ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សេចក្តីជូនដំណឹង​ស្តី​ពី​សន្និសីទ​ថ្នាក់​ទេសាភិបាល​ស៊ា​សិន​លើក​ទី​៥៨ និង​សិក្ខាសាលា​ជាន់ខ្ពស់ SEACEN-IMF-STI និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​នៃ​ទេសាភិបាល​ស៊ា​សិន​លើក​ទី​៤២

1 ឆ្នាំ មុន

ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​បណ្តុះបណ្តាល​ធនាគារកណ្តាល​អាស៊ី​អាគ្នេយ៍ (​ដែល​ហៅ​កាត់​ថា ស៊ា​សិន​) សម្រាប់​ឆ្នាំ​២០២៣ នឹង​រៀបចំ​សន្និសីទ​ថ្នាក់​ទេសាភិបាល​ស៊ា​សិន​លើក​ទី​៥៨ និង​សិក្ខាសាលា​ជាន់ខ្ពស់ SEACEN-IMF-STI ព្រមទាំង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល នៃ​ទេសាភិបាល​ស៊ា​សិន…

ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​បណ្តុះបណ្តាល​ធនាគារកណ្តាល​អាស៊ី​អាគ្នេយ៍ (​ដែល​ហៅ​កាត់​ថា ស៊ា​សិន​) សម្រាប់​ឆ្នាំ​២០២៣ នឹង​រៀបចំ​សន្និសីទ​ថ្នាក់​ទេសាភិបាល​ស៊ា​សិន​លើក​ទី​៥៨ និង​សិក្ខាសាលា​ជាន់ខ្ពស់ SEACEN-IMF-STI ព្រមទាំង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល នៃ​ទេសាភិបាល​ស៊ា​សិន លើក​ទី​៤២ នៅ​ថ្ងៃ​ទី​៤-៦ ខែធ្នូ ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប​។

សន្និសីទ និង​សិក្ខាសាលា​ជាន់ខ្ពស់​នេះ ត្រូវ​បាន​រៀបចំ​ជា​លក្ខណៈ​អ៊ី​ប្រ៊ី​ដ ដោយ​មានការ​ចូលរួម​ផ្ទាល់ និង​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ទេសាភិបាល​ធនាគារកណ្តាល និង​នាយក​គ្រប់គ្រង​អាជ្ញាធរ​រូបិយ​វត្ថុ ដែល​ជា​សមាជិក​ស៊ា​សិន​ចំនួន ១៩ ប្រទេស​នៅ​ក្នុង​តំបន់ ព្រមទាំង​មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក​ជំទាវ Christine Lagarde ប្រធាន​ធនាគារកណ្តាល​អឺរ៉ុប (ECB) តំណាង​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ធនាគារ​សម្រាប់​ការ​ទូទាត់​អន្តរជាតិ (BIS) សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ Harvard និង​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ទៀត​។

សន្និសីទ​នា​ឆ្នាំ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​មូលបទ ៖ «​បញ្ហា​ប្រឈម នៃ​គោលនយោបាយ​បច្ចុប្បន្ន ៖ បរិបទ​សេដ្ឋកិច្ច​សកល និង​អាស៊ី បញ្ហា​ប្រឈម នៃ​ការ​ផ្លាស់​ប្តូរ និង​ការ​ពង្រីក​ការ​ផ្តល់​ហិរញ្ញប្បទាន​អាកាសធាតុ​»​។

ទន្ទឹម​នេះ ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​នឹង​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​នៃ​ទេសាភិបាល​ស៊ា​សិន​លើក​ទី​៤២ ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​វឌ្ឍនភាព ការងារ​របស់​មជ្ឈមណ្ឌល​ស៊ា​សិន ដែល​សម្រេច​បាន​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​ទៅ​នេះ និង​កំណត់​ទិស​ដៅ ការងារ​ចម្បង​ៗ ដែល​នឹង​គាំទ្រ​ដល់​មុខងារ​-​ភារៈកិច្ច​របស់​មជ្ឈមណ្ឌល ស៊ា​សិន ដែល​ក្នុង​នោះ​រួម​មាន ៖ ការ​បណ្តុះបណ្តាល​ជំនាញ​ការងារ​ធនាគារកណ្តាល ភាព​ជា​អ្នកដឹកនាំ ការ​ពង្រឹង​ការ​ស្រាវជ្រាវ​ក្នុង​តំបន់ និង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ជា​សមាជិក​។

នា​ឱកាស​នោះ​ដែរ គណៈប្រតិភូ​ដែល​ចូលរួម​សន្និសីទ និង​កិច្ចប្រជុំ​ខាងលើ ក៏​នឹង​អញ្ជើញ​ទស្សនា​ស្វែង​យល់​ពី​សក្តានុពល​ទេសចរណ៍​ប្រវត្តិសាស្ត្រ​កម្ពុជា ក៏​ដូច​ជា​វប្បធម៌ និង​ប្រពៃណី​ខ្មែរ ដែល​មាន​លើ ទឹកដី​នៃ​ខេត្តសៀមរាប​ផង​ដែរ​។

គួរ​រំលឹក​ថា មជ្ឈមណ្ឌល​ស៊ា​សិន ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៨២ ដោយ​មាន​បេសកកម្ម​ចម្បង​ផ្តោត​លើ​ការ​ពង្រឹងសមត្ថភាព​ជំនាញ​របស់​មន្ត្រី​-​បុគ្គលិក​ធនាគារកណ្តាល និង​អាជ្ញាធរ​រូបិយ​វត្ថុ ជា​សមាជិក តាម​រយៈ​ការ​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​។ បច្ចុប្បន្ន មជ្ឈមណ្ឌល​ស៊ា​សិន មាន​សមាជិក ដែល​ជា​ធនាគារកណ្តាល និង​អាជ្ញាធរ​រូបិយ​វត្ថុ ចំនួន​១៩ ដូច​ជា ៖ ព្រុយ​ណេ កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូ​ណេ​ស៊ី ហុងកុង កូរ៉េ​ខាងត្បូង ឡាវ ម៉ា​ឡេ​ស៊ី ម៉ុង​ហ្គោ​លី មី​យ៉ា​ន់​ម៉ា នេ​ប៉ា​ល់ ប៉ា​ពូ​អាស៊ី​នូ​វែ​ល​-​ហ្គី​ណេ ហ្វី​លី​ពី​ន សិង្ហ​បុរី ស្រី​លង្កា តៃវ៉ាន់ ថៃ និង​វៀតណាម​ ៕ អត្ថបទសហការ