ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង​ប៉ែន សុ​ផា​នី សម្តែង​អន់ ត្រូវ​អ្នកដឹកនាំ​រឿង​ដក​តំណែង​តួឯក

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ប៉ែន សុ​ផា​នី ដោយសារ​តែ​ទេព​កោសល្យ​សម្តែង​អន់ ត្រូវ​អ្នកដឹកនាំ​រឿង​ដក​តំណែង​តួឯក ហើយ​ដាក់​អ្នក​ផ្សេង​ជំនួស​វិញ ។ ចាត់ទុកជា​បទ​ពិសោធន៍​មួយ​សម្រាប់​តារា​រលក​ក្រោយ​ដែល​ប្រាថ្នា​ចង់​ក្លាយជា​តារា​ល្បីឈ្មោះ ដោយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក អ្នក​នាង​ប៉ែន សុ​ផា​នី បាន​ទម្លាយ​រឿង​អាថ៌​កំបាំង​ជីវិត​ជា​អ្នក​សម្តែង​អតីតកាល​ឱ្យ​ដឹង​ថា ពេល​នាង​មាន​វ័យ​១៨​ទៅ​១៩​

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ប៉ែន សុ​ផា​នី ដោយសារ​តែ​ទេព​កោសល្យ​សម្តែង​អន់ ត្រូវ​អ្នកដឹកនាំ​រឿង​ដក​តំណែង​តួឯក ហើយ​ដាក់​អ្នក​ផ្សេង​ជំនួស​វិញ ។ ចាត់ទុកជា​បទ​ពិសោធន៍​មួយ​សម្រាប់​តារា​រលក​ក្រោយ​ដែល​ប្រាថ្នា​ចង់​ក្លាយជា​តារា​ល្បីឈ្មោះ ដោយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក អ្នក​នាង​ប៉ែន សុ​ផា​នី បាន​ទម្លាយ​រឿង​អាថ៌​កំបាំង​ជីវិត​ជា​អ្នក​សម្តែង​អតីតកាល​ឱ្យ​ដឹង​ថា ពេល​នាង​មាន​វ័យ​១៨​ទៅ​១៩​ឆ្នាំ បាន​សម្រេចចិត្ត​ចូល​ពិភព​សិល្បៈ ព្រោះ​អ្នកដឹកនាំ​រឿង​មើលឃើញ និង​យល់​ថា​នាង​អាច​សម្តែង​បាន ។

ប៉ុន្តែ​ការ​រំពឹង​ក្លាយជា​តួអង្គ​លេចធ្លោ​មិន​បាន​កើតឡើង​តាម​បំណង​ទេ ព្រោះ​អ្នក​នាង​ប៉ែន សុ​ផា​នី មិន​មាន​ទេព​កោសល្យ​សម្តែង​បាន​ល្អ ទោះជា​មានការ​ពន្យល់​ប្រាប់​របស់​អ្នកដឹកនាំ​រឿង​ក៏​ដោយ​។ គេ​ពន្យល់​យ៉ាងណា​នៅ​តែ​អ្នក​នាង​សុ​ផា​នី មិន​អាច​ធ្វើ​បាន រហូត​ត្រូវ​អ្នកដឹកនាំ​រឿង​ដក​តំណែង​ជា​តួឯក ដោយសារ​តែ​អស់​លទ្ធភាព​យឹតយោង​បាន ។

អ្នក​នាង​ប៉ែន សុ​ផា​នី នៅ​ចង​ចាំ​ថា នាង​បាន​ឱកាស​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង «​សំឡេង​ទ្រខ្មែរ​» ជា​លើក​ដំបូង​ក្នុង​តំណែង​ជា​តួឯក​ជាមួយ​លោក​ហម ឈ​រា​៉ ដោយ​អ្នកស្រី​ពាន់ ភួង​បុប្ផា អ្នកដឹកនាំ​រឿង ជា​អ្នក​ជ្រើសរើស​រូប​នាង ។ ប៉ុន្តែ​ពេល​នោះ​អ្នក​នាង​សុ​ផា​នី អត់​យល់​ពី​របៀប​សម្តែង​បែប​ណា​ទេ ដូច្នេះ​ហើយ​សម្តែង​មិន​ត្រូវ​ទាល់តែ​សោះ ។ របៀប​យំ​ក៏​អ្នក​នាង​សុ​ផា​នី មិន​ចេះ ទោះជា​មាន​គេ​ប្រាប់ មាន​គេ​ដើរតួ​ជា​គម្រូ​ឱ្យ​មើល​ក៏​ដោយ ។ ម្ល៉ោះហើយ អ្នកស្រី​ពាន់ ភួង​បុប្ផា ប្រាប់​ត្រង់​ថា «​កែ​លែង​បាន​ហើយ សូមទោស​កុំ​អន់ចិត្ត​! ខ្ញុំ​ត្រូវការ​ឱ្យ​រឿង​ថត​ទៅ​មានការ​ទាក់ទាញ មិន​ចង់​ទទួល​ទៀត​ទេ ទៅ​ហាត់រៀន​សម្តែង​សិន​ទៅ​ទើបបាន​ល្អ​» ។ ជំនួសអ្នក​នាង​ប៉ែន សុ​ផា​នី អ្នកស្រី​ពាន់ ភួ​ង​បុប្ផា ដាក់​អ្នក​នាង​ពិសិដ្ឋ ពិ​លី​កាវិញ ។

អ្នក​នាង​ប៉ែន សុ​ផា​នី អៀនខ្មាស និង​ឈឺចាប់​ណាស់ ព្រោះតែ​គិត​ថា​គេ​សម្តែង​បាន ហេតុ​អី​ខ្លួនឯង​ធ្វើ​មិន​បាន ។ តាំងពី​ពេល​នោះ​មក អ្នក​នាង​ប៉ែន សុ​ផា​នី រៀន​សម្តែង​នៅ​មុខ​កញ្ចក់ និង​ស្តាប់​ការ​ណែនាំ​របស់​រៀមច្បង​សិល្បៈ ។ ដូច្នេះ​ហើយ​ទើប​ក្រោយមក​អ្នក​នាង​ប៉ែន សុ​ផា​នី អាច​មាន​សមត្ថភាព​គ្រង​តំណែង​សម្តែង​បាន​ល្អ ។ តារា​ជើង​ចាស់​ប៉ែន សុ​ផា​នី ថ្លែង​ថា «​ប្រឡូក​សិល្បៈ​តាំងពី​ឆ្នាំ​១៩៩៤ ខ្ញុំ​បាន​ឆ្លងកាត់​រឿង​ជា​ច្រើន គ្មាន​អ្វី​សំខាន់​ជាង​ការ​ព្យាយាម   ទេ ។ បើ​យើង​ចង់​សម្តែង​ល្អ ទាល់តែ​ហាត់រៀន​នៅ​សាលា មាន​គ្រូ​ត្រឹមត្រូវ​» ។

ក្រោយ​បរាជ័យ​លើក​ដំបូង ដោយ​គេ​ដកហូត​តំណែង​តួឯក​មក អ្នក​នាង​ប៉ែន សុ​ផា​នី បាន​សម្តែង​ក្នុង​រឿង​ថ្មី​មាន​ចំណងជើង​ថា «​បិសាច​ចម្លែក​» ។ អ្នក​នាង​សុ​ផា​នី អាច​សម្តែង​ក្នុង​រឿង​នោះ​បាន​ដោយសារ​តែ​ខំ​ហាត់រៀន​ដោយ​ខ្លួនឯង​នៅផ្ទះ ។ ទោះជា​សម្តែង​បាន​ច្រើន​រឿង និង​ជា​យូរ​ឆ្នាំ​ក្តី ពេល​នេះ​អ្នក​នាង​ប៉ែន សុ​ផា​នី ចាត់​ទុក​ការ​សម្តែង​របស់​ខ្លួន នៅ​តែ​មាន​ចន្លោះ​ខ្វះខាត គឺ​អត់​មាន​អំនួត​ថា​ល្អ​ឥត​ខ្ចោះ​ទេ ។ តារា​សម្តែង​ជើង​ចាស់​រូប​នេះ​និយាយ​ថា «​ឱ្យ​តែ​នៅ​ជា​តារា​សម្តែង​គឺ​នៅ​តែ​ក្លាយជា​តួអង្គ​ឱ្យ​គេ​ដាក់​ពិន្ទុ ។ កាន់តែ​សម្បូរ​ស្នាដៃ កាន់តែ​ភ័យ​រឿង​គេ​និយាយ​ថា សម្តែង​យូរ​ទៅ​ខ្សោយ​ទៅ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ខំ​តទៅ​ទៀត ។

ខ្ញុំ​ចង់ឱ្យ​រលក​ក្រោយ​យក​ចំណុច​ដែល​នាង​ខ្ញុំ​ធ្លាប់​ជួប​នេះ​ធ្វើ​ជា​ទុន​មួយ​គិត បើ​ស្រឡាញ់​ការងារ​អាជីព​សិល្បៈ​ត្រូវ​មើល​អ្នក​មុន​» ។
អ្នក​នាង​បែ​៉​ន សុ​ផា​នី ដោយសារ​តែ​មាន​បងប្អូន​ដល់​ទៅ​៨​នាក់​ឯណោះ និង​ឪពុក​ម្តាយ​ចាស់ជរា ទើប​សម្រេចចិត្ត​បោះបង់​ការ​សិក្សា​ត្រឹម​អនុ​វិទ្យាល័យ ហើយ​ចាប់​អាជីព​ជា​តារា​សម្តែង​ដើម្បី​ជួយ​សម្រួល​ជីវភាព​គ្រួសារ ។ អ្នក​នាង​ប៉ែន សុ​ផា​នី កន្លង​មក​បាន​ដកខ្លួន​ចេញពី​ពិភព​សិល្បៈ​ជិត​៥​ឆ្នាំ ប៉ុន្តែ​ដោយ អ្វី​ៗ​មិន​ស្ថិត​ស្ថិរ គឺ​ស្នេហា​ក៏​បាត់បង់ របរ​រកស៊ី​ក៏​មិន​កាក់កប ទើប​សម្រេចចិត្ត​ត្រឡប់​ចូល​ពិភព​សិល្បៈ​វិញ ។ បច្ចុប្បន្ន​អ្នក​នាង​ប៉ែន សុ​ផា​នី លេចមុខ​ច្រើន​ក្នុង​ខ្សែ​វី​ដេ​អូ​ភាគ​តាម​ទូរទស្សន៍​ដោយ​បាន​តំណែង​ជា​តួ​ម្តាយ ឬ​លោក​ជំទាវ ស្រប​តាម​វ័យ​របស់​ខ្លួន ៕