រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ ៖ ធនាគារ មេយប៊ែង ខេមបូឌា និងស្ថាប័នបណ្តាញ UN Global Compact ប្រចាំម៉ាទ្បេស៊ី ព្រុយណេ និងកម្ពុជា (UNGCMBC) បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន សង្គម និងអភិបាលកិច្ច ព្រមទាំងពង្រឹងសមត្ថភាព និងការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់នៅក្នុងប្រទេសកម្ពុជា ។

សម្ព័ន្ធធនាគារ មេយប៊ែង បានចូលរួមជាសមាជិកយ៉ាងសកម្ម និងជាដៃគូដ៏សំខាន់របស់ UNGCMBC តាំងពីឆ្នាំ ២០២២ មកម្ល៉េះ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញគំនិតផ្តួចផ្តើមផ្នែកចីរភាពរបស់ខ្លួន ។ ភាពជាដៃគូនេះ បាននាំមកនូវសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមទាំងការបង្កើតវគ្គសិក្សា វិញ្ញាបនបត្របញ្ជាក់អ្នកជំនាញផ្នែកចីរភាព ធនាគារ មេយប៊ែង (“MSPC”) ។ កម្មវិធី MSPC នេះត្រូវបានរៀបចំឡើង ក្រោមក្របខណ្ឌសហការជាមួយ UNGCMBC ដើម្បីផ្តល់នូវកម្មវិធីសិក្សា ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដែលអនុញ្ញាតឱ្យអ្នកជំនាញផ្នែកចីរភាពអាចពង្រឹង និងទទួលបានការទទួលស្គាល់ជំនាញរបស់ពួកគេ តាមរយៈដំណើរការវាយតម្លៃជាដំណាក់កាលយ៉ាងហ្មត់ចត់ ។

កិច្ចសហប្រតិបត្តិការនេះក៏ឆ្លុះបញ្ចាំងពីការបន្តភាពជាដៃគូ និងបើកនូវទំព័រថ្មីមួយក្នុងការចូលរួមរបស់ UNGCMBC នៅក្នុងប្រទេសកម្ពុជា ដោយបានផ្សារភ្ជាប់ជាលើកដំបូងបង្អស់រវាងវត្តមាននៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងបណ្តាញអាជីវកម្មរបស់ធនាគារ មេយប៊ែង ជាមួយនឹងជំនាញ ឧបករណ៍ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ផ្នែកចីរភាពរបស់ UNGCMBC ។ ក្រោមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងស្វែងរកឱកាសដើម្បីសហការគ្នាលើការតស៊ូមតិ បង្កើនការយល់ដឹង និងបង្កើតកម្មវិធីពង្រឹងសមត្ថភាពលើការងារបរិស្ថាន សង្គម និងអភិបាលកិច្ច កម្មវិធីជួបជុំផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក៏ដូចជាការស្រាវជ្រាវ និងការដឹកនាំលើការបង្កើតគំនិតថ្មីៗ ពាក់ព័ន្ធនឹងផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា ។

លោក Datuk Shahril Azuar Jimin នាយកចីរភាព នៃសម្ព័នធនាគារ មេយប៊ែង បានមានប្រសាសន៍ថា ៖ «ភាពជាដៃគូរបស់យើងជាមួយ UNGCMBC បានពង្រឹងការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់ជូននូវហិរញ្ញប្បទានប្រកបដោយចីរភាព និងការបង្កើតផលវិជ្ជមានដល់សង្គម ក៏ដូចជាបរិស្ថាន ស្របតាមយុទ្ធសាស្ត្រ ROAR30 ។ តាមរយៈកិច្ចសហការនេះ យើងមានគោលបំណងពន្លឿនសកម្មភាពរួមគ្នា ពង្រឹងការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងផ្តល់នូវលទ្ធផលដែលអាចវាស់វែងបាននៅទូទាំងសហគមន៍ដែលយើងកំពុងបម្រើប្រតិបត្តិការ» ។
កិច្ចសហប្រតិបត្តិការនេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ធនាគារ មេយប៊ែងក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ក្រោមយុទ្ធសាស្ត្រ ROAR30 ក្នុងការផ្តល់ជូនថវិកាចំនួន ៣០០ ពាន់លានរីងហ្គីត (ប្រហែល ៧៣ ពាន់លានដុល្លារ) សម្រាប់ហិរញ្ញប្បទានប្រកបដោយចីរភាពចន្លោះឆ្នាំ ២០២៦ ដល់ ២០៣០។

នៅក្នុងឆ្នាំ ២០២៥ ធនាគារ មេយប៊ែង បានផ្តល់ជូនហិរញ្ញប្បទានរហូតដល់ ១០៨,៦៤ លានដុល្លារអាមេរិក សម្រាប់ការផ្ដល់ហិរញ្ញប្បទានប្រកបដោយចីរភាព រួមទាំងថវិកាចំនួន ៤០ លានដុល្លារ ត្រូវបានបែងចែកជាហិរញ្ញប្បទានបៃតង ដើម្បីគាំទ្រដល់ការពង្រឹងប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីជាតិរបស់កម្ពុជា និងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យកាន់តែមានប្រសិទ្ធភាព ។ ទន្ទឹមនឹងនេះធនាគារ មេយប៊ែង ក៏បានចូលរួមចំណែកគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ជាង ១០០នាក់ តាមរយៈការបណ្តុះបណ្តាលសមត្ថភាពអាជីវកម្ម និងបានជួយពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់បុគ្គលចំនួន ៨៥៤ នាក់ផងដែរ ។ កត្តាទាំងនេះ សុទ្ធតែបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ ក្នុងការជំរុញសេដ្ឋកិច្ចឱ្យមានភាពរីកចម្រើន បរិយាបន្ន និងមានភាពធន់ជាងមុន ។

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង បានមានប្រសាសន៍ថា ៖ «នៅក្នុងដំណើរដែលប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចដែលមានចីរភាពជាងមុន គឺទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវិស័យសាធារណៈ និងឯកជន ។ តាមរយៈភាពជាដៃគូជាមួយ UNGCMBC យើងមានបំណងចង់ជួយគាំទ្រដល់អាជីវកម្មនានា តាមរយៈការផ្តល់នូវចំណេះដឹង បណ្តាញទំនាក់ទំនង និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយចីរភាព ដែលជាកត្តាចាំបាច់ក្នុងការបង្កើនភាពធន់ ជំរុញកំណើនរយៈពេលវែង និងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅប្រទេសកម្ពុជា» ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាបានកើតឡើងចំពេលដែលកម្ពុជាកំពុងពង្រឹងរបៀបវារៈហិរញ្ញវត្ថុប្រកបដោយចីរភាព និងការខិតខំឆ្ពោះទៅរកគោលដៅអព្យាក្រឹតកាបូន ។ កិច្ចសហប្រតិបត្តិការនេះ ក៏មានភាពស៊ីចង្វាក់គ្នាជាមួយការដាក់ឱ្យប្រើប្រាស់នូវ ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាព នៅប្រទេសកម្ពុជា ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា តាមរយៈកិច្ចសហការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងដៃគូពាក់ព័ន្ធផ្សេងៗ ដែលបង្កើតនូវចំនុចចាប់ផ្តើមយោងមួយក្នុងការកំណត់ និងបែងចែកប្រភេទសកម្មភាពសេដ្ឋកិច្ចនានាដែលប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា ។

លោក Faroze Nadar នាយកប្រតិបត្តិនៃ UNGCMBC បានលើកឡើងថា ៖ «ដើម្បីសម្រេចបាននូវវឌ្ឍនភាពនៃចីរភាពប្រកបដោយប្រសិទ្ធភាព យើងត្រូវការភាពដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ មិនត្រឹមតែយល់ដឹងលើសមិទ្ធផលធម្មតាប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានសមត្ថភាពក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរពិតប្រាកដនៅក្នុងស្ថាប័ន ។ ខណៈពេលដែលវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជាកំពុងមានការរីកចម្រើន ភាពដឹកនាំអាជីវកម្មគឺមានតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយគោលដៅឱ្យទៅជាសកម្មភាពជាក់ស្តែង ការពង្រឹងអភិបាលកិច្ចកាន់តែរឹងមាំ និងការបង្កើតតម្លៃយូរអង្វែង ។ តាមរយៈកិច្ចសហការជាមួយធនាគារ មេយប៊ែង យើងសង្ឃឹមថានឹងអាចផ្តល់នូវចំណេះដឹង ការពិភាក្សា និងឧបករណ៍ចាំបាច់នានា ដើម្បីជួយដល់ថ្នាក់ដឹកនាំ និងអាជីវកម្មនានា ក្នុងការជំរុញសកម្មភាពអាជីវកម្មឱ្យកាន់តែមានការទទួលខុសត្រូវខ្ពស់» ។

ដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការនេះធនាគារ មេយប៊ែង និង UNGCMBC កំពុងធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមចំនួនពីរគឺ៖ វគ្គបណ្តុះបណ្តាលសម្រាប់អតិថិជនលើ ការកសាងភាពធន់តាមរយៈចីរភាពសម្រាប់អាជីវកម្មកម្ពុជា និង កិច្ចពិភាក្សាតុមូលស្តីពីភាពដឹកនាំប្រកបដោយចីរភាពលើ ការជំរុញការផ្លាស់ប្តូររបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាព ។

កម្មវិធីបណ្តុះបណ្តាលសម្រាប់អតិថិជន បានប្រមូលផ្តុំម្ចាស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម និងតំណាងក្រុមហ៊ុននានា ដើម្បីចូលរួមក្នុងវគ្គពង្រឹងសមត្ថភាពជាក់ស្តែង ស្តីពីចីរភាព និងភាពធន់នៃអាជីវកម្ម ។ នៅក្នុងវគ្គនេះ យើងបានលើកយកមកបង្ហាញនូវគោលការណ៍ចីរភាព និងបរិស្ថាន សង្គម និងអភិបាលកិច្ច ព្រមទាំងការវិវត្តនៃទិដ្ឋភាពចីរភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាវិធីសាស្ត្រអនុវត្តជាក់ស្តែង ដើម្បីឱ្យអាជីវកម្មអាចបញ្ចូលនូវការទទួលខុសត្រូវក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព ។

ការពិភាក្សានេះបានផ្តោតលើសារៈសំខាន់នៃចីរភាព ដែលអាចជួយឱ្យអាជីវកម្មត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមនឹងបញ្ហានានា កែលម្អដំណើរការការងារឱ្យកាន់តែប្រសើរ កាត់បន្ថយការចំណាយ បង្កើនទំនុកចិត្តពីសំណាក់អតិថិជន និងសហគមន៍ ព្រមទាំងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងរយៈពេលវែង ។ ទន្ទឹមនឹងនេះ អ្នកចូលរួមក៏ទទួលបានការណែនាំអំពីដំណោះស្រាយហិរញ្ញវត្ថុ ដែលត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដើម្បីគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាព និងការគ្រប់គ្រងហានិភ័យឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ ។

លោក រ័ត្ន សោភ័ណ បានបញ្ជាក់បន្ថែមថា ៖ «នៅពេលដែលការគិតគូពីចីរភាព ត្រូវបានដាក់បញ្ចូលទៅក្នុងរាល់ការសម្រេចចិត្តលើអាជីវកម្ម និងការវិនិយោគ ការដឹកនាំនឹងក្លាយជាកត្តាដ៏សំខាន់បំផុតក្នុងការជំរុញឱ្យមានការរីកចម្រើនប្រកបដោយអត្ថន័យ ។ វដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា បានបង្កើតនូវមូលដ្ឋានគ្រឹះរួមមួយ សម្រាប់កំណើនប្រកបដោយចីរភាព ប៉ុន្តែផលប៉ះពាល់ជាក់ស្តែងនៃចំណាត់ថ្នាក់នេះ គឺអាស្រ័យទៅលើឆន្ទៈរបស់ស្ថាប័ននីមួយៗ ក្នុងការហ៊ានផ្លាស់ប្តូរ ពង្រឹងអភិបាលកិច្ច និងបញ្ចូលនូវគោលការណ៍ចីរភាពទៅក្នុងយុទ្ធសាស្ត្ររយៈពេលវែងរបស់ពួកគេ ។ យើងពិតជាមានសេចក្តីរីករាយក្នុងការសម្របសម្រួលកិច្ចពិភាក្សាដ៏សំខាន់ទាំងនេះ ដើម្បីជួយគាំទ្រដល់អតិថិជនរបស់យើង ក្នុងដំណើរការឆ្ពោះទៅរកចីរភាពរបស់ពួកគេ» ។

កម្មវិធីកិច្ចពិភាក្សាតុមូល ស្តីពីភាពដឹកនាំប្រកបដោយចីរភាពនេះ បានក្លាយជាវេទិកាមួយដែលប្រមូលផ្តុំនូវថ្នាក់ដឹកនាំប្រតិបត្តិ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាជីវកម្មនានា ដើម្បីរួមគ្នាពិភាក្សាកម្រិតយុទ្ធសាស្ត្រ អំពីស្ថានភាពហិរញ្ញវត្ថុប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសិក្សាពីផលប៉ះពាល់ជាក់ស្តែងនៃ វដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា ។
ការពិភាក្សានេះ បានស្វែងយល់យ៉ាងស៊ីជម្រៅអំពីតួនាទីនៃវដ្តករសាស្ត្រ ក្នុងការតម្រង់ទិសដៅវិនិយោគ ការសម្រេចចិត្តលើហិរញ្ញប្បទាន និងយុទ្ធសាស្ត្រផ្លាស់ប្តូរអាជីវកម្មឱ្យស្របទៅនឹងអាទិភាពនៃចីរភាពជាតិ ក៏ដូចជាស្តង់ដារអនុវត្តល្អបំផុតជាអន្តរជាតិ ។ ទន្ទឹមនឹងនេះ អ្នកចូលរួមក៏បានផ្លាស់ប្តូរមតិយោបល់គ្នាលើបញ្ហាប្រឈមនានា ក្នុងការអនុវត្តជាក់ស្តែង ការស្វែងរកការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័ននិយតកម្ម ព្រមទាំងការលើកឡើងអំពីភាពជាអ្នកដឹកនាំដែលចាំបាច់ ដើម្បីប្រែក្លាយគោលដៅចីរភាពឱ្យទៅជាសកម្មភាពជាក់ស្តែង ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នានេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងធនាគារ មេយប៊ែង និង UNGCMBC ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីអាជីវកម្មនៅកម្ពុជាឱ្យកាន់តែរឹងមាំ តាមរយៈការចែករំលែកបទពិសោធន៍ជាក់ស្តែង ការពិភាក្សាយុទ្ធសាស្ត្រ និងការសហការគ្នារវាងវិស័យផ្សេងៗ។ ចំពោះវគ្គបណ្តុះបណ្តាល និងការពិភាក្សាតុមូលនាពេលនេះ គឺជាសកម្មភាពដំបូងបង្អស់ដែលត្រូវអនុវត្តក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ។

អំពីធនាគារ មេយប៊ែង ខេមបូឌា
ធនាគារ មេយប៊ែង ខេមបូឌា គឺជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេស ដែលមានវត្តមានតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ ។ ធនាគារនេះ បានក្លាយជាធនាគារពាណិជ្ជក្នុងស្រុកដែលចុះបញ្ជីជាផ្លូវការនៅក្នុងឆ្នាំ ២០១២ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ខ្លួនចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។ ធនាគារផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងពេញលេញ រួមមានសេវាធនាគារសម្រាប់សាជីវកម្ម អាជីវកម្ម និងអតិថិជនបុគ្គល ព្រមទាំងដំណោះស្រាយសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត និងទូរសព្ទដៃផងដែរ ។ ធនាគារ មេយប៊ែង មានបណ្តាញសាខាចំនួន ២១ កន្លែងនៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសំខាន់ៗទូទាំងប្រទេស ។ ក្នុងនាមជាផ្នែកមួយនៃសម្ព័នធនាគារ មេយប៊ែង ដែលជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុឈានមុខគេក្នុងតំបន់អាស៊ាន ដោយផ្តល់ជូននូវសេវាធនាគាររួមមាន ធនាគារវិនិយោគ ធនាគារឥស្លាម ការធានារ៉ាប់រង និងសេវាគ្រប់គ្រងទ្រព្យសកម្ម ។ ជាមួយនឹងវត្តមានយ៉ាងទូលំទូលាយនៅក្នុងប្រទេសចំនួន ១៨ រួមទាំងទីផ្សារអាស៊ានទាំង ១០ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកសំខាន់ៗ ធនាគារ មេយប៊ែង មានទីផ្សារស្នូលដ៏រឹងមាំនៅក្នុងប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងកម្ពុជា ។
បណ្តាញUNGC ប្រចាំម៉ាទ្បេស៊ី ព្រុយណេ និងកម្ពុជា
ក្នុងនាមជាគំនិតផ្តួចផ្តើមពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងសកលរបស់អង្គការសហប្រជាជាតិ United Nations Global Compact មានតួនាទីយ៉ាងសំខាន់ក្នុងការកៀរគរវិស័យធុរកិច្ចនានា ឱ្យប្រែក្លាយមហិច្ឆតាចីរភាពទៅជាសកម្មភាពជាក់ស្តែង ស្របតាមតម្រូវការចាំបាច់របស់ពិភពលោក ។ ជាមួយនឹងសមាជិកចូលរួមជាង ២៥,០០០ រូប និងវត្តមាននៅក្នុងប្រទេសជាង ១០០ តាមរយៈមជ្ឈមណ្ឌលក្នុងតំបន់ចំនួន ៥ រួមជាមួយបណ្តាញប្រចាំប្រទេស និងតំបន់ជាង៧០ ផ្សេងទៀត United Nations Global Compact បានក្លាយជាគំនិតផ្តួចផ្តើមផ្នែកនិរន្តរភាពសាជីវកម្មដ៏ធំបំផុតនៅលើពិភពលោក ។
United Nations Global Compact ប្រចាំម៉ាឡេស៊ី ព្រុយណេ និងកម្ពុជា គឺជាបណ្តាញផ្លូវការក្នុងតំបន់ ដែលផ្តល់ការគាំទ្រដល់អាជីវកម្មនានានៅទូទាំងប្រទេសម៉ាឡេស៊ី ព្រុយណេ និងកម្ពុជា ឱ្យដើរស្របតាមគោលការណ៍ទាំង ១០ របស់កិច្ចព្រមព្រៀងសកលរបស់អង្គការសហប្រជាជាតិ។ យើងមានគោលបំណងជំរុញឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបំប្លែងផែនការអភិវឌ្ឍន៍ឱ្យទៅជាសកម្មភាពជាក់ស្តែង តាមរយៈការចែករំលែកបទពិសោធន៍ ការបង្កើតបណ្តាញទំនាក់ទំនងយុទ្ធសាស្ត្រ ការផ្តល់ឧបករណ៍ជំនួយ និងការរៀបចំកម្មវិធីនានាដែលផ្តោតលើការអនុវត្តជាក់ស្តែង ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ