ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមជជែកដេញដោលកម្ពុជា ឈ្នះជើងឯក 2026 JCI ASPAC Debate Championship និងទទួលសិទ្ធិតំណាងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងការប្រកួត Debate Championship នៅ JCI World Congress ឆ្នាំ ២០២៦ នៅប្រទេសហ្វីលីពីន (វីដេអូ)

1 ថ្ងៃ មុន

JCI Cambodia មានមោទនភាពយ៉ាងក្រៃលែងក្នុងការអបអរសាទរចំពោះ កញ្ញា ស្លេៈ រ៉យ្យ៉ាន, កញ្ញា អ៊ុង ខេមរាបូរមីច័ន្ទ និងលោក ស៊ាន ធានសឿង ដែលបាននាំមកនូវកិត្តិយសជូនប្រទេសកម្ពុជា តាមរយៈការដណ្តើមបានជ័យលាភីជើងឯកក្នុងកម្មវិធី JCI ASPAC Debate Championship 2026 ដែលបានរៀបចំឡើងនៅទីក្រុង Niigata ប្រទេសជប៉ុន ។

ក្រុមជជែកដេញដោលនេះ គឺជាសមាជិករបស់ JCI Chaktomuk និងជាម្ចាស់ជ័យលាភីជជែកដេញដោលនៃកម្មវិធី JCI Cambodia Public Speaking and Debate Championship ដែលជាកម្មវិធីប្រកួតការនិយាយជាសាធារណៈ និងជជែកដេញដោលថ្នាក់ជាតិរបស់ JCI Cambodia ។ ក្នុងនាមជាជើងឯកថ្នាក់ជាតិ ពួកគេបានក្លាយជាតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតនៅលើឆាកតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុង Niigata ប្រទេសជប៉ុន ។

ការប្រកួតជជែកដេញដោលនេះ​អាចមានជាង ៥០ ប្រទេស ក្នុងតំបនអាស៊ី-ប៉ាស៊ីហ្វិក ហើយមានតែក្រុមតំណាងប្រទេសចំនួន ៨ ប៉ុណ្ណោះបានចូលទៅដល់ការប្រកួតបឋម ។ ក្នុងវគ្គប្រកួតបឋម (Preliminary Round) ក្រុមកម្ពុជាបានយកឈ្នះក្រុមតំណាងមកពីប្រទេសថៃ បន្ទាប់មក បានបន្តបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុងការយកឈ្នះក្រុមតំណាងមកពីប្រទេសម៉ាឡេស៊ីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Semi-final Round) ។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុមកម្ពុជាបានយកឈ្នះក្រុមតំណាងមកពីប្រទេសម៉ុងហ្គោលី និងគ្រងតំណែងជាជើងឯក JCI ASPAC Debate Championship 2026 ដោយជោគជ័យ ។

សមិទ្ធផលដ៏អស្ចារ្យនេះ មិនត្រឹមតែជាមោទនភាពសម្រាប់សមាជិកក្រុម និង JCI Cambodia ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាទាំងមូល ក្នុងការបង្ហាញពីសមត្ថភាពយុវជនកម្ពុជាលើឆាកអន្តរជាតិ ។ តាមរយៈជ័យជម្នះនេះ កម្ពុជាទទួលបានសិទ្ធិតំណាងឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងការចូលរួមប្រកួត 2026 JCI World Congress Debate Championship ក្នុងប្រទេសហ្វីលីពីន ដែលជាវេទិកាប្រកួតជជែកដេញដោល រវាងជើងឯកមកពីតំបន់នានាជុំវិញពិភពលោក ។

JCI Chaktomuk សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមជជែកដេញដោលកម្ពុជា ចំពោះសមិទ្ធផលដ៏គួរឱ្យកោតសរសើរនេះ និងសូមជូនពរឱ្យទទួលបានជោគជ័យបន្ថែមទៀត ក្នុងការបន្តបេសកកម្មតំណាងឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅលើឆាកពិភពលោក ៕ អត្ថបទសហការ

សូមទស្សនាវីដេអូខាងក្រោមនេះ ៖