ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចរចា​ប្រាក់​ឈ្នួល​កម្មករ​ចំនួន​ប្រាក់​ខែ​គោល​ឆ្នាំ​២០១៥ បើក​គ្របនៅ​ថ្ងៃ​នេះ ៣០​ តុលា​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គិត​ចាប់ពី​ការ​ចាប់ផ្តើម​ចរចា​ត្រីភាគី​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា ដោយ​សមាសភាព​ម្ខាង​៩​រូប រហូត​ឈាន​ដល់​ការ​បញ្ចប់​តាម​នីតិវិធី គឺ​កំណត់​រយៈពេល​១០​ថ្ងៃ ហើយ​អ្វី​ដែល​កម្មករនិយោជិត ក៏​ដូច​ជា​អ្នក​តាមដាន​អំពី​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០១៥ ទន្ទឹងរង់ចាំ​ដូច​គ្នា​ថា​ទទួល​បាន​ប៉ុន្មាន​នោះ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ តុលា ខាង​មុខ​នេះ ។

រាជធានី​ភ្នំពេញ ៖ គិត​ចាប់ពី​ការ​ចាប់ផ្តើម​ចរចា​ត្រីភាគី​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា ដោយ​សមាសភាព​ម្ខាង​៩​រូប រហូត​ឈាន​ដល់​ការ​បញ្ចប់​តាម​នីតិវិធី គឺ​កំណត់​រយៈពេល​១០​ថ្ងៃ ហើយ​អ្វី​ដែល​កម្មករនិយោជិត ក៏​ដូច​ជា​អ្នក​តាមដាន​អំពី​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០១៥ ទន្ទឹងរង់ចាំ​ដូច​គ្នា​ថា​ទទួល​បាន​ប៉ុន្មាន​នោះ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ តុលា ខាង​មុខ​នេះ ។

លោក ហេង សួគ៌ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​ជា​ប្រធាន​ក្រុមការងារ​កិច្ចចរចា​ត្រីភាគី បានឱ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ តុលា​នៅ​ទីស្តីការក្រសួង​ថា កិច្ចចរចា​ប្រាក់​ឈ្នួល​កម្មករនិយោជិត​នឹង​ត្រូវ​បញ្ចប់​តាម​នីតិវិធី​ដែល​បាន​កំណត់ ។ និយាយ​រួម​ទៅ គិត​តាំងពី​ពេល​ចាប់ផ្តើម​ចរចា​មក​មាន​ភាព​វិជ្ជា​មាន​រហូត ដែល​ជា​ការ​បង្ហាញ​ថា ទាំង​ភាគី​សហជីព និង​ភាគី​និយោជក​មាន​ភាព​យល់​ដឹង​បាន​ច្រើន និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក  ។ លោក​បញ្ជាក់​ថា «​នៅ​ថ្ងៃនេះ យើង​មិន​នឹក​ស្មាន​ដល់​ថា លើស​ពី​អ្វី​ដែល​យើង​គិត​ទៅ​ទៀត គឺ​គ្រប់​ភាគី​ទាំងអស់​បាន​លើកយក​អ្វី​ដែល​គិត​ពី​ផលប្រយោជន៍​ដល់​ភាគី​និយោជិត ក៏​ដូច​ជា​ការ​គោរព​សុច្ឆន្ទៈ​របស់​និយោជក​មួយ​ចំនួន​ដែល​គោរព​តាម​លក្ខខណ្ឌ​ការងារ​ទាក់ទិន​នឹង​វិស័យ​កាត់ដេរ ។ កិច្ចប្រជុំ​បាន​បាន​លើកយក​តម្លៃ ឬ​តួលេខ​មក​សិក្សា ដែល​ហាក់បីដូចជា​ជម្រើស​សម្រាប់​ភាគី ។ តាម​ការ​លើក​ឡើង ខ្ញុំ​សុំ​មិន​និយាយ​រឿង​តួលេខ​ណាមួយ​ឱ្យ​ដឹង​ទេ ប៉ុន្តែ​ក្នុង​នាម​អាជ្ញាកណ្តាល​បាន​ព្យាយាម​ថ្លឹងថ្លែង​ឱ្យ​ត្រូវ​គ្នា​ជា​និច្ច​» ។   

តាម​ការ​អះអាង​របស់​លោក ហេង សួគ៌ ថា​នៅ​ថ្ងៃ​ទី​៣០ តុលា ក្រុមការងារ​ត្រីភាគី​នឹង បើក​កិច្ចប្រជុំ​ចាប់ពី​ម៉ោង​៩​និង​៣០​នាទី ហើយ​កិច្ចប្រជុំ​នោះ​អាច​នឹង​ជា​កិច្ចប្រជុំ​ចុង​ក្រោយ​របស់​ក្រុមការងារ​ត្រីភាគី​រឿង​ចរចា​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត​ដើម្បី​ដាក់​ទៅ​គណៈកម្មការ​ប្រឹក្សា​ការងារ​ពិភាក្សា​បញ្ចប់​។ កិច្ចប្រជុំ​នេះ ភាគី​និយោជក​មិន​បាន​កំណត់ ឬ​ឱ្យ​តម្លៃ​ប្រាក់​ឈ្នួល​អប្បបរមា​ដូច​អ្វី​ដែល​ហ៊ាន (១១០​ដុល្លារ​) នោះ​ទេ ។ បញ្ហា​នេះ​ត្រូវ​បាន​លោក ហេង សួគ៌ ថា ប្រសិនបើ​ភាគី​និយោជក​មិន​ហ៊ាន​យ៉ាងណា​នោះ រាជរដ្ឋាភិបាល​បាន​ត្រៀម​យន្តការ​ផ្សេង​ៗ​ដើម្បី​សម្រួល​ពី​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​លើស​ពី​អ្វី​ដែល​ភាគី​និយោជក​អាច​ផ្តល់​ឱ្យ​កម្មករ ។ ការ​គិត​របស់​រាជរដ្ឋាភិបាល​នេះ​សង្ឃឹមថា កម្មករ​ទាំងអស់​នឹង​ទទួល​បាន​ជីវភាព​រស់នៅ​សមរម្យ​ប្រសើរ​ជាង​មុន ។ 

ទោះជា​ភាគី​និយោជក​មិន​ហ៊ាន​កំណត់​ចំនួន​ពិតប្រាកដ​យ៉ាងណា​ក្តី លោក ហេង សួគ៌ មិន​បង្ហាញ​ពី​តួលេខ​ពិតប្រាកដ​ដែល​រាជរដ្ឋាភិបាល​គ្រោង​សម្រេច​យ៉ាងណា​ដល់​ភាគី​ទាំង​អស់នោះ ទេ គ្រាន់តែ​នៅ​ពេល​នេះ​ចំនួន​តួលេខ​ដែល​រាជរដ្ឋាភិបាល​កំណត់​ហើយ និង​សង្ឃឹមថា ភាគី​និយោជក​នឹង​ទទួលយក​ចំនួន​តួលេខ​នោះ ។ តួលេខ​ដែល​រាជរដ្ឋាភិបាល​ដាក់​ជូន​នោះ ត្រូវ​បាន​ស្រាវជ្រាវ និង​ទទួលស្គាល់​ពី​ស្ថាប័ន​មួយ​ចំនួន​ផង​ដែរ​។ ដូច្នេះ​ប្រសិនបើ​គាត់​ទទួលយក​នោះ ភាគី​និយោជក ក៏​ដូច​ជា​កេរ្តិ៍​នៃ​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង និង​អាច​ទាញ​កម្លាំងចិត្ត​អ្នកបញ្ជា​ទិញ​មក​វិញ​ផង​ដែរ ។

លោក ហេង សួគ៌ សង្កត់ធ្ងន់​ថា ទោះបីជា​ការ​កំណត់​តួលេខ​របស់​រាជរដ្ឋាភិបាល​មិន​បាន​ត្រូវ​នឹង​ចំនួន​របស់​ភាគី​ណាមួយ​ក្តី  ភាគី​ទាំងអស់​នឹង​ចាប់ដៃ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​ធំ​ៗ​នៅ​លើ​ពិភពលោក​ឱ្យ​វិល​ត្រឡប់​មក​ស្រុក​ខែ្ម​រវិ​ញ ។ លើស​ពី​នេះ ត្រូវការ​បញ្ជា​ទិញ​ឱ្យ​លើស​ពី​ការ​បញ្ជា​ទិញ​នៅ​ឆ្នាំ​កន្លង​មក​ថែម​ទៀត ។ ពេល​ដែល​ធ្វើការ​ចាប់ដៃ​គ្នា​ហើយ​នៅ​ពេល​នោះ​យើង​នឹង​ឃើញ​ថា តើ​អ្នកបញ្ជា​ទិញ​មួយ​ណា គិត​ពី​ជីវភាព​កម្មករ និង​ហ៊ាន​ឱ្យ​តម្លៃ​ប្រាក់​ឈ្នួល​កម្មករ​ច្រើន​សម្រាប់​ជីវភាព​រស់នៅ​របស់​ពួក​គាត់ ។ លោក គង់ អាទិត្យ តំណាង​សហជីព​ដែល​ចូលរួម​ចរចា​បាន​លើក​ឡើង​ថា កិច្ចប្រជុំ​នេះ​មាន​ភាព​ច្បាស់​ជាង​កិច្ចប្រជុំ​ចរចា​ប្រាក់​ឈ្នួល​កន្លង​មក ក៏​ដូច​ជា​មុន​នឹង​កិច្ចប្រជុំ​សម្រេច​នៅ​ថ្ងៃ​ទី​៣០ តុលា ខាង​មុខ ។ ភាគី​និយោជិត (​កម្មករ​) សង្ឃឹមថា​ភាគី​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ភាគី​និយោជក​នឹង​យោគយល់​ដល់​ភាគី​និយោជិត​ក្នុង​ការ​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៥ ដើម្បី​រក្សា​សន្តិភាព​ទាំងអស់​គ្នា ។

លោក​បញ្ជាក់​ថា «​ប្រសិនបើ​ភាគី​រាជរដ្ឋាភិបាល​យល់ និង​ភាគី​និយោជក​យល់​នោះ​ការ​សម្រេច​នៅ​គណៈកម្មការ​ប្រឹក្សា​ការងារ​ខាង​មុខ​នេះ​នឹង​មាន​ភាព​វិជ្ជា​មាន​នាំ​មក​នូវ​សន្តិភាព​ដើម្បី​ប្រទេស​ជាតិ​យើង​ទាំងអស់​គ្នា​» ។ តំណាង​និយោជក​បញ្ជាក់​ថា «​ខ្ញុំ​យល់​ពី​កង្វល់​របស់​អ្នកបញ្ជា​ទិញ ប៉ុន្តែ​នៅ​ពេល​ដែល​បញ្ហា​នេះ​ដោះស្រាយ​ចប់​នោះ ខ្ញុំ​សង្ឃឹមថា​អ្នកបញ្ជា​ទិញ​នឹង​វិញ​ត្រឡប់​មក​វិញ​» ។ ចំណែក​លោក ប៉ាវ ស៊ី​ណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ ក៏​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ តុលា​ដែរ​ថា សម្រាប់​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​៣០ តុលា គឺ​នៅ​ពេល​ដែល​មិន​មានការ​ព្រមព្រៀង​ណាមួយ​នោះ នឹង​មានការ​បោះ​ឆ្នោត​ដើម្បី​ជ្រើស​ចំនួន​ដាក់​ទៅ​គណៈកម្មការ​ប្រឹក្សា​ការងារ​ជា​អ្នក​សម្រេច​។ ចំពោះ​ការ​ដាក់​ចំនួន​១២០​ដុល្លារ​របស់​ក្រសួង​ការងារ​ថា លើ​បន្ទាត់​ភាព​ក្រីក្រ​នោះ លោកប៉ាវ ស៊ី​ណា ស្វាគមន៍ នឹង​អះអាង​ថា ការ​កំណត់​នេះ​ធ្វើ​ឱ្យ​ភាគី​និយោជក​មិន​ចាំបាច់​ពិភាក្សា​គ្នា​ឡើយ ។

ទោះជា​យ៉ាងណា​ក្តី លោក​បញ្ជាក់​ថា ការ​ដាក់​ចំនួន​១២០​ដុល្លារ​នោះ​គ្រាន់តែ​ជា​ចំនួន​មួយ​ដែល​ដាក់​សម្រាប់​ឱ្យ​ភាគី​ពិភាក្សា​គ្នា គឺ​មិន​កំណត់​ចំនួន​ពិតប្រាកដ​នឹង​ទទួលយក​នោះ​ទេ ចំណែក​ភាគី​និយោជិត​បាន​ដាក់​ចំនួន​១៤០​ដុល្លារ​មក​ពិភាក្សា ។ តាម​ការ​លើក​ឡើង​របស់​ប្រធាន​សហជីព​ដដែល​ថា ក្នុង​កិច្ចប្រជុំ​ភាគី​និយោជក​មិន​បាន​លើក​ឡើង​ពី​ចំនួន​ពិតប្រាកដ​នោះ​ទេ គ្រាន់តែ​ថា ទុក​ឱ្យ​រាជរដ្ឋាភិបាល​ជា​អ្នក​កំណត់ ។ លោក​បន្ត​ថា ក្រុម​សហជីព​បាន​កំណត់​ដាក់​ចំនួន​១៤០​ដុល្លារ​ទៅ​គណៈកម្មការ​ប្រឹក្សា​ការងារ​សម្រេច​ចុង​ក្រោយ ហើយ​សម្រាប់​សហជីព​រំពឹង​ថា នឹង​ទទួល​បាន​ចំនួន​តួលេខ​ណាមួយ​ដែល​សមរម្យ ។ លោក ប៉ាវ ស៊ី​ណា ព្រមាន​ថា ប្រសិនបើ​ភាគី​និយោជក និង​រាជរដ្ឋាភិបាល​មិន​បាន​គិតគូរ​ប្រាក់​ឈ្នួល​កម្មករ​នោះ​ទេ នឹង​កើត​មាន​បញ្ហា (​បាតុកម្ម​, កូដកម្ម​) ដោយសារ​មានបទពិសោធន៍​កន្លង​មក​ហើយ ។

ទោះបីជា​មាន​ប្រភព​ក្រៅផ្លូវការ​លើក​ឡើង​ថា ប្រាក់​ឈ្នួល​កម្មករ​នឹង​អាច​ទទួល​បាន​ពី​ចន្លោះ ១២៥​ដុល្លារ​នោះ លោក ប៉ាវ ស៊ី​ណា ប្រកាស​ថា មិន​ទទួលយក​ជា​ដាច់ខាត ។ ចំណែក​តួលេខ​ណាមួយ​ជាក់លាក់​នោះ ត្រូវ​បាន​លោក​បដិសេធ​មិន​បញ្ចេញ​ឱ្យ​ដឹង​នោះ​ទេ​ដោយ​ថា រង់ចាំ​ពិភាក្សា​ផ្ទៃក្នុង ៕