ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អគារ​ចុះ​ឈ្មោះ និង​បន្ទប់​រង់ចាំ នៃ​មជ្ឈមណ្ឌលជាតិ​ផ្ដល់​ឈាម​ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​ជំនួយ​ឧបត្ថម្ភពី​មូលនិធិ ២៥​រៀល វីតាល់

8 ខែ មុន

រាជធានី​ភ្នំពេញ ​៖ នៅព្រឹក​ថ្ងៃ​ទី ​២៤ ឧសភា ២០២៤ នេះ ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី…

រាជធានី​ភ្នំពេញ ​៖ នៅព្រឹក​ថ្ងៃ​ទី ​២៤ ឧសភា ២០២៤ នេះ ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) បាន​ប្រារព្ធ​ពិធី​ប្រគល់​ទទួល និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​អគារ​ចុះ​ឈ្មោះ និង​បន្ទប់​រង់ចាំ​បរិច្ចាគ​ឈាម​» ដែល​ជា​គម្រោង​ឧបត្ថម្ភ​គាំទ្រ​របស់​មូលនិធិ​ ២៥​រៀល ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ក្រោម​វត្តមាន​នៃ​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី​សំណាក់ ឯកឧត្តម វេជ្ជបណ្ឌិត ហុ​ក គឹ​ម​ចេ​ង អគ្គនាយក​បច្ចេកទេស​សុខាភិបាល នៃ​ក្រសួងសុខាភិបាល និង​លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន​វី​តា​ល់ រួម​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ក្រុម​គ្រូពេទ្យ បុគ្គលិក វី​តា​ល់ សិស្សានុសិស្ស និង​សប្បុរសជន ប្រមាណ ២០០​ នាក់ ​។

អគារ​ចុះ​ឈ្មោះ និង​បន្ទប់​រង់ចាំ នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ដែល​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស​នេះ​ពេល​នេះ គឺជា​គម្រោង​ជំនួយ​ឧបត្ថម្ភ​របស់​មូលនិធិ ២៥​រៀល វី​តា​ល់ ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ចង្អៀត​ណែន​នៃ​កន្លែង​ចុះ​ឈ្មោះ និង​បន្ទប់​រង​ចាំ​ចាស់ របស់​ម​ជ្ឍ​មណ្ឌល ដោយ​ប្តូរ​មក​ជា​បន្ទប់​ដាច់​ដោយ​ឡែ​ត ប្រកបដោយ​ផា​សុខភាព និង​ចូលរួម​កាត់​បន្ថយ​ការ​កក់ស្ទះ នៃ​ការ​រង​ចាំ បាន​កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​ជូន​ដល់​សប្បុរសជន​ដែល​អញ្ជើញ​មក​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ​។

លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​មាន​ប្រសាសន៍​ថា ការ​ចូលរួម​របស់​ឧបត្ថម្ភ​គាំទ្រ​របស់​មូលនិធិ​ ២៥​រៀល វី​តា​ល់ នេះ​ពិតជា​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់ស្តែង របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក្នុង​ការ​ចង់បាន​នូវ​បន្ទប់​ដាច់​ដោយឡែក​សម្រាប់​ការ​រង​ចាំ និង​កន្លែង​ចុះ​ឈ្មោះ​របស់ សប្បុរសជន​ដែល​អញ្ជើញ​មក​បរិច្ចាគ​ឈាម អគារ​នេះ​ពិតជា​ជួយ​សម្រួល​បាន​ច្រើន​ដល់​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​របស់​មជ្ឈមណ្ឌល ក្នុង​ការ​ទទួល​ស្វាគមន៍​អ្នក​អញ្ជើញ​មក​បរិច្ចាគ​ឈាម បាន​ទូលាយ​ជាង​មុន មាន​ផា​សុខភាព និង​ដាច់​ដោយឡែក​ទៅ​នឹង​កន្លែង​បរិច្ចាគ​ឈាម​តែ​ម្តង ។ បន្ថែម​ពី​នេះ​លោក​ប្រធាន ក៏​បាន​ថ្លែងអំណរគុណ​ដល់ វី​តា​ល់ ដែល​បាន​បន្ត​ចូលរួម​គាំទ្រ និង​បំពេញបន្ថែម​ជា​និច្ច​នូវ​រាល់ តម្រូវការ​ចាំបាច់ និង​ការ​ស្នើ​សុំ​របស់​ម​ជ្ឍ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ប្រមាណ​ជាង​១០​ឆ្នាំ​រួច​មក​ហើយ ​។

លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) បាន​មាន​ប្រសាសន៍​ថា ដោយ​មើលឃើញ​ពី​ភាព​ចាំបាច់ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ចំនួន​កើនឡើង​នៃ​អ្នក​បរិច្ចាគ​ឈាម​ផ្ទាល់ នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម វី​តា​ល់ និង​មូលនិធិ​ ២៥​រៀល បាន​ឯកភាព​ជាមួយ​សំណើរ របស់​មជ្ឈមណ្ឌល ក្នុង​ការ​ផ្តល់​ជំនួយ​ឧបត្ថម្ភ​គាំទ្រ ដល់​ការ​រៀបចំ​អគារ​ចុះ​ឈ្មោះ និង​បន្ទប់​រង់ចាំ​ដ៏​ថ្មីសន្លាងជាមួយ​បរិក្ខារ​ប្រើប្រាស់​ជា​ច្រើន ដើម្បី​បង្កើន​ប្រសិទ្ធភាព​សេវាកម្ម​របស់​មជ្ឈមណ្ឌល​កាន់តែ​ល្អ​ប្រសើរ ជាមួយ​ក្តី​ស​ង្ឍឹ​ម​ជឿជាក់​ថា អគារ​ចុះ​ឈ្មោះ និង​បន្ទប់​រង់ចាំ នេះ​នឹង​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ប្រកបដោយ​ផាសុកភាព​ដល់​អ្នក​បរិច្ចាគ​ឈាម និង​ចូលរួម​កាត់​បន្ថយ​ការ​កក់ស្ទះ នៃ​ការ​រង​ចាំ បាន​កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត ។

ឯកឧត្តម​វេជ្ជបណ្ឌិត ហុ​ក គឹ​ម​ចេ​ង អគ្គនាយក​បច្ចេកទេស​សុខាភិបាល នៃ​ក្រសួងសុខាភិបាល បាន​សម្តែង​នូវ​ការ​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​មូលនិធិ​ ២៥​រៀល វី​តា​ល់ ក្នុង​ការ​ចូលរួម​រៀបចំ អគារ​ចុះ​ឈ្មោះ និង​កន្លែង​រង់ចាំ​ថ្មី​មួយ​សម្រាប់​ជា​ប្រយោជន៍ ដល់​សាធារណៈជន​ដែល​អញ្ជើញ​មក​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ដែល​នេះ​ជា​កាយវិការ និង​គម្រូ​ដ៏​ល្អ ដែល​វី​តា​ល់ ជា​វិស័យ​ឯកជន​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុង​ការ​ពង្រឹង​នូវ​គុណភាព​សេវា​សុខាភិបាល​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រសើរ​ឡើង ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​ក៏​បាន​អំពាវនាវ​ដល់​សាធារណៈជន ក្រុមហ៊ុន សហគ្រាស ស្ថាប័នរដ្ឋ និង​ឯកជន សូម​បន្ត​ចូលរួម​រៀបចំ​កម្មវិធី​ផ្ដល់​ឈាម​នៅ​តាម​ទីតាំង​របស់​ខ្លួន ឬ អញ្ជើញ​មក​ទី​នេះ​ឱ្យ​បាន​យ៉ាងតិច​ម្តង​ដើម្បី​ទាំងអស់​ជា​ចំណែក​នៃ​ការ​ចូលរួម​បំពេញបន្ថែម​នូវ​សន្និធិ​ឈាម​សុវត្ថិភាព សម្រាប់​ផ្តល់​ជូន​មន្ទីរពេទ្យ​ក្នុង​ការ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​សម​ទ្ធិ​ផល អគារ​ចុះ​ឈ្មោះ និង​បន្ទប់​រង់ចាំ នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដែល​បន្ទប់​ទាំងមូល​បាន​រៀបចំ​ឡើង​ដោយ​បំពាក់​នូវ​បរិក្ខារ​ទំនើប ម៉ាស៊ីនត្រជាក់ គ្រឿង​សង្ហា​រឹម ផ្ទាំង​ការពារ​កម្តៅ ផ្ទាំងគំនូរ និង​បដា​ផ្ដល់​ព័ត៌មាន​នានា ប្រកបដោយ​សោភ័ណ​ភាព​ជាមួយ​ខ្លឹមសារ​អប់រំ អនុលោម​តាម​ខ្លឹមសារ​របស់​ក្រសួងសុខាភិបាល នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ប្រើប្រាស់​នូវ​កញ្ចប់​ថវិកា​របស់​មូលនិធិ​ ២៥​រៀល វី​តា​ល់ ដែល​ជា​ការ​បរិច្ចាគ​កើត​ចេញពី​ទឹកចិត្ត​របស់​អ្នក​ប្រើប្រាស់​វី​តា​ល់ ដោយ​គ្រប់​ដប​ៗ នៃ​ទឹក​ពិសា​វី​តា​ល់ អតិថិជន​អ្នក​ប្រើប្រាស់​បាន​បរិច្ចាគ​ប្រាក់​ចំនួន ​២៥​រៀល ចូល​ក្នុង​មូលនិធិ ដោយ​ថវិកា​ទាំង​អស់នោះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​សម្រាប់​ការ​រៀបចំ​សកម្មភាព សង្គម​នានា​រួម​ទាំង​សកម្មភាព​ថ្ងៃនេះ​ផង​ដែរ​ ៕ អត្ថបទសហការ