ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តំណាង​កម្មករ​ជាង ​៤ ម៉ឺន​នាក់ ​ប្រកាស​គាំទ្រ​ការ​ដកខ្លួន​ចេញ ពី​កិច្ច​សហប្រតិបត្តិការ CLV-DTA

2 ខែ មុន

រាជធានីភ្នំពេញ​៖ ​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​(CWPUC) តំណាង​ឱ្យ​សហព័ន្ធ​សហជីព សមាគម និង​សមាជិក សមាជិកា​ជាង​៤​ម៉ឺន​នាក់​នៅ​ក្នុង​វិស័យ​កម្មករនិយោជិត សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​សម្រេចចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានីភ្នំពេញ​៖ ​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​(CWPUC) តំណាង​ឱ្យ​សហព័ន្ធ​សហជីព សមាគម និង​សមាជិក សមាជិកា​ជាង​៤​ម៉ឺន​នាក់​នៅ​ក្នុង​វិស័យ​កម្មករនិយោជិត សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​សម្រេចចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​កា​រដក​កម្ពុជា​ចេញពី កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដើម្បី​ដក​អាវុធ ឬ​ ង​ងើ​ក​ភ្លើង​ចេញពី​ដៃ​ក្រុម​ជ្រុលនិយម ​ដែល​ប៉ុនប៉ង​យក​បញ្ហា​នេះ ​បង្ក​ជា​ចលាចល​ក្នុង​សង្គម ​។

តាម​រយៈ​ញត្តិ​គាំទ្រ​លោក​ហង្ស រ៉ា​វី ប្រធាន CWPUC បាន​លើក​ឡើង​ថា ការ​សម្រេចចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​ថា CLV-DTA ត្រូវ​បាន​អនុវត្ត​រយៈពេល ២៥​ឆ្នាំ មក​ហើយ​និង​ក៏​បាន​កសាង​សមិទ្ធផល​ជា​ច្រើន សម្រាប់​ការ​អភិវឌ្ឍ​ខេត្តក្រចេះ ស្ទឹង​ត្រែង មណ្ឌលគិរី និង​រតនគិរី ប៉ុន្តែ​កន្លង​ទៅ​នេះ​ក្រុម​ជ្រុលនិយម បាន​ចាប់​យក​ចំណុច​នេះ ធ្វើ​ជា​អាវុធ​នយោបាយ ដើម្បី​មូល​បង្កាច់ និង​វាយប្រហា​រចំពោះ​រាជរដ្ឋាភិបាល ដោយ​ការ​ភូត​កុហក​ឥត​ឈប់​ឈរ ​ចំពោះ​ប្រជាជន ដែល​ធ្វើ​ឱ្យប្រជាជន​មួយ​ចំនួន​មានការ​ភាន់ច្រឡំ ដូច​ជា​ការ​ចោទប្រកាន់​ថា​រាជរដ្ឋាភិបាល​បាន​កាត់​ទឹកដី​នៃ​ខេត្ត​ទាំង​៤ នៃ​ភាគ​ឦសាន​ឱ្យទៅ​បរទេស​ជាដើម ហើយ​ចុង​ក្រោយ​នេះ ក៏​បាន​ប្រើ​រឿង​នេះ​ដើម្បី​ញុះញង់ និង​បំផុសបំផុល​ប្រជាជន ឱ្យ​ចូលរួម​អនុវត្ត​នូវ​ផែនការ​ ១៨ សីហា ក្នុង​ការ​ប៉ុនប៉ង​អុកឡុក​បង្ក​អ​ស្ថិរភាព ​ដល់​សង្គម​ជាតិ​ ។

ប្រភព​ដដែល​បន្ត​ថា រាជរដ្ឋាភិបាល​បាន​ចាត់វិធានការ ទាំង​វិធានការ​អប់រំ​ផ្សព្វផ្សាយ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ច្បាស់​អំពី​កិច្ច​សហប្រតិបត្តិការ CLV-DTA និង​ល្បិច​កល​នយោបាយ​របស់​ក្រុម​ជ្រុលនិយម ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ប្រកបដោយ​ប្រសិទ្ធភាព និង​បាន​ធ្វើ​ឱ្យ «​ផែនការ​១៨ សីហា​» របស់​ក្រុមប្រឆាំង​ជ្រុលនិយម​ បាន​បរាជ័យ​ទាំងស្រុង ហើយ​សុខ​សន្តិភាព និង​ស្ថិរភាព​សង្គម ត្រូវ​បាន​ធានា​យ៉ាង​រឹង​មាំ​ ។

ដោយ​គិតគូរ​ពី​កង្វល់​របស់​ប្រជាជន​ លើ​បញ្ហា​ទឹកដី និង​ភាព​ចាំបាច់​ខាង​នយោបាយ​ដើម្បី “​ដក​អាវុធ​ចេញពី​ដៃ ​ពួក​ជ្រុលនិយម កុំ​ឱ្យមាន​លទ្ធភាព​ប្រើប្រាស់ CLV-DTA បោកប្រាស់​ប្រជាជន​កម្ពុជា​តទៅ​ទៀត សម្តេច​តេ​ជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពិភាក្សា​គ្នា​ជាមួយ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ផ្សេង​ទៀត ហើយ​បាន​សម្រេចចិត្ត​ថា ​កម្ពុជា​បញ្ចប់​ការ​ចូលរួម CLV-DTA ចាប់ពី​ថ្ងៃ​២០ ខែកញ្ញា ឆ្នាំ​២០២៤ ​នេះ តទៅ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ជូនដំណឹង​ជា​ផ្លូវការ ​ទៅ​ប្រទេស​វៀតណាម និង ប្រទេស​ឡាវ រួច​ហើយ​ដែរ​ ។

ក្នុង​ន័យ​នេះ CWPUC បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ថា ការ​សម្រេចចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​កា​រដក​កម្ពុជា​ចេញពី ​កិច្ច​សហប្រតិបត្តិការ CLV-DTA ដើម្បី​ដក​អាវុធ ឬ​ងងើ​ក​ភ្លើង​ចេញពី ​ដៃ​ក្រុម​ជ្រុលនិយម ដែល​ប៉ុនប៉ង​យក​បញ្ហា​នេះ​បង្ករ​ជា​ចលាចល​ក្នុង​សង្គម​ ៕ អត្ថបទសហការ