ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន GRAB សហការជាមួយមន្ទីរពេទ្យ INTERCARE បើកដំណើរការកម្មវិធីសង្គ្រោះបឋម សម្រាប់ដៃគូបើកបរនៅរាជធានីភ្នំពេញ

10 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Grab ដែលជាកម្មវិធី Superapp ឈានមុខគេប្រចាំថ្ងៃ នៅអាស៊ីអាគ្នេយ៍ ថ្មីៗនេះបានបើកដំណើរការកម្មវិធីបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម សម្រាប់ដៃគូបើកបររបស់ ខ្លួននៅក្នុងរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ខ្លួនចំពោះសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសុខុមាលភាពសហគមន៍ ។ គំនិតផ្តួចផ្តើមនេះបំពាក់បំប៉នដៃគូបើកបររបស់ពួកយើងឱ្យមានសមត្ថភាព ដើរតួជាអ្នកឆ្លើយតបបន្ទាន់ភ្លាមៗ និងផ្តល់ជំនួយសង្គ្រោះជីវិតនៅនឹងកន្លែងកើតហេតុ នៃគ្រោះថ្នាក់ចរាចរណ៍ មុនពេលសេវាវេជ្ជសាស្ត្រជំនាញមកដល់ ។

កម្មវិធីបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈ ជាក់ស្តែង និងទទួលបានលិខិតបញ្ជាក់

នៅក្នុងដំណាក់កាលដំបូងនេះ ដៃគូបើកបររបស់ក្រុមហ៊ុន Grab ចំនួន ៣០ រូបបានបញ្ចប់កម្មវិធីបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម យ៉ាងហ្មត់ចត់ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ ក្រុមហ៊ុន Grab បានសហការជាមួយមន្ទីរពេទ្យ Intercare ក្នុងការផ្តល់ការបណ្តុះបណ្តាលកម្រិតវិជ្ជាជីវៈស្របតាមស្តង់ដារវេជ្ជសាស្ត្រអន្តរជាតិ។   កម្មវិធីសិក្សានេះ ផ្តោតសំខាន់លើសុវត្ថិភាពនៅកន្លែងកើតហេតុគ្រោះថ្នាក់បន្ទាន់ ការជួយសង្គ្រោះជីវិតជាមូលដ្ឋាន ការគ្រប់គ្រងការហូរឈាម ការសង្គ្រោះការបាក់ឆ្អឹងនិងរបួស ព្រមទាំងការដឹកអ្នកជំងឺដោយសុវត្ថិភាព។ បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះដោយជោគជ័យ អ្នកចូលរួមម្នាក់ៗទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពផ្លូវការ ដែលទទួលស្គាល់ជំនាញសង្គ្រោះបឋមរបស់ពួកគាត់។

អ្នកបើកបរជាអ្នកឆ្លើយតបបន្ទាន់ភ្លាមៗ

ដៃគូបើកបររបស់ក្រុមហ៊ុន Grab មានវត្តមាននៅគ្រប់ទិសទីក្នុងរាជធានីភ្នំពេញ ដែលជាឱកាសដ៏វិសេសវិសាលមួយក្នុងការផ្តល់ ជំនួយសង្គ្រោះបន្ទាន់ភ្លាមៗ នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ កម្មវិធីនេះមានគោលបំណងបំប្លែងសកម្មភាព ធ្វើដំណើរប្រចាំថ្ងៃ ឱ្យទៅជាឥទ្ធិពលវិជ្ជមានដ៏មានតម្លៃដល់សហគមន៍ តាមរយៈការជម្រុញនិងពង្រឹងសមត្ថភាព ឆ្លើយតបបឋមដែលមានស្រាប់នៅលើដងផ្លូវ ក្នុងទីក្រុង។

លោក កង សុវណ្ណារ៉ូត “Mike”  នាយកគ្រប់គ្រង Grab ប្រចាំ ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា មានប្រសាសន៍ ថា៖ «ដៃគូបើកបររបស់យើង មានវត្តមានជាប្រចាំ និងធ្វើដំណើរពាសពេញដងផ្លូវក្នុងទីក្រុង។ ដូចនេះ ការបំពាក់បំប៉នពួកគាត់ នូវជំនាញសង្គ្រោះបន្ទាន់ទាំងនេះ ក្រោមសហប្រតិបត្តិការជាមួយដៃគូរបស់យើងគឺ មន្ទីរពេទ្យ Intercare នឹងជួយឱ្យពួកគាត់មានលទ្ធភាពខ្ពស់ក្នុងការសង្គ្រោះជីវិតមនុស្ស។ យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការចូលរួមគាំទ្រគំនិតផ្តួចផ្តើមដ៏មានសារៈ សំខាន់នេះ»។

លោក Jason Harrison សហស្ថាបនិក និងជាអគ្គនាយករងនៃមន្ទីរពេទ្យ Intercare បានមានប្រសាសន៍ថា៖ «នៅមន្ទីរពេទ្យ Intercare យើងជឿជាក់ថា ជំនាញសង្គ្រោះជីវិតគួរតែត្រូវបានផ្សព្វផ្សាយទៅដល់មនុស្សគ្រប់រូប មិនមែនកម្រិតត្រឹមតែអ្នកជំនាញសុខាភិបាលនោះឡើយ។ ដៃគូបើកបររបស់ក្រុមហ៊ុនGrab ច្រើនតែជាអ្នកមានវត្តមានមុនគេបង្អស់ក្នុងគ្រាអាសន្ន ដូច្នេះការបំពាក់បំប៉នពួកគាត់នូវចំណេះ ដឹងក្នុងការឆ្លើយតបភ្លាមៗគឺអាចបង្កើតឱ្យមានភាពខុសប្លែកគ្នា យ៉ាងខ្លាំងក្នុងការសង្គ្រោះជីវិត។ យើងខ្ញុំពិតជាមានមោទនភាពដែលបានសហការជាមួយក្រុមហ៊ុន Grab Cambodia ក្នុងការបង្កើនសមត្ថភាពដល់វីរជន ប្រចាំថ្ងៃនិងរួមចំណែកបង្កើតការធ្វើដំណើរប្រកបដោយសុវត្ថិភាពខ្ពស់ សម្រាប់ទាំងអ្នកដំណើរ និងសហគមន៍ទាំងមូល»។

ក្រុមហ៊ុន Grab នឹងធ្វើការវាយតម្លៃលើលទ្ធផល និងមតិកែលម្អដែលទទួលបានពីកម្មវិធីបណ្តុះបណ្តាលនេះ ដើម្បីធ្វើការ​​កែសម្រួលខ្លឹមសារមេរៀន ព្រមទាំងវិធីសាស្ត្រនៃការបណ្តុះបណ្តាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ផ្អែកលើលទ្ធផលនៃការវាយតម្លៃខាងលើ ក្រុមហ៊ុន Grab មានផែនការពង្រីកវិសាលភាពនៃកម្មវិធីនេះ ដើម្បីផ្តល់ការបណ្តុះបណ្តាលជូនដល់ដៃគូបើកបរជាច្រើនរូបបន្ថែមទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

អំពី Grab
Grab គឺជាក្រុមហ៊ុនផ្តល់សេវាកម្មកម្មវិធីពហុវិស័យ (Superapp) ឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រតិបត្តិការលើវិស័យដឹកជញ្ជូនទំនិញ សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មហិរញ្ញវត្ថុឌីជីថល។ ដោយផ្តល់សេវាកម្មក្នុងក្រុងចំនួន ៨០០ នៃប្រទេសចំនួន ៨ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន  សិង្ហបុរី ថៃ និង វៀតណាម —Grab បានជួយដល់មនុស្សរាប់លាននាក់ជារៀងរាល់ ថ្ងៃក្នុងការបញ្ជាទិញអាហារ ឬគ្រឿងទេស ផ្ញើអីវ៉ាន់  កក់សេវាដឹកជញ្ជូន ឬតាក់ស៊ី ទូទាត់ការទិញទំនិញតាម អនឡាញ ឬប្រើប្រាស់សេវាកម្មផ្សេងៗដូចជា កម្ចី និងធានារ៉ាប់រង ដែលទាំងអស់នេះមាននៅក្នុងកម្មវិធីតែមួយ។

Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ជាមួយបេសកកម្មជំរុញតំបន់អាស៊ីអាគ្នេយ៍ឱ្យរីកចម្រើនទៅមុខ តាមរយៈការបង្កើតលទ្ធភាពសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់គ្នា។ Grab ប្រកាន់ខ្ជាប់នូវគោលការណ៍ “Triple Bottom Line” ដែលក្នុងនោះយើងមានគោលដៅសម្រេចឱ្យបាននូវលទ្ធផលហិរញ្ញវត្ថុសម្រាប់ភាគហ៊ុនិករបស់យើង ព្រមជាមួយការបង្កើតឥទ្ធិពលវិជ្ជមានដល់សង្គមរួមមានការបង្កើនលទ្ធភាពសេដ្ឋកិច្ចសម្រាប់មនុស្សរាប់លាននាក់នៅក្នុងតំបន់ ខណៈពេលដែលយើងកំពុងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរ។

អំពីមន្ទីរពេទ្យ Intercare៖
មន្ទីរពេទ្យ Intercare គឺជាអ្នកផ្តល់សេវាថែទាំសុខភាពពហុជំនាញឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវសេវាកម្មគ្រប់ជ្រុងជ្រោយ រួមមាន៖ ផ្នែកសង្គ្រោះបន្ទាន់ (ER) ផ្នែកអ្នកជំងឺក្រៅ (OPD) ផ្នែកអ្នកជំងឺសម្រាកព្យាបាល (IPD) សេវាកម្មវះកាត់ ការថែទាំមាតានិងទារក ផ្នែកកុមារ ការពិនិត្យសុខភាពទូទៅ និងជំនាញវេជ្ជសាស្ត្រចម្រុះជាច្រើនទៀត។ ក្រៅពីមន្ទីរពេទ្យកណ្តាល Intercare ​​ក៏បានពង្រីក​​សេវា​​ថែទាំសុខភាពប្រកបដោយគុណភាព តាមរយៈគ្លីនិកសាខារបស់ខ្លួននៅ Rose Garden និងអាកាសយានដ្ឋានអន្តរជាតិតេជោព្រមទាំងមានគម្រោងបើកដំណើរការសាខាថ្មីមួយទៀតនៅខេត្តសៀមរាបក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការផ្តល់នូវការថែទាំដែលផ្តោតលើអ្នកជំងឺជាចម្បង និងងាយស្រួលទទួលបាន មន្ទីរពេទ្យ Intercare នៅតែបន្តបម្រើសេវាកម្មជូនដល់បុគ្គល គ្រួសារ និងសហគមន៍នានានៅទូទាំងប្រទេសកម្ពុជា ៕ អត្ថបទសហការ