រាជធានីភ្នំពេញ៖ តាមរយៈជោគជ័យក្នុងការបំផុសស្មារតីប្អូនៗ សិស្សានុសិស្សនៃ វិទ្យាល័យ ជាស៊ីម ព្រែកអញ្ចាញ ក្នុងការចូលរួមលេងកីឡាតាមរយៈកម្មវិធី “រត់ដើម្បីសុខភាពសហគមន៍” ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) បានបន្តនាំស្មារតីនេះដោយឧបត្ថម្ភប្អូនៗ សិស្សានុសិស្សដែលទទួលបានជ័យលាភីពីលេខ១ ដល់លេខ៣ ទាំង០៦រូប ចូលរួមរត់ក្នុង ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភាពអង្គរ លើកទី៩ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែសីហា នេះ ។
គួររីករាយជាខ្លាំង ប្អូនៗទាំង៦ រូប ទទួលបានជោគជ័យក្នុងការរត់រយៈចម្ងាយ ១០ គីឡូម៉ែត្រ ក្រោមរយៈពេល ២ ម៉ោង ដែលកំណត់ដោយគណៈកម្មការនៃកម្មវិធី ។ ជាការចូលរួមលើកទឹកចិត្ត និងជំនួយដល់ប្អូនៗ ក្នុងការសិក្សា ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឺម បានផ្តល់រង្វាន់ជាថវិកា ១លានរៀលក្នុងម្នាក់ ដើម្បីជាកញ្ចប់ឧបត្ថម្ភដល់ការសិក្សាដល់ពួកគេ ។
តាមរយៈការចូលរួមរត់ក្នុងព្រឹត្តិការណ៍ “ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ” ដ៏មានកិត្យានុភាពក្នុងខេត្តសៀមរាបនេះ សិស្សានុសិស្សទាំង៦រូបបានសម្តែងនូវសេចក្តីរីករាយជាខ្លាំង បន្ថែមជាមួយនឹងសមទ្ធិផល ដែលបានពីការទទួលជោគជ័យតាមលក្ខខណ្ឌកំណត់ ។
ប្អូនស្រី ហៀង លក្ខិណា សិស្សថ្នាក់ទី១០ បានសម្តែងនូវក្តីរំភើប ដែលបានចូលរួមក្នុងកម្មវិធី ជាលក្ខណៈអន្តរជាតិនេះថា៖ «នេះ ជាលើកទីមួយដែលខ្ញុំបានចូលរួមកម្មវិធីជាមួយជាតិសាសន៍ជាច្រើនដែលបានធ្វើដំណើរមកចូលរួមក្មុងកម្មវិធីនេះ ។ ខ្ញុំនឹងចងចាំអនុស្សាវរីយនេះ អស់មួយជីវិតរបស់ខ្ញុំ» ។
ប្អូនស្រី ឈួន ឌីណា សិស្សថ្នាក់ទី១១ ក៏បានសម្តែងនូវភាពសប្បាយរីករាយ ក្នុងការចូលរួមកម្មវិធីដ៏អស្ចារ្យនេះ និងដែលបានទទួលរង្វាន់ សម្រាប់ជួយសម្រាលបន្ទុកគ្រួសារក្នុងការសិក្សារបស់ខ្លួន ។ «សូមអរគុណដល់ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ដែលបានបង្កើតកម្មវិធី “រត់ដើម្បីសុខភាពសហគមន៍” ដែលផ្តល់ឱកាសដល់សិស្សានុសិស្សដូចយើងខ្ញុំ អាចចូលរួមទទួលបានបទពិសោធន៍ពីសកម្មភាពក្រៅម៉ោងសិស្សាដែលបានផ្តល់ជាការបំផុសគំនិត និងបង្កើនចំណេះពីខាងក្រៅយ៉ាងច្រើនដល់យើងខ្ញុំ» ។
គួរបញ្ជាក់ផងដែរថា កម្មវិធី “រត់ដើម្បីសុខភាពសហគមន៍” គឺជាកម្មវិធីទំនួលខុសត្រូវសង្គមមួយរបស់ក្រុមហ៊ុនប្រេងឥន្ធនៈប៊ីវីអឹម ដែលបានបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្ត និងកៀរគរសិស្សានុសិស្សចូលរួមលេងកីឡា តាមរយៈការប្រកួតរត់ចម្ងាយ ។
លោកស្រី មាស គន្ធា នាយិការងនៃក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានមានប្រសាសន៍ថា៖ «តាមរយៈកីឡា ពួកយើងជឿជាក់យ៉ាងមុតមាំថា ពួកយើងបានចូលរួមចំណែកក្នុងការដឹកនាំសិស្សានុសិស្ស បណ្តុះស្មារតី និងរាងកាយពួកគេឱ្យមានសុខភាពល្អ ដែលនេះក៏ជាផ្នែកមួយនៃការត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ត្រចះត្រចង់ របស់ពួកគេផងដែរ ។ ជាងនេះទៅទៀត នៅពេលដែលសិស្សានុសិស្សមានសុខភាពល្អ សាលារៀនក៏មានសុខភាពល្អ នៅពេលដែលសាលារៀនមានសុខភាពល្អ សហគមន៍ទាំងមូលក៏មានសុខភាពល្អដូចគ្នា!» ។
តាមរយៈ សកម្មភាពទំនួលខុសត្រូវសង្គម ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម សង្ឃឹមក្នុងការចូលរួមចំណែកជំរុញការផ្លាស់ប្តូរ និងការកែលម្អប្រកបដោយអត្ថន័យ និងភាពវិជ្ជមានសម្រាប់សហគមន៍ និងសង្គមរបស់យើង ។ នេះ មិនគ្រាន់តែជាការផ្តល់ ត្រឡប់ទៅកាន់សហគមន៍ទេ ប៉ុន្តែវាជាការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកសាងអនាគតដ៏ត្រចះត្រចង់ និងនិរន្តរភាពសម្រាប់ទាំងអស់គ្នា ។
លោកស្រី មាស គន្ធា បានមានប្រសាសន៍ថា៖ «ទំនួលខុសត្រូវសង្គម តែងតែជាផ្នែកមួយនៃសកម្មភាព និងការធ្វើការងាររបស់ ប៊ីវីអឹម ព្រោះវាបានផ្សារភ្ជាប់យ៉ាងស៊ីជម្រៅជាមួយនឹងចក្ខុវិស័យរបស់ក្រុមហ៊ុនយើង ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្កើតផលវិជ្ជមាន និងនិរន្តរភាពដល់សង្គម និងភាគីពាក់ព័ន្ធទាំងអស់» ។
លោកស្រី បានបន្តថា៖ «ចាប់តាំងពីដំណើរការនៃក្រុមហ៊ុនមក យើងបានចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងសុខុមាលភាពរបស់សហគមន៍ ក្រោមទម្រង់ផ្សេងៗជាច្រើន តាមរយៈការផ្តល់ និងចែករំលែក ទៅតាមវិធីសាស្ត្ររបស់ពួកយើង ដោយសង្ឃឹមថាសកម្មភាពទាំងនោះ នឹងរួមចំណែកដល់ផលវិជ្ជមាន ដល់សហគមន៍ទាំងមូល» ។
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ដែលបានដំណើរការតាំងពីឆ្នាំ ២០០៨ មក បានក្លាយជាក្រុមហ៊ុនប្រេងឥន្ធនៈ នាំចូល លក់ និងចែកចាយ ប្រេងឥន្ធនៈ ក្នុងស្រុកឈានមុខមួយនៅក្នុងវិស័យប្រេងឥន្ធនៈនៅព្រះរាជាណាចក្រកម្ពុជា ។
លោកស្រី មាស គន្ធា បានបន្តថា៖ «ពួកយើង មានមោទនភាពដែលបានក្លាយជាក្រុមហ៊ុនក្នុងស្រុក ផ្គត់ផ្គង់ប្រេងឥន្ធនៈ ដែលមានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដែលពួកគាត់ជាអ្នកប្រើប្រាស់ចុងក្រោយ ម្ចាស់អាជីវកម្មដែលប្រើប្រាស់ប្រេងឥន្ធនៈ និងម្ចាស់ស្ថានីយតាមបណ្តាខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា» ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ