ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ ​និង​ក្រុមហ៊ុន ​RMA ចុះ​អនុស្សរណៈ​ ដើម្បីពង្រឹង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​វិស័យ​យានយន្ត​នៅ​កម្ពុជា

9 ខែ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៤…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ចុះ​អនុស្សរណៈ​ជាមួយ លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ (RMA) ស្តី​ពី “​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាម​រយៈ​កម្មវិធី​ហ្វឹកហ្វឺន​កូនជាង​លើ​ការ​បណ្តុះបណ្តាល​តាម​បច្ចេកវិទ្យា​ចុង​ក្រោយ និង​សេវា​ការងារ​សាធារណៈ​” ដែល​កម្មវិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

ថ្លែង​ក្នុង​អង្គពិធី ឯកឧត្តម ហេង សួរ បាន​សង្កត់ធ្ងន់​ថា​អនុស្សរណៈ​នេះ​នឹង​ធ្វើ​ឱ្យ​ធនធានមនុស្ស​កម្ពុជា​កាន់តែ​មាន​សមត្ថភាព​ខ្ពស់​តាម​រយៈ​ការ​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ចុង​ក្រោយ និង​សេវា​សាធារណៈ​តាម​រយៈ​ការ​បណ្តុះបណ្តាល​កូនជាង ដែល ​RMA នឹង​ទទួលយក​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា និង​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​ដែល​ពាក់ព័ន្ធ​ផ្សេង​ៗ ​។

បន្ថែម​ពី​នេះ តាម​រយៈ​អនុស្សរណៈ​ ដែល​បាន​ចុះហត្ថលេខា​នា​ពេល​នេះ ក្រុមហ៊ុន RMA ក៏​នឹង​មានឱកាស​ក្នុង​ការ​សហការ​ជាមួយ​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ដើម្បី​រៀបចំ​កម្មវិធី​សិក្សា​ឱ្យ​សម​ស្រប​ទៅ​នឹង​តម្រូវការ​ជំនាញ​របស់​ក្រុមហ៊ុន ហើយ​ក៏​ជា​ការ​ចូលរួម​ចំណែក​បណ្តុះបណ្តាល និង​បំពេញ​កង្វះខាត​ធនធានមនុស្ស​ផង​ដែរ​ ។

ទន្ទឹម​នឹង​នេះ លោក ង​ន សាំង ក្នុង​ឱកាស​នៃ​ពិធី​ចុះ​អនុស្សរណៈ​បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​បាន​លើក​ឡើង​ពី​គោលការណ៍​ថ្មី​ដែល​នឹង​អនុវត្ត ដោយ​ការ​ផ្តល់​ឱកាស​ដល់​បុគ្គលិក​ឱ្យ​ទទួល​បាន​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​ក្រៅ​ម៉ោង ដែល​អាច​ជួយ​ទាំង​ក្រុមហ៊ុន​ឱ្យ​មាន​អ្នក​បំពេញការងារ និង​ជួយ​ដល់​សិក្ខាកាម​ទទួល​បាន​ប្រាក់​កម្រៃ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀត​ផង ​។

សូម​បញ្ជាក់​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រុមហ៊ុន RMA បាន​ផ្តល់​ឱកាស​ហាត់​ការ និង​កម្មសិក្សា​ដល់​សិស្ស និស្សិត ដើម្បី​ផ្សារ​ភ្ជាប់​ទ្រឹស្តី​ជាមួយនឹង​ការ​អនុវត្ត​នៅ​តាម​បណ្តា​សហគ្រាស គ្រឹះស្ថាន​ដៃគូ ជាមួយនឹង​ឱកាស​ការងារ​តាម​រយៈ​ការ​ជ្រើសរើស​ក្នុង​ចំណោម​អ្នក​ហាត់​ការ ឬ​កម្មសិក្សា​ដែល​ស្គាល់ និង​យល់​ដឹង​អំពី​កន្លែង​ការងារ​ស្រាប់​ឱ្យ​ក្លាយជា​កម្មករនិយោជិត​របស់​សហគ្រាស​គ្រឹះស្ថាន​ដៃគូ ហើយ​កិច្ចសហការ​នេះ ក៏​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​អភិវឌ្ឍន៍ និង​ការ​ពង្រឹង​ធនធានមនុស្ស​នៅ​កម្ពុជា​ ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ​ ។

មួយវិញទៀត​អនុស្សរណៈ​នេះ នឹង​ធ្វើ​ឱ្យ​សិក្ខាកាម​ដែល​កំពុង​សិក្សា​នៅ​តាម​បណ្តា​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​ដែល​ស្ថិត​ក្រោម​ឱវាទ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពិសេស​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ អាច​ពង្រឹងសមត្ថភាព​សិក្ខាកាម​ឱ្យ​កាន់តែ​ប្រសើរ និង​ផលិតភាព​ខ្ពស់​បន្ថែម​តាម​រយៈ​ការ​ផ្សារ​ភ្ជាប់​ទ្រឹស្តី​ជាមួយនឹង​ការ​អនុវត្ត​ផ្ទាល់​ជាមួយ​គ្រឿងយន្ត និង​បច្ចេកវិទ្យា​ទំនើប​របស់​ក្រុមហ៊ុន RMA ៕ អត្ថបទសហការ