រាជធានីភ្នំពេញ ៖ ប្រធានសមាគមសិល្បករខ្មែរលោកសុះ ម៉ាច បានសម្តែងការគាំទ្រកម្មវិធីប្រឡងចម្រៀងរបស់ស្ថានីយទូរទស្សន៍នៅក្នុងស្រុកចំនួន២បើទោះបីជាការរៀបចំនោះមានការគាំទ្រ និងរិះគន់ពីទស្សនិកមួយចំនួនក៏ដោយ ។កម្មវិធីដែលប្រធានសមាគមសិល្បករខ្មែរគាំទ្រនោះ គឺកម្មវិធី«The Voice Cambodia» របស់ស្ថានីយទូរទស្សន៍ហង្សមាស និងកម្មវិធី«សំនៀងចែងចាំង» របស់ស្ថានីយទូរទស្សន៍CTN ដែលចាក់ផ្សាយនៅរៀងរាល់រាត្រីថ្ងៃអាទិត្យដូចគ្នា ។
បើទោះបីជាមានការរិះគន់ពីទស្សនិកជនមួយចំនួនក៏ដោយ ប៉ុន្តែលោកសុះ ម៉ាច ចាត់ទុកកម្មវិធីប្រឡងចម្រៀងទាំងពីរនោះថា បានរួមចំណែកក្នុងការអភិវឌ្ឍវិស័យសិល្បៈចម្រៀងឲ្យកាន់តែល្អប្រសើរឡើង ។ក្នុងបទសម្ភាសន៍ជាមួយកោះសន្តិភាពតាមសារអេឡិចត្រូនិកកាលពីពេល ថ្មីៗនេះ ប្រធានសមាគមសិល្បករខ្មែរលោកសុះ ម៉ាច បានអះអាងថា ការបង្កើតកម្មវិធី«The Voice Cambodia» និង«សំនៀងចែងចាំង»បានរួមចំណែកក្នុងការអភិវឌ្ឍវិស័យសិល្បៈចម្រៀងជាតិយើង ជាពិសេសផ្តល់ឱកាសឲ្យកូនខ្មែរដែលមាននិស្ស័យ និងស្រឡាញ់សិល្បៈចម្រៀងបានបង្ហាញសមត្ថភាពរបស់ខ្លួន ។
លោកសុះ ម៉ាច លើកឡើងថា មានការរិះគន់ខ្លះដោយសារការរៀបចំកម្មវិធីមួយនោះមិនបានគិតគូរឲ្យបានសព្វជ្រុងជ្រោយ ដោយយកគណៈកម្មការពុំមែនជាអ្នកសិល្បៈផ្នែកចម្រៀង និងអ្នកចម្រៀងពុំសូវមានបទពិសោធគ្រប់គ្រាន់ ។ ពេលខ្លះគណៈកម្មការបញ្ចេញយោបល់ដូចជារិះគន់បេក្ខជន-បេក្ខនារីដែលមិនទាន់ក្លាយជាអ្នកសិល្បៈផង វាទៅជាលក្ខណៈវាយប្រហារទៅវិញ ។ ត្រង់ចំណុចនេះលោកសុះ ម៉ាច បញ្ជាក់ថា ពួកគាត់គួរតែណែនាំដល់បេក្ខជនត្រូវធ្វើបែបនេះ ឬច្រៀងបែបណាទើបល្អជាជាងការរិះគន់ ជួនកាលវាទៅជាកម្មវិធីកំប្លុកកំប្លែងទៅវិញ ។
ចំណែកកម្មវិធីមួយទៀតលោកសុះ ម៉ាច យល់ថា យកអ្នកចម្រៀងមកធ្វើជាគ្រូបង្វឹកគួរតែយកសិល្បៈរៀមច្បងដែលពោរពេញដោយបទពិសោធន៍មករួមជាមួយទើបអាចបញ្ជៀសការរិះគន់បាន ។ យកល្អគួរតែយកគំរូតាមកម្មវិធីរបស់គេដូចជា អាមេរិក ថៃ វៀតណាម ជាដើម ។ ដោយគេយកគណៈកម្មការសុទ្ធតែជាសាស្ត្រាចារ្យ ឬអ្នកសិល្បៈដែលពេញទៅដោយបទពិសោធន៍ផ្នែកសិល្បៈចម្រៀង ។
ទោះបីជាយ៉ាងណាក្ដីប្រធានសិល្បករខ្មែររូបនេះបានសម្តែងការគាំទ្រកម្មវិធីទាំង២នោះតែថាបើសិនអ្នករៀបចំកម្មវិធីកែសម្រួលបន្ថែមទៀតនោះនឹងកាន់តែប្រសើរដូចជាការរៀបចំគណៈកម្មការ និងគ្រូបង្វឹកដោយដាក់រៀមច្បងសិល្បៈឱ្យចូលរួមជាមួយ និងការផ្តល់យោបល់ក្នុងន័យស្ថាបនាវាកាន់តែល្អ ព្រោះកម្មវិធីទាំងនោះល្អស្រាប់ទៅហើយ ។
លោកសុះ ម៉ាច និយាយថា «បើនិយាយពីកម្មវិធីthe voice Cambodia មានលក្ខណៈអន្តរជាតិដោយសារទិញសិទ្ធិពីគេ ដើម្បីបង្កើតកម្មវិធីតាមលំនាំគេ គឺមានការគាំទ្រច្រើនដែរទន្ទឹមនឹងមានការរិះគន់ ។ ចំណែកកម្មវិធីសំនៀងចែងចាំងក៏ល្អដែរបើទោះជាមានការរិះគន់ខ្លះក៏ដោយ ។ កម្មវិធីបែបនេះប្រសិនបើបង្កើតគ្រប់ស្ថានីយទូរទស្សន៍នៅក្នុងស្រុកទាំងអស ដើម្បីជាការប្រកួតប្រជែងនោះ វានឹងកាន់តែប្រសើរ ហើយថ្ងៃមុខយើងនឹងសម្បូរនូវធនធានសិល្បៈមិនខានឡើយ» ៕
ចែករំលែកព័តមាននេះ