ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព​នៅ​កម្ពុជា​ ៖ ដំណោះស្រាយ​បី​ចំណុចចំពោះ​កម្មករ​រោងចក្រ R.G ជា​រឿង​ត្រឹមត្រូវ

4 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ប្រធាន​សហជីព នានា​នៅ​កម្ពុជា នា​ថ្ងៃ​ទី ​២៧ មីនា ឆ្នាំ​ ២០២៤ បាន​លើក​ឡើង​ថា…

រាជធានីភ្នំពេញ ៖ ប្រធាន​សហជីព នានា​នៅ​កម្ពុជា នា​ថ្ងៃ​ទី ​២៧ មីនា ឆ្នាំ​ ២០២៤ បាន​លើក​ឡើង​ថា ដំណោះស្រាយ​ទាំង​៣​ចំណុច​ដែល​រាជរដ្ឋាភិបាល​បាន​ដោះស្រាយ​ចំពោះ​ករណី​រោងចក្រ ស្បែកជើង អ​.​ជី ហ្វ៊ូ​ត​វែ​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ​គឺជា​រឿង​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ជា​មូលដ្ឋាន ​។

ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី លើក​ឡើង​ថា ដំណោះស្រាយ​ទាំង​៣​ចំណុច​ដែល​ផ្តល់​ឱ្យ​កម្មករ​រោងចក្រ​អ​.​ជី ហ្វ៊ូ​ត​វែ​រ ដែល​រួម​មាន ប្រាក់​ឈ្នួល​ដែល​មិន​ទាន់​បាន​បើក​ក្នុង​ខែ​ចុង​ក្រោយ​, ប្រាក់​ជួស​ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅ​សល់ និង​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​៥%​ជា​រឿង​ត្រឹមត្រូវ​ ។ ប្រធាន​សហជីព​រូប​នេះ ពន្យល់​ថា ករណី​រោងចក្រ អ​.​ជី ហ្វ៊ូ​ត​វែ​រ ជា​ករណី​ប្រធាន​សក្តិ​ដោយសារ​តែ​ការ​ខូចខាត​ទាំងស្រុង​ដោយ​អគ្គី​ភ័យ​ដែល​មិន​អាច​ស្រោចស្រង់​បាន​វិញ​បាន​ឆាប់​ៗ​នោះ​ទេ ហើយ​មួយវិញទៀត កម្មករនិយោជិត​ក្នុង​រោងចក្រ​ទាំងអស់ បាន​ប្រើប្រាស់​កិច្ចសន្យាការងារ​មាន​ថិរវេលា​កំណត់ ​(FDC) ​ដែល​ធ្វើ​ឱ្យ​កម្មករ​ទទួល​បាន​សំណង​ចំនួន​៣​ចំណុច​នេះ ​។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​អំពាវនាវ​ឱ្យ​កម្មករ​ទទួលយក​ដំណោះស្រាយ​ខាងលើ ដោយ​លើក​ឡើង​ថា «​សូម​បងប្អូន​កម្មករ​នៃ​រោងចក្រ R.G Footwear ទាំងអស់​មក​ទទួលយក​សំណង​ដែល​ក្រសួង​បាន​ប្រកាស​ថា​នឹង​ផ្តល់​ជូន​បងប្អូន​នៅ​ថ្ងៃ​ទី​ ៣០ ខែមីនា ២០២៤ សូម​កម្មករនិយោជិត​ទាំងអស់​យល់​អំពី​ផ្លូវច្បាប់ សូម​បងប្អូន​មក​ទទួលយក​សំណង​បាន​គ្រប់​ៗ​គ្នា​»​ ។

បន្ថែម​ពី​នេះ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​សហជីព លោក សំ សឿ​ន យល់​ឃើញ​ដូច​គ្នា​ដែរ​ថា ដំណោះស្រាយ​ទាំង​៣​ចំណុច​ដែល​បាន​ដាក់​ចេញ​ជូន​កម្មករ​នៃ​រោងចក្រ អ​.​ជី គឺ​ស្រប​តាម​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន ព្រោះ​ការ​ក្ស័យធន​កើតឡើង​ដោយ​ប្រធាន​សក្តិ និង​កម្មករ​ប្រើប្រាស់​កិច្ចសន្យាការងារ​មាន​ថិរវេលា​កំណត់ ​(FDC)​ ត្រូវ​ទទួល​បាន​ដំណោះស្រាយ​ចំនួន​បី​ចំណុច ​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​ ២៤ មីនា ឆ្នាំ​ ២០២៤ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​ជូនដំណឹង ដល់​បងប្អូន​កម្មករនិយោជិត​នៃ​រោងចក្រ​ស្បែកជើង អ​.​ជី ហ្វ៊ូ​ត​វែ​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ឱ្យទៅ​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេង​ៗ នៅ​ថ្ងៃ​ទី​ ៣០ ខែមីនា ឆ្នាំ ​២០២៤ នៅ​បរិវេណ​សាលាស្រុក​អង្គស្នួល ខេត្តកណ្តាល ចាប់ពី​ម៉ោង ​៨៖៣០​នាទី​តទៅ​ ។ ជាមួយ​ដំណោះស្រាយ​ខាងលើ សហជីព​នានា​បាន​អំពាវនាវ ឱ្យ​កម្មករនិយោជិត​ទាំងអស់​ទទួលយក​ដោយ​រីករាយ​ហើយ​ចៀសវាង​ការ​ជឿ​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ដែល​មិន​បាន​ផ្អែក​ទៅ​តាម​ច្បាប់​ការងារ​ ៕ អត្ថបទសហការ