ខេត្តកំពង់ធំ ៖ សាលាបឋមសិក្សាតាំងក្រសៅ ស្ថិតក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ទទួលបានអគារសិក្សាថ្មី ១ ខ្នង មានចំនួន ៥ បន្ទប់ និងសមិទ្ធផលផ្សេងៗទៀត នេះគឺជាការវិនិយោគដែលមានតម្លៃបំផុត ផ្តល់ផលប្រយោជន៍យូរអង្វែងសម្រាប់ការសិក្សា ក្នុងការរួមចំណែក លើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ ខ្នង មាន ៥ បន្ទប់ និងសមិទ្ធផលផ្សេងៗ នៅក្នុងសាលាបឋមសិក្សាតាំងក្រសៅ ស្ថិតក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៦, លោកជំទាវបណ្ឌិតបានបង្ហាញនូវសេចក្តីរីករាយជាអនេក ដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ នូវអគារសិក្សា ១ ខ្នង មាន ៥ បន្ទប់ និងសមិទ្ធផលផ្សេងៗ ដែលសមិទ្ធផលថ្មីនេះ ជាសក្ខីភាពបញ្ជាក់ពីការយកចិត្ត ទុកដាក់ និងការរួមចំណែកយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
លោកជំទាវបណ្ឌិតក៏បានរំលេចពីការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ បាន កំណត់វិស័យអប់រំជាអាទិភាពដ៏សំខាន់បំផុតមួយ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងចីរភាព និងក៏បាន លើកឡើងអំពីការលះបង់ដ៏ធំធេងរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាអតីតតំណាង រាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ និងតែងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត កសាងសមិទ្ធផលជាច្រើន នៅក្នុងខេត្តកំពង់ធំ មានការរីកចម្រើនជាបន្តបន្ទាប់។
ឆ្លៀតក្នុងឱកាសនោះ, លោកជំទាវបណ្ឌិត ក៏បានរំលឹកដល់មាតាបិតាឱ្យបញ្ជូនកូនទៅរៀន ព្រោះនេះមិនត្រឹមតែជាកាតព្វកិច្ច របស់មាតាបិតាគ្រប់រូបនោះទេ នេះក៏ដូចជាការសន្សំប្រាក់ឱ្យកូន និងជួយស្រោចស្រង់ជីវភាពឱ្យរួចផុតពីភាពក្រីក្រដ៏មានប្រសិទ្ធភាព ផងដែរ ដូចពាក្យស្លោកមួយពោលថា៖ “ការសិក្សាគឺជាស្ពានឆ្ពោះទៅអនាគត ចង់មានថ្ងៃស្អែកទាល់តែរៀបចំពីថ្ងៃនេះ”។ ការវិនិយោគ លើការសិក្សារបស់កូន គឺជាការវិនិយោគដែលមានតម្លៃបំផុត បានផ្តល់ផលប្រយោជន៍យូរអង្វែង មិនត្រឹមតែសម្រាប់គ្រួសារតែមួយទេ គឺសម្រាប់សង្គមនិងជាតិទាំងមូលផងដែរ។ ជាក់ស្តែងកុមារនាពេលបច្ចុប្បន្ន គឺជាកម្លាំងស្នូលនាពេលអនាគត ដែលនឹងក្លាយជាអ្នក ជំនាញ អ្នកច្នៃប្រឌិត និងថ្នាក់ដឹកនាំដែលអាចនាំប្រទេសឱ្យរីកចម្រើន និងមានកិត្យានុភាពលើឆាកអន្តរជាតិ។ ការលើកទឹកចិត្តឱ្យកូន សិក្សាមិនមែនគ្រាន់តែជាការជួយកូនទេ ប៉ុន្តែជាការចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ។ ដូច្នេះសូមលោកអ៊ំ ពូ មីង បងប្អូន ជាអាណាព្យាបាល សូមបញ្ជូនកូនៗទៅសាលា ជួយលើកទឹកចិត្ត និងបង្កលក្ខណៈឱ្យកូនៗបានបន្តការសិក្សាទាំងអស់គ្នា។
លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រង ធនាគារ អេស៊ីលីដា, ធនាគារ ខេប៊ី, ប្រាសាក់, ធនាគារ ស៊ិនហាន, ធនាគារ ABA, ធនាគារ អេ អឹម ខេ, ធនាគារ FTB និងធនាគារ ហត្ថា ដែលបានចូល រួមឧបត្ថម្ភក្នុងការសាងសង់អគារសិក្សា ១ខ្នង មាន៥បន្ទប់ ការជួសជុលកែលម្អអគារសិក្សា ១ខ្នង មាន៥បន្ទប់ និងការសាងសង់រោង បាយថ្មី ១ខ្នង ព្រមទាំងឧបត្ថម្ភតុ កៅអី និងក្តារខៀនផងដែរ។
លោកជំទាវបណ្ឌិត ក៏បាននាំយកនូវអំណោយនិងប្រាក់ឧបត្ថម្ភ ដើម្បីចែកជូនលោកគ្រូ-អ្នកគ្រូ អ៊ំ ពូ មីង អាណាព្យាបាល សិស្ស បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ ៣១៩ នាក់រួមមាន៖ ឧបត្ថម្ភសាលាបឋមសិក្សាតាំងក្រសៅចំនួន ២ លានរៀល, ឧបត្ថម្ភរដ្ឋបាលឃុំ មណ្ឌលសុខភាព, យុវជនគណបក្សភូមិ និងលោកគ្រូ-អ្នកគ្រូសរុប ៧៩រូប ក្នុងម្នាក់ៗទទួលបានសារុង ១ និងថវិកា ៣ ម៉ឺនរៀល, ឧបត្ថម្ភអាណាព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋចំនួន ១៥០រូប ម្នាក់ៗទទួលបានសារុង ១ និងថវិកា ២ម៉ឺនរៀល និងសិស្សានុសិស្សថ្នាក់ទី៤ ដល់ទី៦ ចំនួន ៩០រូប ក្នុងម្នាក់ៗទទួលបានឃីត ១កញ្ចប់ និងថវិកា១ម៉ឺនរៀល៕

















ចែករំលែកព័តមាននេះ