● ការរួមបញ្ចូលគ្នានូវសមត្ថភាពដឹកជញ្ជូនទូទាំងប្រទេសរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជាមួយជំនាញ ព្រមទាំងបណ្តាញដឹកជញ្ជូនកម្រិតពិភពលោករបស់ Asendia ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាកម្មដឹកជញ្ជូនសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកទៅកាន់អន្តរជាតិ ។
● គាំទ្រដល់សេវាកម្មដឹកជញ្ជូនទៅក្រៅប្រទេសថ្មីរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ និងជួយភ្ជាប់ប្រទេសកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អឺរ៉ុប និងបណ្តាប្រទេសនានាជុំវិញពិភពលោក ។
● សេវាកម្មដឹកជញ្ជូនពាណិជ្ជកម្មអេឡិចត្រូនិកថ្មីនេះ ផ្តល់ជូននូវដំណោះស្រាយដឹកជញ្ជូនពេញលេញជួយឲ្យការផ្ញើទំនិញទៅក្រៅប្រទេសកាន់តែងាយស្រួល គ្មានភាពស្មុគស្មាញ និងមានទំនុកចិត្តខ្ពស់ ។
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ ក្រុមហ៊ុន វិរៈ ប៊ុនថាំ (VET) ដែលជាប្រតិបត្តិករដឹកជញ្ជូន ឈានមុខគេមួយនៅកម្ពុជា បានប្រកាសតែងតាំងក្រុមហ៊ុន Asendia Singapore ជាអ្នកផ្ដល់សេវាដឹកជញ្ជូនឆ្លងដែនរបស់ខ្លួន ក្រោមកិច្ចសហការពាណិជ្ជកម្ម សំដៅពង្រឹងសមត្ថភាពដឹកជញ្ជូនទៅអន្តរជាតិរបស់កម្ពុជា ។


កិច្ចសហការនេះ មានគោលបំណងជួយគាំទ្រដល់សមត្ថភាពដឹកជញ្ជូនអន្តរជាតិថ្មីរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ព្រមទាំងជួយបើកផ្លូវឱ្យមានលំហូរខ្សែដឹកជញ្ជូនថ្មីៗជាបន្តបន្ទាប់ តាមរយៈការបំពេញបន្ថែមសមត្ថភាពប្រតិបត្តិការឱ្យគ្នាទៅវិញទៅមក ដើម្បីភ្ជាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អឺរ៉ុប និងបណ្តាប្រទេសគោលដៅជាច្រើនទៀត ។

ស្របតាមទិសដៅនៃកិច្ចសហការនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ នឹងគ្រប់គ្រងលើការទទួលបញ្ញើទំនិញ និងការដឹកជញ្ជូនក្នុងស្រុក ដោយប្រើប្រាស់បណ្តាញសាខាដ៏ទូលំទូលាយនៅកម្ពុជា ខណៈដែលក្រុមហ៊ុន Asendia Singapore នឹងទទួលបន្ទុកលើខ្សែដឹកជញ្ជូនពីកម្ពុជាទៅកាន់ប្រទេសគោលដៅ តាមរយៈហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទីកជុំវិញពិភពលោក ជំនាញបែបបទគយ និងប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនរបស់ខ្លួន។

បំពេញចក្ខុវិស័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា តាមរយៈដំណោះស្រាយឡូជីស្ទិកដ៏គួរឱ្យទុកចិត្ត
យោងតាមទិន្នន័យពីព្រឹត្តិបត្រពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា បានសម្រេចទំហំទីផ្សារប្រមាណ ១,៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ នឹងកំពុងបោះជំហានទៅមុខយ៉ាងមុតស្រួច ។ ស្របនឹងនិន្នាការនេះ អាជីវកម្មក្នុងស្រុកកាន់តែច្រើនក៏កំពុងស្វែងរកឱកាសពង្រីកខ្លួនទៅកាន់ទីផ្សារអន្តរជាតិ និងក្នុងវិស័យពាណិជ្ជកម្មឌីជីថលផងដែរ។ ឆ្លើយតបនឹងសន្ទុះនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មដឹកជញ្ជូន ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាចំពោះតម្រូវការកើនឡើងរបស់ពាណិជ្ជករ និងសហគ្រាសកម្ពុជា ក្នុងការនាំយកផលិតផលក្នុងស្រុកទៅកាន់ពិភពលោក ។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ប្រធាន និងជានាយកប្រតិបត្តិនៃ ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានមានប្រសាសន៍ថា៖ «ប្រតិបត្តិការដឹកជញ្ជូនក្នុងស្រុករបស់ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គឺមានគ្រឹះយ៉ាងរឹងមាំរួចទៅហើយ ប៉ុន្តែដើម្បីបំពេញតម្រូវការជាក់ស្តែងក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនាពេលបច្ចុប្បន្ន អ្វីដែលយើងត្រូវបំពេញបន្ថែម គឺដំណោះស្រាយដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិគួរឱ្យទុកចិត្តមួយ» ។ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត បានបន្ថែមថា «ការបូកផ្សំរវាងចំណុចខ្លាំងរបស់ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជាមួយនឹងបណ្តាញដឹកជញ្ជូនទូទាំងពិភពលោក ព្រមទាំងជំនាញផ្នែកបែបបទគយ និងប្រតិបត្តិការប្រកបដោយបទពិសោធន៍របស់ Asendia នឹងជួយពង្រឹងជំហររបស់យើងឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់ ដើម្បីជួយអាជីវកម្មកម្ពុជាឱ្យចូលរួមប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិប្រកបដោយភាពជឿជាក់» ។
គំនិតផ្ដួចផ្ដើមនេះដែរ មិនត្រឹមតែឆ្លុះបញ្ចាំងពីគោលដៅជាតិក្នុងការពង្រឹងខ្លួន ក្នុងពាណិជ្ជកម្មសកល និងសេដ្ឋកិច្ចឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទំព័រថ្មីមួយ ដែលបើកឱកាសឱ្យអាជីវកម្មក្នុងស្រុក អាចបង្ហាញវត្តមាននៅក្រៅប្រទេសផងដែរ ។

Asendia នាំយកសមត្ថភាពដឹកជញ្ជូនលំដាប់ពិភពលោកមកកាន់កម្ពុជា
របាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញថា សហគ្រាសធុនតូច និងមធ្យម (SMEs) មានចំនួនរហូតដល់ទៅប្រមាណ ៩៩% នៃវិស័យឯកជននៅកម្ពុជា ។ តួលេខនេះបានគូសបញ្ជាក់យ៉ាងច្បាស់ពីសក្តានុពលដ៏ធំ សម្រាប់អាជីវកម្មក្នុងស្រុកក្នុងការឈានចូលទីផ្សារអន្តរជាតិ តាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន ។

លោក Senthil Kumar នាយកប្រតិបត្តិក្រុមហ៊ុន Asendia សិង្ហបុរី និងអាស៊ីខាងត្បូង បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Asendia បានប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ យើងមើលឃើញយ៉ាងច្បាស់ថា ប្រទេសកម្ពុជាគឺជាទីផ្សារមួយដែលកំពុងមានការរីកចម្រើនយ៉ាងរហ័ស ជាពិសេសលើតម្រូវការដឹកជញ្ជូនទំនិញទៅក្រៅប្រទេស សម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក»។ លោកបានបន្ថែមទៀតថា «កិច្ចសហការនេះនឹងផ្សារភ្ជាប់ឧត្តមភាពនៃប្រព័ន្ធដឹកជញ្ជូនក្នុងស្រុករបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ទៅនឹងបណ្តាញសកលដ៏ទូលំទូលាយ និងជំនាញដឹកជញ្ជូនឆ្លងដែនរបស់ Asendia ដើម្បីបង្កើតបានជាបង្អែកដ៏រឹងមាំមួយ រុញច្រានឱ្យអាជីវកម្មនៅកម្ពុជាអាចបង្ហាញខ្លួនទៅកាន់ឆាកអន្តរជាតិបានយ៉ាងងាយស្រួល» ។
កិច្ចសហការនេះ ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ Asendia ក្នុងការពង្រីកវិសាលភាពអាជីវកម្មទៅកាន់ទីផ្សារកំពុងអភិវឌ្ឍទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ ។

កាតាលីករជំរុញកម្ពុជាឆ្ពោះទៅកាន់ទីផ្សារសកល និងពន្លឿនកំណើនសេដ្ឋកិច្ចឌីជីថល
គួរបញ្ជាក់ផងដែរថា កិច្ចសហការដ៏សំខាន់នេះអាចសម្រេចទៅបាន ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុន Confluences ដែលបានដើរតួនាទីរៀបចំផ្សារភ្ជាប់ទំនាក់ទំនងរវាងដៃគូពាក់ព័ន្ធសំខាន់ៗនៅក្នុងវិស័យ ដែលជាផ្នែកមួយនៃបេសកកម្មស្នូលរបស់ក្រុមហ៊ុន Confluences ក្នុងការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនអន្តរជាតិ និងគាំទ្រដល់ការចូលមកវិនិយោគ ក៏ដូចជាពង្រីកប្រតិបត្តិការនៅក្នុងទីផ្សារកម្ពុជារបស់ក្រុមហ៊ុនអន្តរជាតិផងដែរ ។
លោក Soreasmey Ke Bin នាយកប្រតិបត្តិក្រុមហ៊ុន Confluences បានលើកឡើងថា៖ «កិច្ចសហការពាណិជ្ជកម្មនេះ ប្រៀបបានជាស្ពានយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលនាំកម្ពុជាឆ្ពោះទៅកាន់ការពង្រឹងជំហររបស់ខ្លួននៅលើឆាកពាណិជ្ជកម្មអន្តរជាតិ និងពាណិជ្ជកម្មអេឡិចត្រូនិក» ។

កិច្ចសហការនេះ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការធ្វើអន្តរជាតូបនីយកម្មសហគ្រាសធុនតូច និងមធ្យម និងការសម្របសម្រួលពាណិជ្ជកម្មផងដែរ ។
ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល រួមមាន ច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១–២០៣៥ សំដៅជំរុញការធ្វើសមាហរណកម្មរបស់កម្ពុជាក្នុងផ្សារឌីជីថល ទាំងក្នុងតំបន់ និងលើសកលលោក ។
បច្ចុប្បន្ន ក្រុមហ៊ុន វិរៈ ប៊ុនថាំ និង Asendia កំពុងស្ថិតក្នុងដំណាក់កាលអនុវត្តគម្រោង និងសាកល្បងប្រតិបត្តិការលើផ្លូវដឹកជញ្ជូនទៅកាន់គោលដៅនានាជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ មុននឹងឈានទៅដល់ការដាក់ឱ្យដំណើរការពេញលេញ និងជាផ្លូវការនៃសេវាកម្មដឹកជញ្ជូនអន្តរជាតិទាំងស្រុង ។

អំពីក្រុមហ៊ុន វិរៈ ប៊ុនថាំ (VET)
ជាក្រុមហ៊ុនខ្មែរ បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរ ឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសជិតខាងមួយចំនួន។ ក្រៅពីសេវាកម្ម ទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារនិងរីសត រថយន្តដឹកទំនិញធន់ធំ រថយន្តជួលប្រណិត រថយន្តគ្រែគេងយប់ប្រណិត រថយន្តក្រុងប្រណិត ទូកល្បឿនលឿន ទូកកំសាន្តទេសចរណ៍ ស្ថានីយ៍សាកថ្មយានយន្ត រោងចក្រជីកសិកម្ម រោងចក្រផលិតម្ហូបអាហារនិងគ្រឿងទេស និងអចលនទ្រព្យ ។
សម្រាប់ព័ត៌មានបន្ថែម ៖ www.vireakbuntham.com

អំពីក្រុមហ៊ុន Asendia
គឺជាក្រុមហ៊ុនឈានមុខគេមួយលើពិភពលោកក្នុងវិស័យដឹកជញ្ជូនពាណិជ្ជកម្មអេឡិចត្រូនិក និងប្រៃសណីយ៍អន្តរជាតិ ដោយមានបណ្តាញចែកចាយទំនិញ និងឯកសារទៅកាន់គោលដៅជាង ២០០ ប្រទេសជុំវិញពិភពលោក។ Asendia ត្រូវបានបង្កើតឡើងរួមគ្នាដោយស្ថាប័នប្រៃសណីយ៍ដ៏ល្បីល្បាញពីរគឺ La Poste (បារាំង) និង Swiss Post (ស្វីស) ដែលធ្វើឱ្យក្រុមហ៊ុនមួយនេះមានទាំងបទពិសោធន៍លំដាប់អន្តរជាតិ និងការយល់ដឹងច្បាស់ពីទីផ្សារក្នុងស្រុក។ វិសាលភាពសេវាកម្មរបស់ Asendia គ្របដណ្តប់លើគ្រប់ទិដ្ឋភាពនៃពាណិជ្ជកម្មអេឡិចត្រូនិក ចាប់តាំងពីការរៀបចំប្រព័ន្ធសូហ្វវែរសម្រាប់គេហទំព័រលក់ទំនិញ និងទីផ្សារអនឡាញនានា រហូតដល់សេវាដឹកជញ្ជូនទំនិញទៅកាន់គ្រប់ទីកន្លែងជុំវិញពិភពលោក ។
សម្រាប់ Asendia ការដឹកជញ្ជូនមិនមែនគ្រាន់តែជាការបញ្ជូនទំនិញពីចំណុចមួយទៅចំណុចមួយប៉ុណ្ណោះទេ ប៉ុន្តែគឺការតភ្ជាប់រវាងម៉ាកយីហោ និងអតិថិជនតាមរយៈដំណោះស្រាយឡូជីស្ទិកដ៏ឆ្លាតវៃ មានភាពបត់បែន និងឈរលើបទពិសោធន៍ បច្ចេកវិទ្យាទំនើប និងការយកចិត្តទុកដាក់។ តាមរយៈទស្សនវិជ្ជា «smart-design by asendia®» ក្រុមហ៊ុនបានប្រមូលផ្តុំធនធានមនុស្ស និងបណ្តាញដឹកជញ្ជូន ដើម្បីបង្កើតដំណោះស្រាយដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់រូប ។

ចក្ខុវិស័យរបស់ Asendia គឺការបើកឱកាសឱ្យអតិថិជនទូទាំងពិភពលោក អាចពង្រីកអាជីវកម្មទៅកាន់ទីផ្សារសកលបានយ៉ាងរលូន តាមរយៈដំណោះស្រាយដឹកជញ្ជូនឆ្លងដែនប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។ បច្ចុប្បន្ន Asendia មានបុគ្គលិកជាង ២ ០០០ នាក់ នៅទូទាំងទ្វីបអឺរ៉ុប ចក្រភពអង់គ្លេស តំបន់អាស៊ីប៉ាស៊ីហ្វិក និងសហរដ្ឋអាមេរិក ដោយបង្កើតបានជាបណ្តាញសកល ជាមួយវត្តមានតាមតំបន់នីមួយៗយ៉ាងរឹងមាំ ។
ភ្ជាប់បទពិសោធន៍លំដាប់ពិភពលោក ជាមួយការយល់ដឹងច្បាស់លាស់អំពីបរិបទក្នុងតំបន់ ដើម្បីដំណោះស្រាយសមស្របនឹងតម្រូវការរបស់អ្នក ។
សម្រាប់ព័ត៌មានបន្ថែម ៖ www.asendia.com

អំពីក្រុមហ៊ុន Confluences
គឺជាក្រុមហ៊ុនមានមូលដ្ឋាននៅកម្ពុជា ដែលជួយសម្រួលដល់ក្រុមហ៊ុនអន្តរជាតិក្នុងការវិនិយោគ និងអភិវឌ្ឍអាជីវកម្ម ក៏ដូចជាគម្រោងយុទ្ធសាស្ត្រនានានៅកម្ពុជា និងក្នុងតំបន់មេគង្គ។ ក្រុមហ៊ុនផ្ដល់សេវាកម្មសម្របសម្រួលលើការធ្វើពាណិជ្ជកម្មឆ្លងដែន ការរៀបចំផែនការចូលទីផ្សារ គម្រោងវិនិយោគ និងការបង្កើតកិច្ចសហការពាណិជ្ជកម្មលើវិស័យជាច្រើន រួមមាន៖ ផ្នែកដឹកជញ្ជូន (ឡូជីស្ទីក) ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្ម ។
សម្រាប់ព័ត៌មានបន្ថែម ៖ www.confluences.asia
ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ លោក អ៊ាន វិចិត្រ ប្រធានផ្នែកទីផ្សារឌីជីថល ក្រុមហ៊ុន វិរៈ ប៊ុនថាំ អ៊ីមែល៖ eanvichet@gmail.com ៕ អត្ថបទសហការ



ចែករំលែកព័តមាននេះ