ខេត្តពោធិ៍សាត់៖ សាលារៀនអន្តរជាតិ វេស្ទឡាញន៍ សាខាក្រុងពោធិ៍សាត់ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍ និងកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល ។

នៅក្នុងឱកាសជួបសំណេះសំណាលជាមួយឪពុកម្ដាយ និងអាណាព្យាបាលសិស្ស នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេស្ទឡាញន៍ អេឌ្យូខេសិន គ្រុប (Westline Education Group) បានលើកឡើងអំពីសារសំខាន់ និងចំណុចលេចធ្លោរបស់សាលារៀន ដែលជាកត្តាទាក់ទាញធ្វើឱ្យសិស្សានុសិស្ស និងមាតាបិតាចង់ឱ្យកូនៗចូលរៀន ។

លោកឧកញ៉ាបណ្ឌិត បានគូសបញ្ជាក់ថា សាលារៀនអន្តរជាតិ វេស្ទឡាញន៍ មិនត្រឹមតែផ្តោត លើកម្មវិធីសិក្សាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ដែលមានស្តង់ដារខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ជ្រាប នូវកម្មវិធីអប់រំទម្លាប់ល្អៗ កម្មវិធីអភិវឌ្ឍន៍ជំនាញទន់ ជំនាញដឹកនាំ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឱ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹងពិតប្រាកដ និងមានសមត្ថភាពប្រកួតប្រជែង ។ ជាមួយគ្នានេះសាលាបានបញ្ចូលចំណេះដឹងភាពជាអ្នកដឹកនាំ បច្ចេកវិទ្យាឌីជីថល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីឆ្លើយតបនឹងការចង់បានរបស់រាជរដ្ឋាភិបាល ដែលចង់ឃើញយុវជនកម្ពុជាមានសមត្ថភាព គុណធម៌ សីលធម៌ និងរស់រវើក ។

លោកឧកញ៉ាបានបន្តទៀតថា ការវិនិយោគលើវិស័យអប់រំនៅខេត្តពោធិ៍សាត់នេះ គឺជាការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពអប់រំនៅតាមបណ្តាខេត្ត ឱ្យស្មើមុខស្មើមាត់ជាមួយរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការចំណាយរបស់មាតាបិតា ក្នុងការបញ្ជូនកូនៗទៅសិក្សានៅឆ្ងាយពីផ្ទះ ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មានផែនការពង្រីកបន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីសិក្សាថ្មីៗ ព្រមទាំងការពង្រីកសាខាជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការគាំទ្រ និងការទុកចិត្តពីសំណាក់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សក្នុងខេត្តពោធិ៍សាត់ ។
តាមរយៈការប្តេជ្ញាចិត្តខ្ពស់ លើគុណភាពអប់រំ សាលារៀនអន្តរជាតិវេស្ទឡាញន៍សាខាក្រុងពោធិ៍សាត់ នឹងបន្តបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ក្នុងការបណ្តុះបណ្តាលកុមារនិងយុវជនកម្ពុជា ឱ្យក្លាយជាទំពាំងស្នងឫស្សី ដែលមានទាំងចំណេះដឹង សីលធម៌ និងសមត្ថភាពពេញលេញ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខ ។

លោកឧកញ៉ាឱ្យដឹងថា បច្ចុប្បន្នតាមរយៈកិច្ចសហការវិនិយោគ ក្រុមហ៊ុនបានរួមចំណែកអភិវឌ្ឍវិស័យអប់រំ នៅតាមបណ្ដាខេត្តនានា រួមមាន៖ ខេត្តបាត់ដំបង ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្តពោធិ៍សាត់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់គុណភាពអប់រំ និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជា នៅឆ្នាំ២០៥០ ។

លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន មានប្រសាសន៍ថា នៅក្នុងដំណើរឆ្ពោះទៅឧត្តមភាពក្នុងបេសកកម្មអប់រំ ក្រុមហ៊ុនវេស្ទឡាញន៍បានត្រួសត្រាយផ្លូវ ក្នុងការនាំយក និងអនុវត្តនូវវិធីសាស្ត្របង្រៀន និងរៀនបែបទំនើប ដែលផ្ដោតលើសិស្សជាមជ្ឈមណ្ឌល ការរៀន តាមរយៈការអនុវត្តគម្រោង ការគិតត្រិះរិះពិចារណា បំណិនសតវត្សទី២១ កម្មវិធីសិក្សាជាតិ និងអន្តរជាតិនានា រួមទាំងនវានុវត្តឌីជីថល ជាពិសេសការដាក់បញ្ចូលកម្មវិធីសិក្សាអន្តរជាតិ ទៅក្នុងបណ្ដាញសាលារៀនវេស្ទឡាញន៍ គ្រប់សាខាក្នុងឆ្នាំ២០២៦ នេះ ។ ការសម្រេចចិត្តនេះកើតចេញពីចក្ខុវិស័យវែងឆ្ងាយ ក្នុងកាធ្វើសមាហរណកម្ម កម្មវិធីសិក្សាជាតិ ជាមួយនឹងស្ដង់ដាអប់រំលំដាប់ពិភពលោក។ ហេតុផលសំខាន់គឺដើម្បីផ្ដល់ជូនសិស្សានុសិស្សរបស់យើង នូវគុណវុឌ្ឍិ ដែលត្រូវបានទទួលស្គាល់ជាសកល អាចបើកទ្វារឱ្យពួកគេបន្តការសិក្សានៅសកលវិទ្យាល័យល្បីៗនៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី និងបណ្ដាប្រទេសអភិវឌ្ឍនានាបានយ៉ាងរលូន ដោយមិនចាំបាច់ឆ្លងកាត់ការប្រលង ព្រមទាំងជួយសន្សំសំចៃទាំងពេលវេលានិងថវិកាផងដែរ ។

ភាពជោគជ័យទាំងអស់ដែលក្រុមហ៊ុនវេស្ទឡាញន៍ ទទួលបានកន្លងមកនេះ មិនអាចកើតមានឡើងបានឡើយ ប្រសិនបើគ្មានការគាំទ្រនិងការដាក់ចេញ នូវគោលនយោបាយយុទ្ធសាស្ត្រដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធ ការគាំទ្ររបស់ភាគហ៊ុននិក ក្រុមប្រឹក្សាភិបាល ដៃគូអាជីវកម្ម ជាពិសេសគណៈនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអ្នកអាណាព្យាបាល៕ អត្ថបទសហការ









ចែករំលែកព័តមាននេះ