ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជីប ម៉ុង ប្រគល់​ថវិកា​សរុប​ចំនួន ១ លាន​ដុល្លារ​អា​មេ​រិច ជូន​ដល់​មូលនិធិ​គន្ធ​បុ​ប្ជា​ក្នុង​ឆ្នាំ ២០២៦

1 ថ្ងៃ មុន

​រាជធានី​ភ្នំពេញ​ ៖ ជា​ក្រុមហ៊ុន​ធំ​មួយ​នៅ​កម្ពុជា ជីប ម៉ុង បាន​ប្រគល់​ថវិកា​បរិ​ច្ចាក​សរុប​ចំនួន ១ លាន​ដុល្លារ​អា​មេ​រិច ដល់​មូលនិធិ​គន្ធ​បុ​ប្ជា​កម្ពុជា ក្នុង​យុទ្ធនា​ករ «១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​» ដើម្បី​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា ផ្តល់​ក្តី​សង្ឃឹម និង​ស្នាមញញឹម​ថ្មី​ដល់​ទំពាំង​ស្នង​ឬ​ស្សី​របស់​សង្គម​ជាតិ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជា​ប្រធានកិត្តិយស​នៃ​មូលនិធិ​គន្ធ​បុ​ប្ជា​កម្ពុជា​។

ពិធី​ប្រគល់​-​ទទួល​ថវិការ​របស់​ក្រុមហ៊ុន ជីប ម៉ុង បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៦ ដែល​មាន​វត្តមាន​ចូលរួម​ប្រគល់​ផ្ទាល់​ដោយ​លោកអ្នកឧកញ៉ា ភាព ហៀ​ក​, លោកអ្នកឧកញ៉ា លាង ឃុន​, អ្នកឧកញ៉ា លាង ម៉េ​ង​, ដែល​ជា​ស្ថាបនិក និង​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន ជីប ម៉ុង ក្នុង​ឱកាស​ដែល​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ប្រធានកិត្តិយស​នៃ​មូលនិធិ​គន្ធ​បុ​ប្ជា​កម្ពុជា បាន​អញ្ជើញ​សំ​ណះ​សំ​ណា​ល​ជាមួយ​គណៈប្រតិភូ​មូលនិធិ​គន្ធ​បុ​ប្ជា​ស្វី​ស គណៈ​គ្រប់គ្រង លោកគ្រូ​ពេទ្យ​-​អ្នកគ្រូ​ពេទ្យ បុគ្គលិក​នៃ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា និង​សួរសុខទុក្ខ​អាណាព្យាបាល​រួម​ជាមួយ​កុមារ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា «​យុទ្ធនា​ករ ១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​» ជា​យុទ្ធនា​ករ​ប្រចាំឆ្នាំ​ដ៏​ធំ និង​សំខាន់​មួយ​របស់​មូលនិធិ​គន្ធ​បុ​ប្ជា​កម្ពុជា ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ជា​ពិសេស​គឺ​បំផុស​ចលនា​សប្បុរស​ធ​ម៍ ដើម្បី​ក្រើនរំលឹក​ឱ្យ​មានការ​ចូលរួម​បរិ​ច្ចាក ក្នុង​គោលបំណង​រួម​គ្នា នាំ​ក្តី​សង្ឃឹម​ដល់​ទារក កុមារ ព្រមទាំង​មាតា​គ្រប់​រូប​ដែល​កំពុង​ពរ​ពោះ និង​ត្រូវការ​សេវា​ពិនិត្យ ព្យាបាល និង​សម្ភព ដោយ​ឥត​គិតថ្លៃ ប្រកបដោយ​គុណភាព សុវត្ថិភាព និង​មិន​មានការ​រើសអើង នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ផ្ទាល់​ ។

ការ​ចូលរួម​បរិ​ច្ចាក​របស់​ក្រុមហ៊ុន ជីប ម៉ុង បាន​បង្ហាញ​ពី​ឆន្ទៈ​មោះមុត ក្នុង​ស្មារតី “​ខ្មែរ​ជួយ​ខ្មែរ​” ចូលរួម​ផ្តល់​ជា​ជំនួយ​ដល់​ការ​ទ្រទ្រង់​វិស័យ​សុខាភិបាល ដើម្បី​ពង្រឹង​នូវ​គុណភាព និង​ប្រសិទ្ធិ​ភាព​នៃ​ការ​ផ្តល់​សេវា​វេជ្ជសាស្ត្រ​នៅ​តាម​បណ្តា​មន្ទីរពេទ្យ​នានា ជា​ពិសេស លើ​ការ​ព្យាបាល​កុមារ​កម្ពុជា​ជាង ១ លាន​ករណី​ក្នុង​មួយ​ឆ្នាំ​ៗ នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប​ ។

ស្មារតី​រួបរួម​គ្នា ខ្មែរ​ស្រលាញ់​ខ្មែរ​! ៕ (អត្ថបទ ៖ សហការ​)