រាជធានីភ្នំពេញ ៖ អ្នកនាងស៊ុន ណារីម៉ូនីកា បានមកលេងស្រុកកំណើតបន្ទាប់ពីទៅរស់នៅប្រទេសបារាំងតាំងពីឆ្នាំ២០០៨មក ។ ទៅកសាងជីវិតនៅលើទឹកដីបារាំងអស់រយៈពេលជាច្រើនឆ្នាំ តែអ្នកនាងស៊ុន ណារីម៉ូនីកា នៅតែមានឈ្មោះជាស្ត្រីមេម៉ាយដដែល គឺអត់ទាន់មានអ្នកថែទាំក្នុងវ័យចំណាស់ទេ ។
ក្នុងជំនួបផ្ទាល់ជាមួយអ្នកយកព័ត៌មានកោះសន្តិភាពក្នុងឱកាសសម្តែងជាតារាកិត្តិយសនៅស្ថានីយទូរទស្សន៍អប្សរា កាលពីពេល ថ្មីៗនេះ អ្នកនាងស៊ុន ណារីម៉ូនីកា បញ្ជាក់ថា នៅប្រទេសបារាំងនាងនៅតែចាប់អាជីពចម្រៀងដូចពីមុន ។ លើសពីនេះ នាងធ្វើជាអ្នករៀបចំកម្មវិធីសម្តែង ដោយអញ្ជើញអ្នកសិល្បៈពីក្នុងស្រុកខ្មែរទៅសម្តែង ។ ពេលនេះនាងកំពុងសម្លឹងមើលតារាចម្រៀង និងតារាសម្តែងណាដែលមានប្រជាប្រិយភាព នាំយកទៅសម្តែងនៅប្រទេសបារាំង ។
តារាចម្រៀងវ័យចំណាស់រូបនេះ និយាយថា «ទំនងគេថាខ្ញុំមានប្តីថ្មី បានជាទៅសោយសុខនៅប្រទេសបារាំង បានជាចោលអាជីពសិល្បៈលេចមុខលេចមាត់នៅស្រុកខ្មែរ តែមកទល់ពេលនេះខ្ញុំអត់ទាន់បើកចិត្ត បើកបេះដូងទទួលយកបុរសណាមកស្អំចិត្ត ស្អំកាយទេ ។ នាងខ្ញុំមិនទទួលយកជាដាច់ខាត ដោយតាំងពីប្តីនាយជ្រុញស្លាប់មក គឺនៅមេម៉ាយរហូត ព្រោះមានកូនប្រុស២នាក់ និងមានអាយុច្រើនទៅហើយ។ ណាមួយកូនប្រុសទាំង២ក៏ពេញកំលោះទៀត មិនទទួលទេប្តីថ្មី នៅខ្លួនមួយស្រួល ទៅណាមកណាសប្បាយចិត្ត ។ បើនិយាយដល់ចំណុចនេះគឺមិនខ្វះទេ កាលពីខ្ញុំនៅប្រឡូកសិល្បៈក្នុងស្រុកខ្មែរ ដើរលេងកំប្លែងជាមួយនាយកុយ នាយក្រឹមនៅត្រើយម្ខាងមាន អ្នកមានៗជាបុរសធ្វើការធំ ជាថៅកែ ស្ម័គ្រចិត្តសុំស្រលាញ់ជាគូកំណាន់ចិត្ត ឱ្យលុយ ឱ្យឡាន ឱ្យផ្ទះ ធានាឱ្យរស់ស្រួល មិនលំបាកឡើយ បើខ្ញុំឆ្លើយថាព្រម ឬចាស ប៉ុន្តែម៉ូនីកា មិនដែលយកចិត្តទុកដាក់បាក់នឹងការអូសទាញជាមួយទឹកប្រាក់ដុល្លារវ័ណ្ឌកនោះទេ ។ ខ្ញុំសុខចិត្តដើរសម្តែងច្រៀង រាំរកលុយពីសិល្បៈ លក់សំឡេងចិញ្ចឹមកូនមិនលោភលន់ទ្រព្យគេ ប្តីគេនាំឱ្យភរិយាគេមិនពេញចិត្តតាមរករឿងដូចស្រមោលរត់តាមព្រឺខ្លួននោះឡើយ ។
មកដល់ពេលនេះមានបុរសមួយចំនួនស្តាយរូបនាងខ្ញុំ គេថានៅតែស៊ុន ណារីម៉ូនីកា មួយទេ រឹងទទឹងជាងគេ ចង់បានប៉ុន្មានម៉ឺនដុល្លារក៏ឱ្យដែរ តាមយកឱ្យបាន ទោះជាចាស់ក៏ដោយ។ ប៉ុន្តែមិនអាចទេ នាងខ្ញុំមិនមែនជាទំនិញបែបនេះឡើយ បើចេះខ្វារកចង់បានលុយដុល្លារពីអ្នកមានច្បាស់ជាមានលឿននឹងគេមិនខាន ។ ពីមុនដូចដឹងស្រាប់ហើយ តែងខ្លួន យេៗមិនណយដែរ តែបានតែសភាពខាងក្រៅប៉ុណ្ណោះ ក្នុងចិត្តក៏ដឹងអ្វីល្អអាក្រក់ដែរ» ។
ទោះបីបានទៅនៅប្រទេសបារាំងក្តី ប៉ុន្តែអ្នកនាងស៊ុន ណារីម៉ូនីកា និយាយថា ស្រុកកំណើតធ្លាប់កម្សត់ តស៊ូក្នុងអាជីពសិល្បៈ ទម្រាំមានឈ្មោះល្បី ដូច្នេះមិនអាចបំភ្លេច មិនអាចចោលបានទេ នាងនៅតែស្រលាញ់ និងនឹករលឹក ។ ដូច្នេះហើយទើបក្នុងរយៈពេលជិត១០ឆ្នាំដែលនាងរស់នៅស្រុកគេ តែងតែឆ្លៀតពេលមកលេងស្រុកកំណើតជាច្រើនដង ៕
ចែករំលែកព័តមាននេះ