រាជធានីភ្នំពេញ ៖ «Human of This Planet» ដែលជាវេទិកាសម្រាប់ការចែករំលែករឿងរ៉ាវជាសកល បង្កើតឡើងដោយកញ្ញា ឆឺរីល អ៊ឹង (Cheryl Ng) សហការជាមួយ «Paradyms» ដែលជាស្ទូឌីយោគំនិតច្នៃប្រឌិត បង្កើតឡើងដោយលោក គីអូនី ខារីយ៉ន (Keoni Carrion) បានប្រកាសជាផ្លូវការអំពីការចាក់បញ្ចាំងស៊េរីខ្សែភាពយន្តឯកសាររបស់ខ្លួនដែលមានចំណងជើងថា «លើសពីសំឡេង» ។ ព្រឹត្តិការណ៍បញ្ចាំងភាពយន្តឯកសារជាផ្លូវការនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ៦:០០ ល្ងាច នៅវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ក្នុងរាជធានីភ្នំពេញ ដោយមានវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ចូលរួមជាដៃគូផ្តល់ទីតាំង និងជាសហម្ចាស់ផ្ទះរៀបចំកម្មវិធី។ រាត្រីដ៏ពិសេសនេះ នឹងនាំមកនូវការជួបជុំគ្នារវាងសហគមន៍នានាដែលមានវត្តមាននៅក្នុងខ្សែភាពយន្ត ផលិតករភាពយន្តឯករាជ្យ ព្រមទាំងសាធារណជន និងអ្នកសារព័ត៌មានផងដែរ ។

ស៊េរីខ្សែភាពយន្តឯកសារនេះ បង្ហាញអំពីប្រជាជនកម្ពុជាដែលកំពុងការពារទឹកដី វប្បធម៌ និងសហគមន៍របស់ខ្លួន ដែលសាច់រឿងស្ដែងឡើងតាមរយៈការថតភាពយន្តបែបស៊ីជម្រៅ និងការចុះទៅរស់នៅផ្ទាល់ជាមួយតួអង្គ ដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពបុគ្គលម្នាក់ៗ ដែលកំពុងបំពេញការងាររបស់ខ្លួននៅដាច់ឆ្ងាយពីកែវភ្នែកសាធារណជន ។ ស៊េរីខ្សែភាពយន្តនេះមានចំនួន ៣ភាគ ដោយភាគនីមួយៗមានចំណងជើងដាច់ដោយឡែកពីគ្នា និងរំលេចពីជ្រុងផ្សេងៗគ្នានៃទេសភាពវប្បធម៌ដ៏រស់រវើករបស់ប្រទេសកម្ពុជា ៖

ឫសគល់ ៖ ជាភាគទី ១ ផលិតឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន 3CORsECO ។ ភាគនេះបង្ហាញពីតួអង្គពីររូបក្នុងតំបន់ព្រៃនៅភាគខាងជើងនៃប្រទេសកម្ពុជា ដែលកំពុងបំពេញការងារដើម្បីការពារវប្បធម៌ជនជាតិដើមភាគតិចកួយ ៖ រួមមានអតីតជនភៀសខ្លួនម្នាក់ ដែលបានក្លាយខ្លួនជាស្ថាបត្យករសហគមន៍ ដោយរូបលោកបាននាំយកទាំងជំនាញ និងបទពិសោធន៍ផ្ទាល់ខ្លួនដែលគាត់ធ្លាប់ឆ្លងកាត់ការផ្លាស់ប្តូរទីលំនៅមកជួយដល់សហគមន៍ជនជាតិដើមភាគតិចកួយ តាមរយៈការរចនាលំនៅឋាន សំណង់ និងការបង្កើតសហគ្រាសគ្រាប់ស្វាយចន្ទី ដែលជួយឱ្យជីវភាពរស់នៅរបស់ពួកគេនៅតែមានឫសគល់រឹងមាំនៅលើទឹកដីកំណើតរបស់ខ្លួន និងស្ត្រីវ័យក្មេងជនជាតិដើមភាគតិចកួយម្នាក់ទៀត ដែលកំពុងប្រើប្រាស់សំឡេង និងការបង្ហាញខ្លួនជាសាធារណៈដើម្បីថែរក្សាប្រពៃណីរបស់នាងឱ្យនៅរស់រវើក ។

ចរន្តទឹក ៖ ជាភាគទី ២ ផលិតឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន Khmer Ocean Life ។ ភាគនេះបង្ហាញពីដំណើរជីវិតរបស់ប្រជាជនកម្ពុជាពីររូប ម្នាក់មកពីខេត្តដែលគ្មានឆ្នេរសមុទ្រ និងម្នាក់ទៀតមកពីទីក្រុង ដែលបានរកឃើញផ្លូវឆ្ពោះទៅកាន់មហាសមុទ្រដោយនឹកស្មានមិនដល់ ស្របពេលដែលពួកគេកំពុងស្វែងរកដំណោះស្រាយចំពោះភាពស្មុគស្មាញនៃការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏ផុយស្រួយនៅតាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ។

កែច្នៃឡើងវិញ ៖ ជាភាគទី ៣ ផលិតឡើងក្នុងភាពជាដៃគូជាមួយស្ថាប័ន Remade in Cambodia។ ភាគនេះបង្ហាញពីអ្នករចនាម៉ូដវ័យក្មេងម្នាក់ ដែលបានបដិសេធមិនព្រមបោះបង់ក្តីស្រមៃនៅក្នុងឧស្សាហកម្មមួយដែលមិនទាន់បើកឱកាសឱ្យរូបលោក និងស្ត្រីជនជាតិខ្មែរម្នាក់ក្នុងវ័យជាង ៣០ឆ្នាំ ដែលបានបង្កើតស្ថាប័នមួយក្នុងការកែច្នៃកាកសំណល់វាយនភណ្ឌឱ្យទៅជាសម្លៀកបំពាក់ម៉ូដទាន់សម័យ ។
ពិភពលោក ៣ ដែលភាពខុសគ្នាទាំងស្រុង ។ ប៉ុន្តែ សំណួរដ៏មានអត្ថន័យមួយដែលចោទសួរឡើងនៅក្នុងរឿងរ៉ាវទាំងបីនោះគឺ ៖ តើយើងត្រូវការអ្វីខ្លះដើម្បីការពារអ្វីៗដែលមានតម្លៃបំផុតសម្រាប់យើង ?
កញ្ញា ឆឺរីល អ៊ឹង (Cheryl Ng) ស្ថាបនិកស្ថាប័ន Human of This Planet បានមានប្រសាសន៍ថា ៖ «នៅក្នុងពិភពលោកមួយដែលគេតែងផ្តល់តម្លៃដល់សំឡេងណាដែលលឺជាងគេ ពួកយើងមានចេតនាជ្រើសរើសស្តាប់សំឡេងរបស់អ្នកដែលទូលរែកការទទួលខុសត្រូវដ៏ធំធេង តែមិនសូវមានគេលឺនិងស្គាល់។ ការនិទានរឿងគឺបង្កប់នូវការទទួលខុសត្រូវជាប្រព័ន្ធ ។ ខណៈពេលដែលពិភពលោកបែរទៅយកចិត្តទុកដាក់លើបញ្ហានិរន្តរភាព ការផ្តោតលើការនិទានរឿងរ៉ាវផ្ទាល់ខ្លួននេះ គឺមានបំណងដើម្បីស្ដារតុល្យភាព និងកំណត់ថាតើនរណាដែលគួរតែត្រូវបានគេមើលឃើញ នរណាគួរទទួលបានមូលនិធិ និងនរណាដែលគួរទទួលបានការគាំទ្រនៅថ្នាក់មូលដ្ឋាន» ។
ការចាក់បញ្ចាំងនាថ្ងៃទី ១៩ ខែមិថុនា នៅវិទ្យាស្ថានបារាំងនៅកម្ពុជា នឹងបង្ហាញជូននូវខ្សែភាពយន្តទាំង ៣ភាគនេះ បន្ទាប់មកនឹងមានការពិភាក្សាដេញដោលដោយក្រុមវាគ្មិន ព្រមទាំងកម្មវិធីជជែកកសាងបណ្ដាញបើកទូលាយ ជាមួយតួអង្គក្នុងខ្សែភាពយន្តឯកសារ និងក្រុមការងារផលិតផងដែរ ។ ខ្សែភាពយន្តនេះ នឹងត្រូវដាក់បញ្ចាំងដោយមានអក្សររត់ពីក្រោម (Subtitles) ជាភាសាអង់គ្លេស និងភាសាខ្មែរ។ ប្រសិនអ្នកត្រូវការព័ត៌មានបន្ថែម និងសម្ភារផ្សព្វផ្សាយ សូមចូលទៅកាន់គេហទំព័រ beyondthenoisefilm.com ។
វេទិកា Human of This Planet
Human of This Planet គឺជាវេទិកាចែករំលែករឿងរ៉ាវជាសកល ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២៤ ដោយកញ្ញា ឆឺរីល អ៊ឹង (Cheryl Ng) ដែលផ្ដោតលើការស្វែងរក និងលើកយករឿងរ៉ាវដែលមិនទាន់ត្រូវបានលាតត្រដាងរបស់មនុស្សគ្រប់ស្រទាប់វណ្ណៈមកបង្ហាញ ។ វេទិកាដែលបានចាប់ផ្តើមដំបូងនៅប្រទេសកម្ពុជានេះ បាននាំយករឿងរ៉ាវរបស់ប្រជាជនកម្ពុជាទៅបង្ហាញជូនទស្សនិកជនអន្តរជាតិ តាមរយៈខ្សែភាពយន្តឯកសារ និងការនិទានរឿងបែបស៊ីជម្រៅ ដើម្បីបង្ហាញឱ្យឃើញពីទិដ្ឋភាពនៃប្រទេសមួយដែលមានភាពស្មុគស្មាញ មានភាពធន់ និងមានភាពទាក់ទាញខ្លាំង ជាងអ្វីដែលធ្លាប់លេចឡើងក្នុងសារព័ត៌មាន ។ ការងាររបស់ស្ថាប័ននេះ គឺឈរលើជំនឿចិត្តយ៉ាងមុតមាំថា រឿងរ៉ាវដែលផ្តោតលើមនុស្ស ដែលត្រូវបាននិទានឡើងដោយការយកចិត្តទុកដាក់ខ្ពស់ និងចេញពីបេះដូងពិតៗ អាចផ្លាស់ប្តូរទស្សនវិស័យ និងជម្រុញឱ្យមានការប្រែប្រួលជាវិជ្ជមានលើបញ្ហាសំខាន់ៗបាន។ «Beyond the Noise» គឺជាស៊េរីខ្សែភាពយន្តឯកសារដំបូងបង្អស់របស់វេទិកា Human of This Planet ។
គេហទំព័រ ៖ humanofthisplanet.com | Instagram: @humanofthisplanet
អំពីស្ទូឌីយោ Paradyms
Paradyms គឺជាស្ទូឌីយោគំនិតច្នៃប្រឌិតដែលផ្ដល់សេវាពេញលក្ខណៈ (Full-service creative studio) បង្កើតឡើងដោយផលិតករភាពយន្ត លោក គីអូនី ខារីយ៉ន (Keoni Carrion) ដោយឈរលើការជឿជាក់ថា ការនិទានរឿងអាចជាកម្លាំងចលករនាំមកនូវការផ្លាស់ប្តូរប្រកបដោយអត្ថន័យនៅក្នុងពិភពលោក ។ ដោយមានជំនាញឯកទេសលើការផលិតភាពយន្តឯកសារ មាតិកាពាណិជ្ជកម្មសម្រាប់ម៉ាកយីហោ និងភាពយន្តអត្ថាធិប្បាយជាច្រើនកន្លងមក ក្រុមហ៊ុន Paradyms ធ្លាប់បានសហការការងារជាមួយស្ថាប័នធំៗជាច្រើន រួមមាន HP, Rivian, Switzerland Tourism, Smile Train, Marine Conservation Cambodia, និង Khmer Ocean Life ។ «Beyond the Noise» គឺជាស៊េរីខ្សែភាពយន្តឯកសារដំបូងបង្អស់របស់ Paradyms និងជាការចាប់ផ្តើមកិច្ចសហការច្នៃប្រឌិតបន្តបន្ទាប់ជាមួយស្ថាប័ន Human of This Planet ។
គេហទំព័រ ៖ paradyms.com ៕ អត្ថបទសហការ









ចែករំលែកព័តមាននេះ