រាជធានីភ្នំពេញ ៖ តារាសម្តែងដែលសាងស្នាដៃរឿងភាគកន្លងមក នៅលើកញ្ជក់ទូរទស្សន៍ស៊ីធីអិន នាង ស៊ុំ សុម៉ាលីដែលបាត់មុខឈឹងពីវិថីសិល្បៈអស់ជាច្រើនខែ ដោយល្បីថា រួមរស់ជាមួយបុរសមានទ្រព្យនោះ ស្រាប់តែស្ងាត់លេចមុខចូលរោងការជាមួយអ្នកលក់មីឆាយ៉ាងព្រងើយកាលពីថ្ងៃទី១០ វិច្ឆិកា ២០១៤ កន្លងទៅ ដោយមានអ្នកចូលរួមជូនពរជ័យ យ៉ាងច្រើនកុះករ និងរីករាយ ។
ស្វាមីដែលឆក់បេះដូងអ្នកនាង ស៊ុំ សុម៉ាលី ហ៊ានប្រគល់ជូនថែរក្សាមិនមែនជាអ្នកតួកុន ឬជាតារាប្រុសលេចធ្លោនោះទេ ដោយស្វាមីរបស់តារាបាត់មុខរូបនេះ ជាអ្នកលក់មីឆា លតឆា ដ៏ធំដុំមួយមានឈ្មោះល្បី ដោយទីតាំងស្ថិតរោងកុនអង្គរក្បែរផ្សារអូរឬស្សី រាជធានីភ្នំពេញ។ ដោយគ្រាន់តែចាប់អារម្មណ៍លើមុខរបរស្វាមីជាអ្នកលក់ មីឆា លតឆាហាក់ធ្វើឲ្យគេឯងភ្ញាក់ផ្អើល ដោយសារតែតារាស្រីសាច់ស សម្រស់បានរូបនេះ ជាអ្នកឡូយឆាយ តែងកាយប្រណីតៗជាមួយអលង្ការ ទំនើប ស្រាប់តែបោះទុនជីវិតជាមួយគូស្នេហ៍ជាអ្នកលក់មីឆា។ ប៉ុន្តែទីតាំងដែលស្វាមីរបស់សុម៉ាលី ប្រកបរបររកស៊ីជាទីតាំងមួយល្បីឈ្មោះយូរឆ្នាំមកហើយ អ្នកនៅភ្នំពេញ និងបណ្តាខេត្តមួយចំនួន អ្នកណាមិនស្គាល់មីឆានៅរោងកុនអង្គរល្បីឆ្ងាញ់ លក់មិនទាន់ជូនអតិថិជនផង ។ ម្ល៉ោះហើយ សុម៉ាលី ពិតជារកបានស្វាមីខា្លញ់មិនធម្មតាទេ បើគិតទៅមិនចាញ់អ្នកជំនួញផ្សេងៗប៉ុន្មានឡើយ ។
រៀបរាប់ប្រាប់អ្នកយកព័ត៌មានយើង ពេលកំពុងគ្រងឈុតកូនក្រមុំតែងទឹកមុខរីករាយ ស៊ុំ សុម៉ាលី បានឲ្យដឹងថា «ស្វាមីនាងមានឈ្មោះមាស ទី អាយុស្របាលៗជាមួយនាង គាត់មានមុខរបរលក់មីឆានៅរោងកុនអង្គរ ។ ខុសពីតារាផ្សេងគេបានស្វាមីអាណិកជន និងអ្នកជំនួញធំដុំ ។ ចំពោះរូបនាងសុខចិត្តទទួលយកគាត់ជាស្វាមីមកពីបានស្វែងយល់ចិត្តគ្នាយូរ ឆ្នាំដែរ ណាមួយពេលគាត់ឃើញខ្ញុំឈឺ ឬរវល់អីនោះ គាត់តែងតែនៅក្បែររហូតជាកម្លាំងចិត្ត ទើបនាងទន់ចិត្តខំពិចារណា ទំរាំចូលរោងការពេលនេះបាន ។ ម្យ៉ាងទៀតគាត់លក់មីឆាមែន តែបើនិយាយរឿងរកស៊ីវិញ ពូកែ ឆ្លាតណាស់ ធ្វើឲ្យខ្ញុំពេញចិត្តស្តូកតែម្តង និងកាន់តែស្រឡាញ់គាត់ ពេលឃើញគាត់ល្វៀសល្វៃរឿងរកស៊ី ទាំងក្រុមគ្រួសារ ទើបឈានដល់ពិធីរៀបការជាផ្លូវការតែម្តង»។ កូនក្រមុំថ្មោងថ្មីរូបនេះបន្តថា «ចំពោះសិល្បៈប្រហែលជាផ្អាកសិន ដោយមិនទាន់កំណត់ពេលណាចូលវិញទេ ព្រោះខ្ញុំគ្រោងបើកហាងលក់មីឆាលតឆាជាមួយស្វាមីមួយកន្លែងទៀត ដែលកំពុងតែរកមើលទិញផ្ទះនៅតំបន់ណាមួយដែលមនុស្សចេញចូលច្រើន ។ ចំណែកសិល្បៈចាំគិតមើលសិន ត្រូវបន្ត ឬត្រូវបិទទាំងស្រុង បើពេលនេះ ចិត្តស្រលាញ់ខាងរកស៊ីជាងឲ្យត្រូវ និងចំណូលចិត្តរបស់ស្វាមី ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ