ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស សុភា ផ្ដល់អំណោយជូនស្ត្រីដែលត្រូវប្ដីជះទឹកអាសុីដដាក់

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយសារតែមានការអាណិតអាសូរ និងមើលឃើញនូវទុក្ខលំបាកខ្វះខាតរបស់សន្តិសុខស្រីម្នាក់ដែលរងគ្រោះធ្ងន់ធ្ងរដោយប្ដីកំណាចជះទឹកអាស៊ីដដាក់កាលពីជាង ១ ឆ្នាំមុននោះ សប្បុរសជនចិត្តធម៌រូបសម្រស់ស្រស់សោភាមួយរូប គឺអ្នកស្រី រៃ សុភា…

រាជធានីភ្នំពេញ ៖ ដោយសារតែមានការអាណិតអាសូរ និងមើលឃើញនូវទុក្ខលំបាកខ្វះខាតរបស់សន្តិសុខស្រីម្នាក់ដែលរងគ្រោះធ្ងន់ធ្ងរដោយប្ដីកំណាចជះទឹកអាស៊ីដដាក់កាលពីជាង ១ ឆ្នាំមុននោះ សប្បុរសជនចិត្តធម៌រូបសម្រស់ស្រស់សោភាមួយរូប គឺអ្នកស្រី រៃ សុភា ដែលម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស សុភា (Sophea Skin Care) បានផ្ដល់អំណាយមួយចំនួនជូនដល់ស្រ្តីរងគ្រោះ ដើម្បីសម្រាលនូវទុក្ខលំបាកខ្វះខាតរបស់គាត់ ដែលរហូតមកទល់និងពេលនេះរបួសជនរងគ្រោះជាតែខាងក្រៅប៉ុណ្ណោះ ប៉ុន្តែខាងក្នុងនៅពុំទាន់ជាសះស្បើយនៅឡើយទេ ហើយកំពុងត្រូវការប្រាក់ដើម្បីទិញថ្នាំលេបព្យាបាលរាល់ថ្ងៃ ។

អំណោយរួមមាន ៖ អង្ករចំនួន ៣ បាវទម្ងន់ ១៥០ គីឡូក្រាម និងថវិកាចំនួន ២០០ ដុល្លារអាមេរិក ហើយអ្នកស្រី រៃ សុភា ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស សុភា (Sophea Skin Care) បានចាត់តំណាងឲ្យនាំយកទៅប្រគល់ជូនសន្តិសុខស្រីរងគ្រោះឈ្មោះលី រ៉ានី អាយុ ៥០ ឆ្នាំ ដល់បន្ទប់លេខ ៩ ផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង ១ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ នាវេលាម៉ោង១ ២ និង ៣០ នាទីរសៀល ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។

អ្នកស្រី រៃ សុភា ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស សុភា  (Sophea Skin Care) បានថ្លែងថា ក្នុងពេលកន្លងមកអ្នកស្រីបានឃើញការចុះផ្សាយរបស់សារព័ត៌មាន «កោះសន្តិភាព» អំពីអំពើព្រៃ.ផ្សៃរបស់ប្ដីដែលបានជះទឹកអាស៊ីដទៅលើប្រពន្ធបណ្ដាលឲ្យរងរបួសរលេះរលួយមុខ និងដងខ្លួនបាត់បង់អស់សម្រស់ ។ ឃើញស្ថានភាពដ៏អណោចអធមបែបនេះបានធ្វើឲ្យអ្នកស្រីមានចិត្តអាណិតអាសូរពន់ពេក និងចង់ជួយដល់ស្រ្តីរងគ្រោះរូបនោះជាយូរមកហើយ ប៉ុន្តែដោយសារតែស្ថានភាពនៃជំងឺកូវីដ ១៩ ផ្ទុះឡើងខ្លាំងពេក ទើបអ្នកស្រីពន្យារពេលជួយរហូតមកដល់ពេលនេះ ។

អ្នកស្រីបានប្រាប់ឲ្យដឹងបន្តទៀតថា ពុំមែនតែស្រ្តីរងគ្រោះដោយទឹកអាស៊ីដរូបនេះទេ ដែលអ្នកស្រីបានជួយឧបត្ថម្ភនោះ កន្លងមកអ្នកស្រីធ្លាប់បានជួយដល់អ្នកផ្សេងៗផងដែរ ឲ្យតែជនក្រីក្រ និងរងគ្រោះដោយប្រការផ្សេងៗ ។ ទោះបីជាមិនបានជួយអ្វីធំដុំក៏ពិតមែន ប៉ុន្តែច្រើនក្ដី តិចក្ដី គឺតែងតែជួយជាហូរហែរួចមកហើយ ដើម្បីជួយសម្រាលនូវទុក្ខលំបាកពួកគាត់បានមួយគ្រាៗដែរ ។ នេះគឺជាវប្បធម៌នៃការចែករំលែករបស់ជនជាតិខ្មែរយើង ចំណែកអ្នកស្រីអ្វីដែលប៉ងថា ជួយគឺត្រូវតែជួយ ព្រោះមិនចង់ផ្ដល់ក្ដីសង្ឃឹមក្លែងក្លាយដល់អ្នកដែលអ្នកស្រីត្រូវជួយនោះឡើយ ។

ចំណែកអ្នកស្រី លី រ៉ានី ដែលជាជនរងគ្រោះ នៅពេលទទួលបានអំណោយនេះ មានការត្រេកអរខ្លាំងណាស់ និងថ្លែងអំណរគុណយ៉ាងខ្លាំងដល់អ្នកស្រី រៃ សុភា ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស សុភា  (Sophea Skin Care) ដែលបានជួយឧបត្ថម្ភចំពេលដែលគាត់កំពុងជួបការខ្វះខាត ទាំងការហូប ចុក និងប្រាក់សម្រាប់ទិញថ្នាំព្យាបាលរបួសផងដែរ ។ ព្រោះរហូតមកដល់សព្វថ្ងៃរបួសអ្នកស្រីជាតែខាងក្រៅទេ ចំណែកខាងក្នុងនៅពុំទាន់ជានៅឡើយ ហើយត្រូវការព្យាបាលរាល់ថ្ងៃ ។

សូមរំលឹកថា ស្រ្តីរងគ្រោះឈ្មោះ លី រ៉ានី ត្រូវបានប្ដីកំណាចឈ្មោះ ហេង ចាន់ឌី អាយុ ៤៣ ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ធ្វើសកម្មភាពជះទឹកអាស៊ីដដាក់កាលពីវេលាម៉ោង ១០ និង ១៥ នាទីយប់ ថ្ងៃទី ២៨ ខែមិនា ឆ្នាំ ២០២០ ខណៈដែលគាត់ដើរចេញពីយាមរោងចក្រទៅក្បែរជណ្ដើរផ្ទះជួលដែលគាត់ស្នាក់នៅ ក្នុងភូមិត្រពាំងថ្លឹង ១ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ ៕ ដោយសហការ