុម៉ាលី បាន​ប្ដេជ្ញា​ចិត្ត​ថា នៅ​ថ្នាក់​ទី​១២ នាង​នឹង​យក​និទ្ទេស​A ឱ្យ​បាន​ដើម្បី​ទទួល​បាន​អាហារូបករណ៍ ពីព្រោះ​មាន​តែ​វិធី​នេះ​ទេ ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​ម្តាយ​បាន ។

«​មិត្តភក្តិ​របស់ខ្ញុំ សួរ​មក​ខ្ញុំ​ថា តើ​ខ្ញុំ​មិន​ហត់​នឹង​ការ​រៀន​ច្រើន​ម៉ោង​បែប​នេះ​ទេ​ឬ ?  ពីព្រោះ​វា​អាច​ធ្វើ​ឱ្យ​សុខភាព​របស់ខ្ញុំ​អន់​ខ្សោយ ប៉ុន្តែ​ខ្ញុំ​បាន​តប​ទៅ​មិត្តភក្ដិ​របស់ខ្ញុំ​វិញ​ថា ការ​រៀន​ច្រើន​ម៉ោង​បែប​នេះ វា​មិន​ស្មើនឹង​ភាព​នឿយហត់​របស់​ឪពុក​ម្តាយ​របស់ខ្ញុំ ក្នុង​ការ​ស្វែងរក​ចំណូល​ដើម្បី​បញ្ជូន​ខ្ញុំ​ទៅ​រៀន​នោះ​ឡើយ​» ។

សុ​ម៉ា​លី បាន​ពោល​ថា នាង​ចង់ឱ្យ​ឪពុក​ម្តាយ និង​បងស្រី​របស់​នាង​មាន​មោទនភាព និង​អធ្យាស្រ័យ​ចំពោះ​កំហុស​ទាំងឡាយ​ដែល​នាង​បាន​ធ្វើ​ឱ្យ​ពួក​គាត់​ពិបាកចិត្ត នា​ពេល​កន្លង  មក ។ នៅ​ទីបំផុត​សុម៉ា​លី បាន​ប្រឡង​ជាប់​ថ្នាក់​ទី​១២ ដែល​ទទួល​បាន​និទ្ទេស B+ ។ ទោះបីជា​លទ្ធផល​នេះ​មិន​បាន​ដូច​ការ​រំពឹង​ទុក​ក៏​ដោយ ក៏​សុ​ម៉ា​លី​អាច​ទទួល​បាន​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​ប្រឡង​ជាប់​អាហារូបករណ៍​នៅ សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស ។

ពេល​ចូល​ទៅ​ដល់​មហាវិទ្យាល័យ​អិុ​ន សុម៉ាលី បាន​បង្កើន​ល្បឿន​នៃ​ការ​សិក្សា​របស់​នាង​បន្ថែម​ទៀត ពីព្រោះ​នៅ​ក្នុង​ថ្នាក់រៀន​ប្រមូលផ្ដុំ​ទៅ​ដោយ​និស្សិត​អាហារូបករណ៍ ពូកែ​ៗ ដោយ​តម្រូវ​ឱ្យ​មានការ​ប្រកួតប្រជែង​ខ្លាំង ។ នាង​បាន​ចូល​ធ្វើ​ការងារ​ស្ម័គ្រចិត្ត និង​ចូលរួម​សកម្មភាព​សង្គម ដើម្បី​ទទួល​បាន​ចំណេះដឹង និង​បទ​ពិសោធន៍ ថ្មី​ៗ ។ សុ​ម៉ា​លី​បាន​រៀបរាប់​ថា «​ដោយសា​តែ​ខ្ញុំ​ចង់បាន​បទ​ពិសោធន៍​បន្ថែម​ទៀត​ពី​ចំណេះដឹង​ភាសា​អង់គ្លេស ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​តាម​ផ្ទះ ពីព្រោះ​វា​អាច​ធ្វើ​ឱ្យ​ខ្ញុំ​មានការ​ស្រាវជ្រាវ​បន្ថែម​ពី​ភាសា​អង់គ្លេស​, ចេះ​រៀបចំ​មេរៀន​, និង​ឈ្វេងយល់​ពី​ភាព​ខុស​គ្នា​ពី​ចរិត​នៃ​ការ​សិក្សា​របស់​សិស្ស​» ។

ទោះបីជា​រវល់​ជាមួយនឹង​ការងារ​របស់​នាង​ក៏​ដោយ ក៏​សុ​ម៉ា​លី​មិន​ភ្លេច​ការ​សិក្សា​ដែរ ។ «​រាល់ពេល​ប្រឡង ខ្ញុំ​តែងតែ​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជា​និច្ច ពីព្រោះ​ខ្ញុំ​តែងតែ​រំលឹក និង​ទន្ទេញមេរៀន ម្តង​ហើយ​ម្តងទៀត មួ​យស​ប្តា​ហ៍​មុន​ពេល​ប្រឡង  នៅ​ពេល​ដែល​ខ្ញុំ​អាន​មេរៀន ខ្ញុំ​តែងតែ​ស្រមៃ​ទៅ​ដល់​រូបភាព​នៃ​ខ្លឹមសារ​នៃ​មេរៀន​នោះ ដើម្បី​បង្កើន​ការ​ចង​ចាំ​របស់ខ្ញុំ​» ។ សុ​ម៉ា​លី​ពោល​ថា នាង​តែងតែ​មើល​មេរៀន​មុន​នឹង​គ្រូបង្រៀន ពីព្រោះ​នាង​យល់​ឃើញ​ថា​វិធី​នេះ​អាច​ធ្វើ​ឱ្យ​នាង​មាន​ប្រៀប​ជាង​និស្សិត​ដទៃ​ទៀត ជា​ពិសេស​នាង​អាច​យល់​ពី​ខ្លឹមសារ​មេរៀន​បាន​យ៉ាង​ងាយស្រួល និង​ឆាប់រហ័ស ។ នៅ​ពេលទំនេរ សុ​ម៉ា​លី តែងតែ​ទៅ​រៀន​បន្ថែម​នៅ​វគ្គ​ខ្លី ដែល​ពាក់ព័ន្ធ​ជាមួយនឹង​មុខ​វិជ្ជា​នាង​រៀន​សព្វថ្ងៃ ដើម្បី​ឱ្យ​រៀន​ទាន់​គេ ។

នៅ​ពេល​ដែល​សុ​ម៉ា​លី បញ្ចប់​ថ្នាក់​ឆ្នាំ​ទី ៣ , Mitsubishi UFJ Foundation បាន​ជ្រើសរើស​និស្សិត​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាងគេ​ប្រចាំ សាកលវិទ្យា​ល័យ​​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ចំនួន​១០​នាក់ ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ប្រទេស​ជប៉ុន , សុ​ម៉ា​លី​ក៏​ជា​និស្សិត​មួយ​រូប​ដែល​ត្រូវ​បាន​គេ​ជ្រើសរើស ក្នុង​ចំណោម​និស្សិត​ពូកែ​ជា​ច្រើន ។ សុ​ម៉ា​លី ពោល​ថា «​ខ្ញុំ​មាន​អារម្មណ៍​រំភើប និង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​ដែល​ខ្ញុំ​ទទួល​បាន ហើយ​ខ្ញុំ​គិត​ថា​ការ​ខិតខំ​ប្រឹងប្រែង​របស់ខ្ញុំ វា​មិន​អត់​ប្រយោជន៍​ទេ​» ។

នៅ​ថ្ងៃ​អនាគត​កញ្ញា​អិុ​ន សុម៉ាលី មាន​បំណង​ចង់បាន​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​ទៅ​សិក្សា​នៅ​បរទេស ។ សព្វថ្ងៃ​នាង​បាន​រៀន​ត្រៀម TOEFL ដើម្បី​បំពេញ​លក្ខខណ្ឌ​អាហារូបករណ៍ ។ សុ​ម៉ា​លី សង្ឃឹមថា ការ​ខិតខំ​ប្រឹងប្រែង​របស់​នាង​នឹង​ធ្វើ​ឱ្យ​នាង​សម្រេច​បំណងប្រាថ្នា​នា​ពេល​អនាគត ។

បើ​ទោះបីជា​ខ្លួន​មិនសូវ​ឆ្លាត​ក៏​ដោយ តែ​កញ្ញា​អិុ​ន សុម៉ាលី និយាយ​ថា នាង​អាច​ជោគជ័យ​ក្នុង​ការ​សិក្សា​ដោយសារ​ការ​តាំងចិត្ត និង​ការ​ប្រឹងប្រែង​របស់​នាង ៕
អត្ថបទនេះរៀបរៀង​ និងផ្ញើជូនមកកោះសន្តិភាព ពីលោក មូលសែម ចមវីរៈ