ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិត្ត​ហ្វូ​ន សម្ពោធ​ជា​ផ្លូវការ សេវាកម្ម​ដឹក​ជញ្ជូន និង​ភស្តុ​ភារ​កម្ម មិត្ត​ហ្វូ​ន អិ​ច​ប្រេស ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​ទំនើប និង​កាន់តែ​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នា​រាត្រី​ដ៏​វិសេសវិសាល ថ្ងៃ​ទី​ ០៩ ខែមិថុនា ឆ្នាំ​ ២០២៦​ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ (OCIC) ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ “​មិត្ត​ហ្វូ​ន អិ​ច​ប្រេស​” ដែល​ជា​សេវាកម្ម​ភស្តុ​ភារ​កម្ម (Logistics) ថ្មី​បំផុត​របស់​ខ្លួន​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​បោះ​ជំហាន​ដ៏​ច្បាស់លាស់ និង​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ ក្នុង​យុទ្ធសាស្ត្រ​ពង្រីក​ប្រព័ន្ធ​អេកូឡូស៊ី​ឌី​ជី​ថ​ល​របស់​ក្រុមហ៊ុន ព្រមទាំង​រួមចំណែក​យ៉ាង​សកម្ម ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នៅ​កម្ពុជា ​។

ព្រឹត្តិការណ៍​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ឯកឧត្តម ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​នាយ​ឧត្តមសេនីយ៍ ង្វៀ​ន វ៉ា​ន់​កៅ (Nguyễn Văn Gấu) សមាជិក​គណៈកម្មាធិការ​មជ្ឈិមបក្ស និង​ជា​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ជាន់ខ្ពស់​ជា​ច្រើន​រូប មក​ពី​បណ្តា​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​ដ៏​ពិសេស​នោះ ភ្ញៀវ​កិត្តិយស​ទាំងអស់​បាន​ទស្សនា និង​ស្វែង​យល់​ផ្ទាល់​ពី​ប្រព័ន្ធ​អេកូឡូស៊ី​ឌី​ជី​ថ​ល​ដ៏​សម្បូរ​បែប និង​ទូលំទូលាយ​របស់​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ក្នុង​នោះ​មាន​ដំណោះស្រាយ​បច្ចេកវិទ្យា​លេចធ្លោ​សំខាន់​ៗ​ដូច​ជា​៖ បច្ចេកវិទ្យា 5G ការ​រួម​បញ្ចូល​ប្រព័ន្ធ​រ៉ូ​បូត (Robotic Integration) ទៅ​ក្នុង​ប្រព័ន្ធ​ដឹក​ជញ្ជូន​របស់ មិត្ត​ហ្វូ​ន អិ​ច​ប្រេស ដំណោះស្រាយ​ថាមពល​ពន្លឺព្រះអាទិត្យ​ឯករាជ្យ (Off-Grid Solar Energy) ព្រមទាំង​សេវាកម្ម​កម្សាន្ត TV360 និង eMoney ជាដើម​។

ការ​ឈាន​ជើង​ចូល​ក្នុង​វិស័យ​ភស្តុ​ភារ​កម្ម (Logistics) របស់​ក្រុមហ៊ុន មិត្ត​ហ្វូ​ន គឺជា​ជំហាន​បន្ទាប់​ដ៏​ជាក់លាក់​នៃ​ការ​ផ្លាស់​ប្តូរ​រូបរាង​ពី​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​បែប​ប្រពៃណី ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​សេវាកម្ម​ឌី​ជី​ថ​ល​ដ៏​ទូលំទូលាយ​មួយ​។ តាម​រយៈ​ការ​ទាញ​យក​ផលប្រយោជន៍​ពី​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​បច្ចេកវិទ្យា​ដ៏​រឹង​មាំ រួម​ជាមួយ​វត្ត​មាននៅ​ទូ​ទាំង ២៥ រាជធានី​-​ខេត្ត និង​បទ​ពិសោធ​ដ៏​សម្បូរ​បែប​ក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ខ្នាត​ធំ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន មាន​គោលបំណង​ក្នុង​ការ​កសាង​បណ្តាញ​ភស្តុ​ភារ​កម្ម​ដ៏​ទំនើប​មួយ ដែល​ជំរុញ​ដោយ​បច្ចេកវិទ្យា ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការ និង​បទ​ពិសោធ​កាន់តែ​ប្រសើរ​សម្រាប់​អតិថិជន​។

ទន្ទឹម​នឹង​ទីផ្សារ​ភស្តុ​ភារ​កម្ម​នៅ​កម្ពុជា​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស តម្រូវការ​លើ​ការ​លើកកម្ពស់​នៃ​គុណភាព​សេវាកម្ម ប្រសិទ្ធភាព​ប្រតិបត្តិការ និង​ការ​អនុវត្ត​បច្ចេកវិទ្យា​ឌី​ជី​ថ​ល នៅ​តែ​ជា​កត្តា​សំខាន់​ចាំបាច់​។ ក្នុង​បរិបទ​នៃ​ការ​រីក​ចម្រើន​យ៉ាង​គំហុក​នៃ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ទាំង​អតិថិជន និង​ម្ចាស់​អាជីវកម្ម តែងតែ​ស្វែងរក​សេវាកម្ម​ដឹក​ជញ្ជូន​ដ៏​ទំនើប មាន​តម្លាភាព ល្បឿន​លឿន និង​សេវាកម្ម​ពី​ដើម​ទី​រហូត​ដល់​ចុងបញ្ចប់ ដែល​ឱកាស​ទីផ្សារ​ដ៏​មាន​សក្តានុពល​នេះ​ហើយ ដែល​បាន​ជំរុញ​ឱ្យ មិត្ត​ហ្វូ​ន បោះទុន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ភស្តុ​ភារ​កម្ម ដើម្បី​បន្ត​ធ្វើ​ទំនើប​កម្មវិស័យ​ដឹក​ជញ្ជូន និង​រួមចំណែក​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រឹង​មាំ​។

មិត្ត​ហ្វូ​ន អិ​ច​ប្រេស ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ បែប​ជា​ទម្រង់​ភស្តុ​ភារ​កម្ម​រួម​បញ្ចូល​គ្នា​ពី​ចំណុច​ផ្តើម​ដល់​ចំណុច​ចុង​ក្រោយ (End-to-end logistics platform)​។ នៅ​ក្នុង​ដំណាក់កាល​ដំបូង សេវាកម្ម​នេះ នឹង​ប្រតិបត្តិ​ការប្រមាណ ១,០០០ ទីតាំង ដោយ​ធ្វើការ​រួម​បញ្ចូល​គ្នា​នូវ​រាល់​ដំណោះស្រាយ​ទូ​ទាំង​ដំណើរការ​ដឹក​ជញ្ជូន​ទាំងមូល ចាប់តាំងពី​ការ​ទទួល​ការ​បញ្ជា​ទិញ ការ​បែងចែក​ទំនិញ ការ​ដឹក​ជញ្ជូន រហូត​ដល់​ការ​ដឹក​ជញ្ជូន​ដល់​ដៃ​អ្នក​ទទួល​ចុង​ក្រោយ​។ ប្រព័ន្ធ​នេះ​ផ្តល់​នូវ​ការ​តាមដាន​ស្ថានភាព​ទំនិញ​តាម​ពេលវេលា​ជាក់ស្តែង ២៤​ម៉ោង​/៧​ថ្ងៃ ដែល​អាច​គាំទ្រ​លើ​ការ​គ្រប់គ្រង​នៃ​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អន​ឡាញ ជួយ​សម្រួល​ដល់​ការ​ស្វែងរក​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​ល្អ​បំផុត និង​ពង្រឹង​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​ផ្ញើ និង​អ្នក​ទទួល​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​។

ចំណុចខ្លាំង​លើសគេ​នៃ​សេវាកម្ម​នេះ គឺ​មិត្ត​ហ្វូ​ន មាន​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​ដ៏​រឹង​មាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​បញ្ចូល​ជាមួយ​បទ​ពិសោធ​ដ៏​ជំនាញ​ផ្នែក​ភស្តុ​ភារ​កម្ម និង​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា ដែល​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន Viettel Group នៅ​ក្នុង​ប្រទេស​វៀតណាម​។ ការ​ផ្សារ​ភ្ជាប់​វាង​វិស័យ​ទូរគមនាគមន៍ ទិន្នន័យ ទម្រង់​បែប​ឌី​ជី​ថ​ល និង​ដំណោះស្រាយ​គ្រប់គ្រង​វៃឆ្លាត​នេះ នឹង​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ជំរុញ​វិស័យ​ភស្តុ​ភារ​កម្ម​នៅ​កម្ពុជា ឱ្យ​ឈាន​ទៅ​រក​ទំនើប​កម្ម​ឈានមុខ​គេ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ឯកឧត្តម​បណ្ឌិត ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​មាន​ទំនុកចិត្ត​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន Metfone លើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក និង​ភស្តុ​ភារ​កម្ម នឹង​មិន​ត្រឹមតែ​រួមចំណែក​ដល់​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម ខណៈ​ពេល​ដែល​គាំទ្រ​ដល់​គោលដៅ​រួម​របស់​យើង​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​តំបន់​ដែល​មានការ​ត​ភ្ជាប់​គ្នា ប្រកួតប្រជែង និង​រីក​ចម្រើន​ជាង​មុន​»​។

នាយ​ឧត្តមសេនីយ៍ ង្វៀ​ន វ៉ា​ន់​កៅ (Nguyễn Văn Gấu) អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម បាន​មាន​ប្រសាសន៍​ដោយ​ទំនុកចិត្ត​យ៉ាង​មុតមាំ​ថា ក្រុមហ៊ុន មិត្ត​ហ្វូ​ន នឹង​បន្ត​រក្សា​តួនាទី​របស់​ខ្លួន ជា​សហគ្រាស​បច្ចេកវិទ្យា​ឈានមុខ​គេ​។ លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​នឹង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ដ៏​ប្រសើរ ព្រមទាំង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា នៅ​ក្នុង​យុគសម័យ​ថ្មី​នេះ​។

ជាមួយ​គ្នា​នេះ លោក កៅ ម៉ា​ញ ឌឹ​ក (Cao Manh Duc) អគ្គនាយក​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​មាន​ប្រសាសន៍​ថា​៖ មិត្ត​ហ្វូ​ន អិ​ច​ប្រេស គឺជា​សមិទ្ធផល​ដ៏​សំខាន់​ថ្មី​មួយទៀត ក្នុង​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ដើម្បី​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​ឌី​ជី​ថ​ល​ដ៏​ទូលំទូលាយ​មួយ​នៅ​កម្ពុជា ហើយ​យើងខ្ញុំ​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​វិនិយោគ​រយៈពេល​វែង​នៃ​ការ​អនុវត្ត​បច្ចេកវិទ្យា​ឈានមុខ​គេ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ភស្តុ​ភារ​កម្ម​វៃឆ្លាត ដែល​គំនិត​ផ្តួចផ្តើម​នេះ គឺ​មាន​គោលបំណង​ផ្តល់​នូវ​សេវាកម្ម​ដ៏​ប្រសើរ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ និង​ធុរកិច្ច ព្រមទាំង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ប្រកបដោយ​ចីរភាព​។

ផ្អែក​លើ​មូលដ្ឋាន​គ្រឹះ​នៃ​បច្ចេកវិទ្យា​ដ៏​រឹង​មាំ បណ្តាញ​គ្របដណ្តប់​ទូ​ទាំង​ប្រទេស និង​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង មិត្ត​ហ្វូ​ន អិ​ច​ប្រេស មាន​គោលដៅ​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ ក្នុង​ការ​ផ្តល់​សេវាកម្ម​ភស្តុ​ភារ​កម្ម ដែល​ប្រតិបត្តិការ​ដោយ​បច្ចេកវិទ្យា​នៅ​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការ​រីក​ចម្រើន​នៃ​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក លើកកម្ពស់​គុណភាព​សេវាកម្ម​ដឹក​ជញ្ជូន និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​របស់​ប្រទេស​ជាតិ​។

អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​នេះ​ជឿជាក់​ថា ការ​ចូលរួម​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​កាន់តែ​ច្រើន នៅ​ក្នុង​វិស័យ​ភស្តុ​ភារ​កម្ម នឹង​ជំរុញ​ឱ្យ​មានការ​ប្រកួតប្រជែង បង្កើត​ការ​ច្នៃប្រឌិត​ថ្មី​ៗ និង​ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស​សេវាកម្ម​កាន់តែ​សម្បូរ​បែប​។ ទន្ទឹម​នឹង​នេះ ការ​ផ្សារ​ភ្ជាប់​គ្នា​រវាង​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល និង​ហេដ្ឋារចនាសម្ព័ន្ធ​ភស្តុ​ភារ​កម្ម ត្រូវ​បាន​រំពឹង​ថា​នឹង​ក្លាយជា​កម្លាំង​ច​លករ​ដ៏​សំខាន់​សម្រាប់​សកម្មភាព​ពាណិជ្ជកម្ម ការ​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។

បន្ទាប់​ពី​ប្រតិបត្តិការ​យ៉ាង​សកម្ម​អស់​រយៈពេល​ជិត ២០ ឆ្នាំ​នៅ​កម្ពុជា មិត្ត​ហ្វូ​ន បាន​ពង្រឹង​ជំហរ​របស់​ខ្លួន​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ឈានមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស ជាមួយនឹង​បណ្តាញ​គ្របដណ្តប់​ទូ​ទាំង​ប្រទេស ដែល​បម្រើ​ដល់​អតិថិជន​ជា​បុគ្គល និង​អាជីវកម្ម​រាប់​លាន​នាក់​។ ខណៈ​ដែល​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​របស់​កម្ពុជា​កំពុង​បន្ត​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស វិស័យ​ភស្តុ​ភារ​កម្ម​បាន​ក្លាយជា​សមាសធាតុ​ដ៏​សំខាន់​ក្នុង​កា​រត​ភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ សម្រប​សម្រួលការ​ចរាចរ​ទំនិញ និង​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ​៕ អត្ថបទសហការ