
ធនាគារ ABA គាំទ្រកម្មវិធីអប់រំកម្រិតបឋមសិក្សារបស់ អង្គការមូលនិធិកុមារកម្ពុជា
រាជធានីភ្នំពេញ ៖ ធនាគារ ABA បានប្រកាសបរិច្ចាគថវិកាសរុបចំនួន 60 000 ដុល្លារអាមេរិក សម្រាប់រយៈពេល 3…
រាជធានីភ្នំពេញ ៖ ធនាគារ ABA បានប្រកាសបរិច្ចាគថវិកាសរុបចំនួន 60 000 ដុល្លារអាមេរិក សម្រាប់រយៈពេល 3…
រាជធានីភ្នំពេញ ៖ ធនាគារ ABA បានប្រកាសបរិច្ចាគថវិកាសរុបចំនួន 60 000 ដុល្លារអាមេរិក សម្រាប់រយៈពេល 3 ឆ្នាំ ជូនដល់អង្គការមូលនិធិកុមារកម្ពុជា (CCF) ។ ការគាំទ្រនេះ មានគោលបំណងជួយទ្រទ្រង់ ការអប់រំប្រកបដោយគុណភាពប្រសើរ សម្រាប់កុមារក្រីក្រកម្ពុជា ។
ភាគីទាំងសងខាងបានចុះហត្ថលេខាលើភាពជាដៃគូចលនូបត្ថម្ភជាផ្លូវការ នៅថ្ងៃទី 04 ខែកញ្ញា ឆ្នាំ 2024 ក្រោមវត្តមានរបស់ លោក Scott Neeson ស្ថាបនិក និងនាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា និង លោក Igor Zimarev នាយកទីផ្សារ និងកិច្ចការទំនួលខុសត្រូវសង្គម នៃធនាគារ ABA រួមទាំងតំណាងរបស់គ្រឹះស្ថានទាំងពីរ ។ កិច្ចព្រមព្រៀងនេះបានបង្ហាញពីគម្រោងរយៈពេល 3 ឆ្នាំ ដែល ABA នឹងផ្តល់ថវិកាចំនួន 20 000 ដុល្លារអាមេរិក ក្នុងមួយឆ្នាំដល់កម្មវិធីអប់រំកម្រិតបឋមសិក្សា របស់អង្គការមូលនិធិកុមារកម្ពុជា ។ ការរួមចំណែកនេះនឹងធានាផ្តល់នូវការអប់រំពេញលេញដល់សិស្សានុសិស្សជាច្រើនរូប ។ រហូតមកដល់ពេលនេះ សិស្សានុសិស្សកម្រិតមូលដ្ឋាន ចំនួនប្រហែលជាង 740 នាក់ បានទទួលបានការអប់រំនៅសាលារៀន Satellite ចំនួន 6 របស់អង្គការមូលនិធិកុមារកម្ពុជា ។
បន្ថែមពីជំនួយថវិកា ABA ក៏បានបរិច្ចាគ ឈុតកុំព្យូទ័រលើតុ រ៉ោតទ័រ និងស្វ៊ីច សម្រាប់ថ្នាក់កុំព្យូទ័ររបស់សាលារៀនមួយរបស់អង្គការផងដែរ។ ការបរិច្ចាគនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការជួយគាំទ្រសិស្សានុសិស្សទៅលើចំណេះដឹងផ្នែកឌីជីថល នៅក្នុងសង្គមដែលជំរុញដោយបច្ចេកវិទ្យា ។
លោក Igor Zimarev នាយកទីផ្សារ និងកិច្ចការទំនួលខុសត្រូវសង្គមនៃធនាគារ ABA មានប្រសាសន៍ថា ៖ «យើងខ្ញុំមានកិត្តិយសដែលបានរួមចំណែក ដល់អង្គការមូលនិធិកុមារកម្ពុជា ដើម្បីផ្តល់នូវការផ្លាស់ប្តូរដល់កុមារក្រីក្រជាថ្មីម្ដងទៀត ។ នៅធនាគារ ABA យើងខ្ញុំជឿជាក់ថា ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃសង្គមមួយដែលមានវឌ្ឍនភាព និងសមភាព។ យើងខ្ញុំបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញការរីកចម្រើន ឱកាសល្អៗ និងការផ្លាស់ប្តូរក្នុងសង្គមយើង តាមរយៈការវិនិយោគលើអនាគតរបស់កុមារទាំងនេះ» ។
កាលពីឆ្នាំ 2023 ធនាគារក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ជាមួយអង្គការមូលនិធិកុមារកម្ពុជា ដើម្បីបង្កើត កម្មវិធីអភិវឌ្ឍសម្រាប់ទាំងអស់គ្នា ក្នុងគោលដៅជួយដល់កុមារខ្វះខាត តាមរយៈការផ្តល់ឱកាសហាត់ការ និងឱកាសការងារ អាហារូបករណ៍ កម្មវិធីស្ម័គ្រចិត្ត កិច្ចសហការ ផ្សព្វផ្សាយឆ្លងស្ថាប័ន និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ។ ABA នៅតែបន្តពង្រឹងកុមារជំនាន់ក្រោយៗ ឲ្យមានអនាគតភ្លឺស្វាង ដើម្បីធានាថា កុមារគ្រប់រូបមានឱកាសអភិវឌ្ឍសក្ដានុពលរបស់ខ្លួន បានពេញលេញនិងបន្តបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរទៅ លើទំនួល ខុសត្រូវសង្គម និងការអភិវឌ្ឍសហគមន៍របស់ធនាគារ ។
អំពីធនាគារ ABA
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យ របស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023 ។ ធនាគារ ABA មាន 95 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 45 កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,600 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង 3.5 លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ