ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ សហការ​ជាមួយ​សមាគម​មិត្ត​យើង រៀបចំ​កម្មវិធី​កាត់សក់​បង្កក់​សិរី ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌជូន​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ

3 ខែ មុន

រាជធានីភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​សមាគម​មិត្ត​យើង រៀបចំ​កម្មវិធី​កាត់សក់​បង្កក់​សិរី​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ជូន​ប្រជាពលរដ្ឋ​ប្រមាណ ​៥០០​…

រាជធានីភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​សមាគម​មិត្ត​យើង រៀបចំ​កម្មវិធី​កាត់សក់​បង្កក់​សិរី​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ជូន​ប្រជាពលរដ្ឋ​ប្រមាណ ​៥០០​ នាក់ ក្នុងភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​ចូលរួម​ពី​សំណាក់ ឯកឧត្តម ឡា វិបុល អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​ដ៏​ខ្ពស់​ខ្ពស់​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

កម្មវិធី​កាត់សក់​បង្កក់​សិរី​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មានការ​ចូលរួម​ពី​អ្នកជំនាញ​ផ្នែក​សក់ និង​សាឡ​ន ចំនួន ៥២​នាក់ ដែល​មានបទពិសោធន៍​ច្រើន​ឆ្នាំ ​លើ​វិស័យ​សក់ និង​សម្រស់ ដើម្បី​ផ្តល់​ជូន​ការ​កាត់សក់​ដោយ​ឥត​គិតថ្លៃ ជូន​ប្រជាពលរដ្ឋ បងប្អូន​កម្មករ កម្មការិនី​តាម​បណ្ដា​រោងចក្រ សហគ្រាស ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

នៅ​ក្នុង​កម្មវិធី​កាត់សក់​បង្កក់​សិរី​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក៏​មាន​កិច្ចសហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) និង​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផង​ដែរ ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទីផ្សារ​ការងារ និង​សេវា ប​.​ស​.​ស​. ជូន​ប្រជាពលរដ្ឋ សាធារណជន ​។

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១១​ហើយ ដែល​សមាគម​មិត្ត​យើង រៀបចំ​កម្មវិធី​សក់ និង​សម្រស់​ដើម្បី​មិត្ត​យើង ក្នុង​ការ​ផ្តល់​ជូន​ការ​កាត់សក់​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ ។ កម្មវិធី​សក់ និង​សម្រស់​ដើម្បី​មិត្ត​យើង គឺជា​កម្មវិធី​ដ៏​សំខាន់​មួយ​របស់​សមាគម​មិត្ត​យើង ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំនាញ​សក់ និង​សម្រស់​សម្រាប់​អ្នក​ដែល​កំពុង​ស្វែងរក​ការ​បណ្ដុះបណ្ដាល​ក្នុង​វិស័យ​នេះ ដើម្បី​ជា​មធ្យោបាយ​លើកកម្ពស់​ជីវភាព​រស់នៅ ​។ សមាគម​មិត្ត​យើង គឺជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក ដែល​បាន​ចុះបញ្ជី​ស្របច្បាប់​ក្នុង​ឆ្នាំ ២០២១ ដោយ​មាន​ចក្ខុវិស័យ​ក្នុង​ការ​ផ្តល់​ឱកាស​ការងារ លើកកម្ពស់ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ បេសកកម្ម​របស់​សមាគម​មិត្ត​យើង គឺ​ដើម្បី​ពង្រឹង​មិត្តភាព សាមគ្គីភាព បង្កើត​បណ្តាញ​គាំទ្រ ចែករំលែក​ព័ត៌មាន និង​បទ​ពិសោធន៍​ជាមួយ​គ្នា​ក្នុង​ចំណោម អ្នកជំនាញ​ដែល​ធ្វើការ​ក្រៅ​ប្រព័ន្ធ អ្នកជំនាញ​បច្ចេកទេស អ្នក​ផ្តល់​សេវា និង​អាជីវកម្ម​ទាំង​ជាតិ និង​អន្តរជាតិ​ ៕ អត្ថបទសហការ