ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោកជំទាវបណ្ឌិត ជា សិរី ជួបពិភាក្សាការងារជាមួយនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃធនាគារ Sumitomo Mitsui Banking Corporation (SMBC)

9 ខែ មុន

រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Katsufumi Uchida…

រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Katsufumi Uchida នាយកគ្រប់គ្រង និងជានាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃធនាគារ Sumitomo Mitsui Banking Corporation (SMBC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ ។ 

ក្នុងជំនួបនេះ លោក Katsufumi បានជម្រាបជូនអំពីវឌ្ឍនភាពនៃការចូលរួមចំណែករបស់ធនាគារ SMBC ក្នុងវិស័យធនាគារនៅកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី និងវត្តមានការិយាល័យតំណាង SMBC នៅកម្ពុជា ដែលធ្វើប្រតិបត្តិការប្រមូលនិងស្រាវជ្រាវព័ត៌មាននានា សម្រាប់វិភាគ និងរៀបចំដាក់ចេញយុទ្ធសាស្រ្តសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច។ លោក Katsufumi បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់ SMBC ក្នុងការរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា តាមរយៈការវិនិយោគនៅក្នុងគ្រឹះស្ថានធនាគារ និងការលើកកម្ពស់សមត្ថភាពជំនាញក្នុងវិស័យនេះ ។ 

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះការលើកឡើងរបស់ធនាគារ SMBC អំពីឆន្ទៈក្នុងការវិនិយោគរយៈពេលវែងនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យពិចារណាពង្រីកប្រតិបត្តិការផ្ទាល់នៅកម្ពុជាកាន់តែទូលំទូលាយ ដោយបង្កើនទំហំប្រតិបត្តិការទៅជាគ្រឹះស្ថានហិរញ្ញវត្ថុ បន្ថែមលើវត្តមានការិយាល័យតំណាងដែលកំពុងដំណើរការ ដើម្បីរួមចំណែកកាន់តែសកម្មក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ។ 

ក្នុងឱកាសនោះដែរ លោកជំទាវទេសាភិបាល និងលោក Katsufumi ក៏បានលើកឡើងពីវឌ្ឍនភាពគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនតាម ឃ្យូអរកូត រវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជាលើសញ្ញាប័ណ្ណបៃតងជាដើមផងដែរ ៕ អត្ថបទសហការ