ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នាស្ដី​ពី «គម្រោងបណ្តុះបណ្តាល​អ្នកជំនាញ​តោន និង​បា.ញ់ថ្នាំ​រថយន្ត​» ​ផ្តល់​ជំនាញ​ និង​ឱកាស​ការងារទាំង​ក្នុង និង​ក្រៅប្រទេស​ ដល់​យុវជន​កម្ពុជា

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមហ៊ុន HONDA CARS HAKATA CO., LTD…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមហ៊ុន HONDA CARS HAKATA CO., LTD បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ ​នៃ​ការ​យោគយល់​គ្នា ស្ដី​ពី «គម្រោង​បណ្តុះបណ្តាល​អ្នកជំនាញ​តោន និង​បា.ញ់ថ្នាំ​រថយន្ត​» ក្រោម​អធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក KOSHIRO MUTO នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន HONDA CARS HAKATA CO., LTD​ ។

អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ដែល​ត្រូវ​បាន​ចុះហត្ថលេខា​រួម​គ្នា នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​អង្គារ ទី ​២៤ ខែធ្នូ ឆ្នាំ ​២០២៤ ​នេះ មាន​សុពលភាព​សម្រាប់​រយៈពេល ៤​ឆ្នាំ ដោយ​មាន​គោលបំណង​បង្កើត​នូវ​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ រវាង​ភាគី​ទាំង​ពីរ​លើ​ការ​បណ្ដុះបណ្តាល​ជំនាញ​តោន និងបា.ញ់ថ្នាំ​ស្រប​តាម​ស្ដង់ដា​របស់​ក្រុមហ៊ុន HONDA CARS HAKATA CO., LTD នៃ​ប្រទេស​ជប៉ុន ដើម្បី​ធានា​បាន​នូវ​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការ​បណ្ដុះបណ្តាល​ជំនាញ​ឯកទេស​ជូន​ដល់​សិស្ស និស្សិត​របស់​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) ​។

ឯកឧត្តម ហេង សួរ បាន​ថ្លែង​បញ្ជាក់​ថា ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នា​ពេល​នេះ គឺជា​សក្ខីភាព​ក្នុង​ការ​ផ្តល់​អត្ថប្រយោជន៍​សំខាន់​ៗ​ដល់​ស្ថាប័ន​ទាំង​ពីរ ពោល​គឺ​សម្រាប់​យុវជន យុវនារី​កម្ពុជា​នឹង​ទទួល​បាន​ជំនាញ និង​ឱកាស​បំពេញការងារ​ក្នុង​ជំនាញ​តោន និង​បា.ញ់ថ្នាំ ជា​ពិសេស​ជាង​នេះ​ទៀត​នោះ គឺ​ទទួល​បាន​ឱកាស​ក្នុង​ការ​ស្វែង​យល់ និង​ទទួល​បានការ​បំផុសគំនិត​នៃ​ការ​រៀបចំ​អត្ត​ច​រិ​ក និង​ការ​ធ្វើការ​បែប «​ភាពល្អ​ឥត​ខ្ចោះ​» របស់​ជប៉ុន ​។ រីឯ​ខាង​ក្រុមហ៊ុន​វិញ ក៏​នឹង​ទទួល​បាន​នូវ​កម្លាំង​ពលកម្ម​វ័យក្មេង​ដែល​មាន​សក្តានុពល​ខ្ពស់ មាន​ជំនាញ​ពិតប្រាកដ និង​សមត្ថភាព​ពេញលេញ ដើម្បី​បំពេញការងារ​នៅ​ក្នុង​ក្រុមហ៊ុន នៅ​ឯ​ប្រទេស​ជប៉ុន​ផង​ដែរ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ គឺ​បាន​ជួយ​រួមចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង លើកកម្ពស់​កម្មវិធី TVET ១,៥​លាន​នាក់ តាម​រយៈ​ការ​ចូលរួម​បណ្តុះបណ្តាល ការ​បង្កើត​កម្មវិធី​សិក្សា ការ​ផ្តល់​សម្ភារៈ និង​ឧបករណ៍​ចាំបាច់​សម្រាប់​ការ​បណ្តុះបណ្តាល ការ​ផ្តល់​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ក្នុង​ការ​បញ្ជូន​អ្នកជំនាញ​តោន និង​បា.ញ់ថ្នាំ ជូន​ដល់​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) ដែល​ស្ថិត​ក្រោម​ឱវាទ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។ តាម​រយៈ​កិច្ចសហការ​នេះ វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) មិន​ត្រឹមតែ​ទទួល​បាន​ឧបករណ៍​បណ្តុះបណ្តាល​កម្រិត​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា​ដ៏​រឹង​មាំ ដែល​ត្រូវ​បាន​រចនា​ឡើង​ស្រប​តាម​ស្តង់ដារ​ឧត្តមភាព​របស់​ប្រទេស​ជប៉ុន ​។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ នឹង​រួមចំណែក​ដោយ​ផ្ទាល់ ក្នុង​ការ​លើកកម្ពស់​ជំនាញ​របស់​សិក្ខាកាម​របស់​យើង ដោយ​រៀបចំ​ពួក​គេ​សម្រាប់​ទីផ្សារ​ការងារ​ទាំង​ក្នុង និង​ក្រៅប្រទេស​ ៕ អត្ថបទសហការ