ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជំរុញ​សក្ដានុពល​ទេសចរណ៍​គិរី​រម្យ ! ផ្លូវ​ថ្មី​ត​ភ្ជាប់​ពី​រង្វង់​មូល​នាគព័ន្ធ ទៅ​ឋានសួគ៌​គិរី​រម្យ ប្រវែង ៧​គីឡូម៉ែត្រ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ហើយ

2 អាទិត្យ មុន

គី​រី​រម្យ​, កំពង់ស្ពឺ ៖ ផ្លូវ​បេតុង​អ៊ុត​កៅស៊ូ ១​ខ្សែរ​ប្រវែង ៧០០០​ម៉ែត្រ ទទឹង ៥​ម៉ែត្រ ត​ភ្ជាប់​ពី​រង្វង់​មូល​នាគព័ន្ធ​ទៅ​ឋានសួគ៌​គិរី​រម្យ ក្នុងភូមិ​សាស្ត្រ ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​វត្តមាន​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​, ឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ឯកឧត្ដម​អ្នកឧកញ៉ា​បណ្ឌិត សួរ វី​រៈ អគ្គនាយក​ក្រុមហ៊ុន​វិ​រៈ ប៊ុ​ន​ថាំ កាលពី​ថ្ងៃ​ទី ២៨ ខែមិថុនា ឆ្នាំ ២០២៦ ។

ឯកឧត្តម ហួត ហាក់ បាន​នាំ​នូវ​បណ្ដាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ប្រកបដោយ​ក្ដី​នឹករលឹក ពី​សំណាក់​សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី និង​លោក​ជំទាវ​បណ្ឌិត ជូន​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​អង្គពិធី ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្តកំពង់ស្ពឺ ដែល​ទទួល​បាន​សមិទ្ធផល​ថ្មី​នេះ ។ ឯកឧត្តម ក៏​បាន​ឱកាស​កោតសរសើរ ឯកឧត្ដម​អ្នកឧកញ៉ា​បណ្ឌិត សួរ វី​រៈ ក៏​ដូច​ជា​ក្រុមហ៊ុន​វិ​រៈ ប៊ុ​ន​ថាំ គ្រុប ដែល​តែង​យកចិត្តទុកដាក់​ចូលរួម​ជំរុញ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​លើក​ឡើង​ពី​សារៈ​ប្រយោជន៍​នៃ​ផ្លូវ​មួយ​ខ្សែរ​នេះ ដែល​បម្រើ​ផ្នែក​សេដ្ឋកិច្ច និង​សង្គម មាន​សក្ដានុពល​ទេសចរណ៍ និង​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ក្នុងភូមិ​សាស្ត្រ​ត​បន់​គី​រី​រម្យ ។

ឯកឧត្ដម​អ្នកឧកញ៉ា​បណ្ឌិត សួរ វី​រៈ បាន​មាន​ប្រសាសន៍​ថា ផ្លូវ​បេតុង​អ៊ុត​កៅស៊ូ​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​ក្រុមហ៊ុន​វិ​រៈ ប៊ុ​ន​ថាំ កសាង​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន និង​ភ្ញៀវ​ទេសចរណ៍​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ និង​បាន​រួមចំណែក​ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ច ក្នុង​មូលដ្ឋាន​ផង​ដែរ ។ ផ្លូវ​នេះ គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​មាន​សារៈសំខាន់ ដែល​មិន​អាច​មើល​រំលង ។ យើងខ្ញុំ​សង្ឃឹមថា ផ្លូវ​បេតុង​មួយ​ខ្សែរ​នេះ​នឹង​ជួយ​សម្រួលការ​ធ្វើ​ដំណើរ កាត់​បន្ថយ​ពេលវេលា និង​ការ​ចំណាយ​របស់​បងប្អូន ។ ងាយស្រួល​ដឹក​ជញ្ជូន​កសិផល និង​ទំនិញ​នានា ។ បង្កើន​ឱកាស​រកស៊ី​ទទួលទាន និង​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ត​ភ្ជាប់​ទំនាក់ទំនង​រវាង​តំបន់​មួយ​ទៅ​តំបន់​មួយ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ ។

ការ​កសាង​ផ្លូវ​បេតុង​មួយ​ខ្សែរ​នេះ​ឡើង បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទីណា​មាន​ផ្លូវ ទីនោះ​មានការ​អភិវឌ្ឍ និង​មាន​ក្តី​សង្ឃឹម ។ ឯកឧត្ដម​អ្នកឧកញ៉ា​បណ្ឌិត ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ប្រើប្រាស់​ផ្លូវ​នេះ​ដោយ​ការ​ថែទាំ ដើម្បី​អាច​បម្រើ​ផលប្រយោជន៍​បាន​យូរអង្វែង ៕ អត្ថបទ​សហការ