ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ​ ពង្រឹង​វិធានការ​អធិការកិច្ច​ការងារ ដើម្បី​ធានា​បាន​នូវ​អនុវត្ត​ការ​បើក​ផ្តល់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេង​ៗ ​សម្រាប់​កម្មករនិយោជិត​ឱ្យ​បាន​ត្រឹមត្រូវ​

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៤…

រាជធានីភ្នំពេញ​៖ ឯកឧត្តម កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៤ បាន​លើក​ឡើង​ថា ការ​ពង្រឹង​ការ​ធ្វើ​អធិការកិច្ច​ការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​សហគ្រាស គ្រឹះស្ថាន​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​២០២៥ គឺជា​ការ​ធានា​នូវ​ការ​គោរព​សិទ្ធិ​ការងារ លក្ខខណ្ឌ​ការងារ​សមរម្យ ដោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​គោរព​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ស្តី​ពី​ការងារ និង​ធានា​បាន​នូវ​ការ​អនុវត្ត​ ការ​បើក​ផ្តល់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ សម្រាប់​កម្មករនិយោជិត ជៀសវាង​មានការ​តវ៉ា ឬ​វិវាទ​ការងារ​កើតឡើង ​។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​សង្កត់ធ្ងន់​ថា អធិការ​ការងារ​នឹង​ចាត់វិធានការ​ផាកពិន័យ​រោងចក្រ សហគ្រាស គ្រឹះស្ថាន យ៉ាង​តឹងរ៉ឹង​តាម​ច្បាប់​ជា​ធរមាន ប្រសិនបើ​អធិការ​ការងារ​រក​ឃើញ​ថា​  សហគ្រាស​គ្រឹះស្ថាន​នោះ អនុវត្ត​ច្បាប់​ស្តី​ពី​ការងារ​មិន​បាន​ត្រឹមត្រូវ និង​/​ឬ គិត​អត្ថប្រយោជន៍​ជូន​កម្មករនិយោជិត​មិន​ត្រឹមត្រូវ ឬ​ក្នុង​ករណី​មានការ​ខកខាន​ទូទាត់ ​ដែល​នាំ​ឱ្យ​មាន​វិវាទ​ការងារ​កើតឡើង ​។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់​ផង​ដែរ​ថា ការ​ពង្រឹង​អធិការកិច្ច​ការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​របស់​កម្ពុជា ដើម្បី​ប្រែក្លាយ​សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ ដែល​ជា​ទិស​ដៅ​ការងារ​យ៉ាង​សំខាន់​របស់​ក្រសួង ​ក្នុង​នាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ​លើ​វិស័យ​ការងារ ​។ ឯកឧត្តម​សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន នឹង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​រាល់​បទ​ប្បញ្ញតិ​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ ស្តី​ពី​ការងារ​របស់​កម្ពុជា ដើម្បី​ធានា​អត្ថប្រយោជន៍ និង​សិទ្ធិ​កម្មករនិយោជិត​ ។

គួរ​បញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តីណែនាំ និង​ក្រើនរំលឹក​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប ត្រូវ​អនុវត្ត​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៥ ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៥ តទៅ ដោយ​ត្រូវ​ទូទាត់​ចំនួន ២​ដង ក្នុង​១​ខែ ​។

ទន្ទឹម​នឹង​នេះ ម្ចាស់​ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ត្រូវ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ចំនួន ២​ដង ក្នុង​១​ឆ្នាំ រួម​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ ជូន​កម្មករនិយោជិត​ឱ្យ​បាន​ត្រឹមត្រូវ​ ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ​។ ក្នុង​ករណី​មានការ​ខកខាន​ទូទាត់ ឬ​គណនា​ដោយ​មិន​បាន​ត្រឹមត្រូវ ដែល​នាំ​ឱ្យ​មាន​វិវាទ​ការងារ​កើតឡើង អធិការ​ការងារ​នឹង​ចាត់វិធានការ​ផាកពិន័យ​សហគ្រាស គ្រឹះស្ថាន​នោះ យ៉ាង​តឹងរ៉ឹង​តាម​ច្បាប់​ជា​ធរមាន​ ។

ក្នុង​ករណី​សង្ស័យ​ថា ការ​គណនា​ប្រាក់​ឈ្នួល ប្រាក់​បំណាច់​អតីតភាព​ការងារ និង​/​ឬ​អត្ថប្រយោជន៍​ផ្សេង​ៗ អនុវត្ត​មិន​បាន​ត្រឹមត្រូវ​តាម​ច្បាប់ សូម​បងប្អូន​កម្មករនិយោជិត ឬ​សហជីព​ដែល​ជា​តំណាង​របស់​បងប្អូន​កម្មករនិយោជិត​ជូនដំណឹង​មក​អធិការ​ការងារ តាម​រយៈ​ប្រព័ន្ធ​ទាន់​ហេតុការណ៍​លេខ ១២៩៧ ឬ ១២៨៦ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន ចៀសវាង​ការ​យក​ជម្រើស​តវ៉ា​តាម​រយៈ​ការ​បិទផ្លូវ​សាធារណៈ ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​អាច​ឈាន​ដល់​ការ​ប្រព្រឹត្ត​ល្មើសច្បាប់​ជាយថាហេតុ​ ៕ អត្ថបទសហការ