រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ពានរង្វាន់ Vattanac Legends Championship បានបើកជាផ្លូវការ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅនៅទីលានវាយកូនគោល វឌ្ឍនៈ ហ្គោល រីហ្សត រាជធានីភ្នំពេញ ។

តាមរយៈអ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប ក្នុងថ្ងៃបើកកម្មវិធី បានឱ្យដឹងថា៖ «Vattanac Legends Championship មិនមែនគ្រាន់តែជាការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានតភ្ជាប់កម្ពុជាទៅកាន់ពិភពលោកទាំងមូល។ ការនាំយកព្រឹត្តិការណ៍ មកកម្ពុជាជាថ្មីនេះ គឺជាការបន្តបេសកកម្មរបស់យើងក្នុងការផ្តល់ឱកាស និងបទពិសោធន៍កម្រិតអន្តរជាតិ ដល់កីឡាករទាំងអាជីព និងមិនមែនអាជីពរបស់ប្រទេសកម្ពុជា ព្រមទាំងជាឱកាសដ៏ល្អក្នុងការបង្ហាញ ទៅកាន់ពិភពលោកឱ្យឃើញពីសុខសន្តិភាព ភាពរីកចម្រើន មោទនភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា» ។

បន្ថែមពីនេះ អ្នកឧកញ៉ា បានបន្តថា ក្រុមហ៊ុនមានបំណងជំរុញទឹកចិត្ត ស្រឡាញ់កីឡាក្នុងចំណោមយុវជនជំនាន់ក្រោយ ក៏ដូចជាចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញវិស័យកីឡា ទេសចរណ៍ និងពង្រឹងចំណងមិត្តភាពអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ ។
ក្រុមហ៊ុន វឌ្ឍនៈ ពិតជាមានមោទនភាពក្នុងការនាំយក និងស្វាគមន៍វត្តមានកំពូលកីឡាករវាយកូនហ្គោលលំដាប់ពិភពលោក មកកាន់ទីលានដ៏ប្រណីត Vattanac Golf Resort ដើម្បីប្រកួតប្រជែងដណ្តើមពានរង្វាន់ដ៏អស្ចារ្យមួយនេះ និងព្រមទាំងឱកាសបង្ហាញពីសក្តានុពល វប្បធម៌ បដិសណ្ឋារកិច្ច កីឡា និងទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

កម្មវិធីប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ដោយមានកីឡាករចូលរួមប្រកួតសរុបរហូតដល់ ៧៩នាក់ ច្រើនជាងឆ្នាំ២០២៥ ដែលមានត្រឹមតែ ៦០នាក់ប៉ុណ្ណោះ, ហើយមកពីប្រទេសចំនួន ២២ ជុំវិញពិភពលោក ក្នុងនោះមាន ខ្មែរ ១នាក់ផងដែរ ។

សូមជម្រាបជូនផងដែរថា នៅក្នុងព្រឹត្តិការណ៍បើកនេះ មានការអញ្ចើញចូលរួមដ៏ខ្ពង់ខ្ពស់ពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, អ្នកឧកញ៉ា សំ អាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប។

ទីលានវាយកូនគោល វឌ្ឍនៈ ហ្គោល រីហ្សត៖ ត្រូវបានរចនាឡើងដោយវីរកីឡាករវាយកូនគោលលំដាប់កំពូលរបស់ពិភពលោកគឺ Sir Nick Faldo។ ទីលាននេះ បង្កើតឡើងដោយបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងស្តង់ដារបច្ចេកទេសកម្រិតពិភពលោក និងដួងព្រលឹងនៃបេតិកភណ្ឌវប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរ តាមរយៈក្បូរក្បាច់រចនានិងសំណង់សិល្បៈហត្ថកម្មដ៏ល្អវិចិត្រនៃរូបចម្លាក់ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ព្រហ្មមុខបួន លានជល់ដំរី និងព្រះបាទជ័យវរ្ម័នទី៧ ព្រមទាំងស្នាដៃសិល្បៈដទៃទៀត។ តាមរយៈស្នាដៃស្ថាបត្យកម្មដ៏ល្អឯកនេះ អាចបញ្ជាក់បានថា រាល់ការវិនិយោគរបស់ វឌ្ឍនៈ គ្រុប តែងតែផ្សារភ្ជាប់នូវដួងព្រលឹងជាតិ ហើយអាចឱ្យកីឡាករគ្រប់រូបនឹងទទួលបាននូវបទពិសោធន៍ដ៏ល្អប្លែក ហើយ អាចស្វែងយល់ និងទទួលអារម្មណ៍ពីភាពចម្រុះគ្នារវាងអរិយធម៌ប្រវត្តិសាស្ត្រដ៏រុងរឿងរបស់កម្ពុជា និងកីឡាវាយកូនគោលនាសម័យទំនើប។ យើងក៏មានរៀបចំ «ភូមិ វឌ្ឍនៈ Championship» (Vattanac Championship Village) ដ៏រស់រវើកមួយនៅក្នុងបរិវេណរមណីយដ្ឋានវាយកូនគោល ដែលនឹងមានការសម្តែងសិល្បៈវប្បធម៌ប្រពៃណីខ្មែរ ម្ហូបអាហារក្នុងស្រុកដ៏ឈ្ងុយឆ្ងាញ់ និងសកម្មភាពកម្សាន្តចម្រុះជាច្រើនសម្រាប់អ្នកចូលរួម និងក្រុមគ្រួសារផងដែរ ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ