រាជធានីភ្នំពេញ ៖ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាកសិកម្ម និងការអប់រំ ដើម្បីលើកកម្ពស់មិត្តភាពកម្ពុជា–ចិន ។ ក្នុងគោលបំណងពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងវិស័យបច្ចេកវិទ្យាកសិកម្ម ការអភិវឌ្ឍធនធានមនុស្ស និងការអប់រំ លោកស្រី វិន យ៉ាវ ជំនួយការប្រធានសមាគមហុងម៉ិននៅកម្ពុជា តំណាងឱ្យលោក វ៉ាង អ៊ីវិន ប្រធានសមាគម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច និងផ្លាស់ប្តូរយោបល់នៅ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture – RUA) ដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ ។

តំណាងសាមគមដែលបានចូលរួមក្នុងជំនួបរួមមាន ៖ លោកស្រី វិន យ៉ាវ (Wen Yao) ជំនួយការប្រធានសមាគមអន្តរជាតិហុងម៉ិននៅកម្ពុជា និងកញ្ញា អ៊ឹង លាងជូ (Ung Leangzhu) ជំនួយការជនជាតិខ្មែររបស់ប្រធានសមាគមអន្តរជាតិហុងម៉ិននៅកម្ពុជា ។
តំណាងសាកលវិទ្យាល័យដែលបានចូលរួមក្នុងជំនួបរួមមាន ៖ ឯកឧត្ដមសាស្ត្រាចារ្យបណ្ឌិត ង៉ោ ប៊ុនថាន (Ngo Bunthan) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ។ សាស្ត្រាចារ្យរងបណ្ឌិត ហួន ថាវរៈ (Huon Thavrak) សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ។ លោក ពិន ធីរ៉ា (Pinn Thira) ប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិ និងនាយកសាលាបណ្តុះបណ្តាលទេពកោសល្យកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ។
សាកលវិទ្យាល័យភូមិន្ទកសិកម្ម ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤ ក្រោមការគាំទ្ររបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ជាស្ថាប័នឧត្តមសិក្សាសាធារណៈផ្នែកកសិកម្មដែលមានប្រវត្តិយូរអង្វែង និងឥទ្ធិពលខ្លាំងបំផុតមួយនៅកម្ពុជា ។ សាកលវិទ្យាល័យមានមហាវិទ្យាល័យចំនួន ១០ រួមមាន ៖ វិទ្យាសាស្ត្រកសិកម្ម, វេជ្ជសាស្ត្រសត្វ, វិទ្យាសាស្ត្រសត្វ, កសិឧស្សាហកម្ម, វិទ្យាសាស្ត្រព្រៃឈើ, ជលផល និងវារីវប្បកម្ម, សេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍជនបទ, វិស្វកម្មប្រព័ន្ធជីវៈកសិកម្ម, ដែនដី និងរដ្ឋបាលដីធ្លី, អប់រំ និងសារគមនាគមន៍ ព្រមទាំងមានកម្មវិធីសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត ដែលបានបណ្តុះបណ្តាលធនធានមនុស្សជំនាញជាច្រើនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា ។

ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើប្រធានបទជាច្រើន រួមមាន ៖ បច្ចេកវិទ្យាកសិកម្មទំនើប ការអភិវឌ្ឍឧស្សាហកម្មកសិកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងវិស័យឧស្សាហកម្ម ការផ្លាស់ប្តូរការអប់រំអន្តរជាតិ និងទិសដៅសហប្រតិបត្តិការនាពេលអនាគត ព្រមទាំងបានពិភាក្សាអំពីការបង្កើតយន្តការសហប្រតិបត្តិការរយៈពេលវែង ។
លោកស្រី វិន យ៉ាវ បានមានប្រសាសន៍ថា សមាគមហុងម៉ិននៅកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគុណតម្លៃ «ភាពស្មោះត្រង់ សាមគ្គីភាព ជួយគ្នាទៅវិញទៅមក និងឈ្នះរួមគ្នា» ។ ក្រៅពីការជំរុញសាមគ្គីភាពក្នុងសហគមន៍ជនជាតិចិននៅកម្ពុជា សមាគមក៏ប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា កសិកម្ម និងឧស្សាហកម្ម ។ សមាគមសង្ឃឹមថា នាពេលអនាគត ភាគីទាំងពីរនឹងអាចប្រើប្រាស់អត្ថប្រយោជន៍ និងធនធានរបស់ខ្លួនឱ្យបានពេញលេញ ដើម្បីបង្កើតវេទិកាសហប្រតិបត្តិការកាន់តែច្រើន ជំរុញនវានុវត្តន៍បច្ចេកវិទ្យាកសិកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរអន្តរជាតិ រួមចំណែកកាន់តែច្រើនដល់ការពង្រឹងមិត្តភាពកម្ពុជា–ចិន ។

ថ្នាក់ដឹកនាំសាកលវិទ្យាល័យបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសមាគមហុងម៉ិននៅកម្ពុជា និងបានវាយតម្លៃខ្ពស់ថា ភាគីទាំងពីរមានសក្តានុពលធំធេងក្នុងការសហការលើវិស័យអប់រំកសិកម្ម ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការបណ្តុះបណ្តាលធនធានមនុស្ស ។ សាកលវិទ្យាល័យក៏បានបង្ហាញបំណងពង្រឹងទំនាក់ទំនង និងជំរុញឱ្យគម្រោងសហប្រតិបត្តិការជាក់ស្តែងកើតមាននាពេលអនាគត ដើម្បីសម្រេចបាននូវការចែករំលែកធនធាន បំពេញបន្ថែមគ្នា និងអភិវឌ្ឍរួម ។
ទស្សនកិច្ចលើកនេះ មិនត្រឹមតែបានពង្រឹងការយល់ដឹង និងទំនុកចិត្តរវាងភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដាក់មូលដ្ឋានដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ក្នុងវិស័យបច្ចេកវិទ្យាកសិកម្ម ការបណ្តុះបណ្តាល ការផ្លាស់ប្តូរផ្នែកសិក្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ នាពេលខាងមុខ សមាគមហុងម៉ិននៅកម្ពុជា នឹងបន្តដើរតួនាទីជាស្ពានតភ្ជាប់ ដើម្បីជំរុញការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជនកម្ពុជា និងចិន ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា កសិកម្ម និងឧស្សាហកម្ម រួមចំណែកដល់ការកសាងសហគមន៍វាសនារួមកម្ពុជា–ចិន និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់រវាងប្រទេសទាំងពីរ ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ