ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញ​សេដ្ឋកិច្ច​៖ តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ ឆ្នាំ​២០២៥ ចំនួន​ ២០៨ ​ដុល្លារ ធ្វើ​ឱ្យ​កម្ពុជា​នៅ​តែ​រក្សាខ្លួន ​ចូលរួម​ប្រកួតប្រជែង​ការ​ទាក់ទាញ​ការ​វិនិយោគ

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ២០៨​ដុល្លារ សម្រាប់​កម្មករនិយោជិត ​នៃ​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង ផលិតផល​ធ្វើ​ដំណើរ…

រាជធានី​ភ្នំពេញ​ ៖ តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ២០៨​ដុល្លារ សម្រាប់​កម្មករនិយោជិត ​នៃ​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង ផលិតផល​ធ្វើ​ដំណើរ និង​កាបូប ត្រូវ​អនុវត្ត​ចាប់ពី​ខែមករា ឆ្នាំ​២០២៥ នេះ​តទៅ​ហើយ​ ។ ទន្ទឹម​នេះ លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ មើលឃើញ​ថា ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០២៥ គឺ​មាន​លក្ខណៈ​សមស​ម្យ ហើយ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រកួតប្រជែង​ លើ​ទីផ្សារ​អន្តរជាតិ ​។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បាន​ពន្យល់​ថា​ប្រាក់​ឈ្នួល​អប្បបរមា ឆ្នាំ​២០២៥ គឺ​ត្រូវ​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​សកល និង​ស្ថានភាព​វិនិយោគិន​នៅ​កម្ពុជា ត្រង់​ថា​តួលេខ​ចំនួន ២០៨ ដុល្លារ​នេះ​ជា​តួលេខ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​នៅ​តែ​រក្សាខ្លួន ​ចូលរួម​ប្រកួតប្រជែង​ការ​ទាក់ទាញ​ការ​វិនិយោគ​ ជាមួយ​បណ្តា​ប្រទេស​ ដែល​មាន​កម្រិត​ឧស្សាហកម្ម​ដូច​កម្ពុជា​ ។ ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​នេះ ​គឺ​មិន​ខ្ពស់​ដាច់​ពេក មិន​ទាប​ពេក បើ​ធៀប​នឹង​បណ្តា​ប្រទេស​ទាំងនោះ ​។

លោក​បណ្ឌិត​មើលឃើញ​ថា ស្ថិត​នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន ការ​រក្សា​គោលនយោបាយ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ​សម្រាប់​កម្ពុជា គឺជា​ជំហរ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដល់​កម្មករនិយោជិត ក៏​ប៉ុន្តែ​ផ្ទុយ​មក​វិញ​ប្រសិនបើ​នៅ​ក្នុង​របត់​មួយ​តួលេខ​ហក់​ខ្ពស់​ពេក មិន​សមាមាត្រ​ទៅ​នឹង​ផលិតភាព​ក្នុងស្រុក​នោះ វា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ការ​ប្រកួតប្រជែង និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លំហូរ​វិនិយោគិន​ពី​បរទេស​ទៅ​វិញ ​។

តែបើ​ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក​បណ្ឌិត​វាយតម្លៃ​ខ្ពស់ ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​តែងតែ​គិតគូរ ​ដល់​ជីវភាព​របស់​កម្មករនិយោជិត​នៅ​កម្ពុជា ​តាម​រយៈ​ការ​បង្កើត​អត្ថប្រយោជន៍​លើ​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ ។ អ្វី​ដែល​កត់សម្គាល់​នោះ គឺ​ការ​ផ្តោត​លើ​ផលិតភាព​ការងារ និង​ប្រាក់​ឈ្នួល​របស់​កម្ម​រក​និយោជិត​ក៏​ជា​រឿង​ចាំបាច់​ផង​ដែរ ដើម្បី​ធានា​បាន​នូវ​ការ​វិនិយោគ​មួយ​ដែល​មាន​ស្ថេ​រ​ភាព និង​ការ​ប្រកួតប្រជែង​ខ្ពស់ ​។ លោក​សង្ឃឹមថា ផលិតភាព​នៅ​កម្ពុជា និង​កម្រិត​ការ​វិនិយោគ និង​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ដែល​អាច​ឱ្យ​រាជរដ្ឋាភិបាល​នៅ​តែ​អាច​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត​បន្ត​ទៀត ​។

ការ​អនុវត្ត​ប្រាក់​ឈ្នួល​អប្បបរមា ២០៨ ដុល្លារ គឺ​ចាប់ពី​ខែមករា ឆ្នាំ​២០២៥ នេះ​ហើយ ខណៈ​ដែល​កម្មករនិយោជិត​សប្បាយចិត្ត និង​អរគុណ​រាជរដ្ឋាភិបាល ហើយ​ចាត់​ទុក​ថា​គោលនយោបាយ​ដំឡើង​ប្រាក់​ឈ្នួល​ជា​រៀង​រាល់​ឆ្នាំ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​យកចិត្តទុកដាក់​សុខទុក្ខ​របស់​កម្មករនិយោជិត​ ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ ៕ អត្ថបទសហការ