ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម លឹ​ម គាន​ហោ អញ្ជើញ​ទទួល​ជួប ប្រធាន​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​ប្រទេស​កម្ពុជា តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ Zoom

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​ទទួល​ជួប​លោក​ជំទាវ…

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អញ្ជើញ​ទទួល​ជួប​លោក​ជំទាវ Sunniya Durrani-Jamal ប្រធាន​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​ប្រទេស​កម្ពុជា តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ Zoom ដើម្បី​ជួប​ពិភាក្សា​ការងារ និង​ជម្រាបលា ក្នុង​ឱកាស​ដែល​លោក​ជំទាវ​នឹង​បញ្ចប់​អាណត្តិ​ការងារ​នា​ពេល​ខាង​មុខ ។

លោក​ជំទាវ​ប្រធាន​ស្ថាន​តំណាង ADB ប្រចាំ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត​ឲ្យ​លោក​ជំទាវ និង​សហការី បាន​ចូលរួម​សំដែង​ការ​គួរសម ជម្រាបលា និង​រាយការណ៍​អំពី​ការ​រៀបចំ និង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​សម្រាប់​ប្រទេស​កម្ពុជា ​២០១៩-២០២៣ ដើម្បី​បន្ត​រួមចំណែក​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​រក្សា និង​ជម្រុញ​កំណើន និង​និរន្តរភាព​ នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ឲ្យ​មាន​សន្ទុះ​ទៅ​មុខជា​និច្ច​ ។

លោក​ជំទាវ​ប្រធាន បាន​សង្កត់ធ្ងន់​ថា ការ​បន្ត​ជួយ​សម្រាប់​វិស័យ​ធនធានទឹក ដើម្បី​បន្ត​រួមចំណែក​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ និង​កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​តែ​ជា​របៀបវារៈ​សំខាន់ និង​ជា​អាទិភាព​របស់ ADB ដែល​កិច្ចការ​នេះ នឹង​ផ្តោត​ការ​យកចិត្តទុកដាក់ ​ជា​ពិសេស​លើ​សន្តិសុខ​ទឹក ការ​ធ្វើ​ឲ្យ​ប្រសើរ​ប្រសិទ្ធភាព​ផ្នែក​ធារាសាស្ត្រ ការ​គ្រប់គ្រង​ទឹកជំនន់​ និង​គ្រោះ​រាំង​ស្ងួត ការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​សម្រាប់​អាង​ទន្លេ និង​ការ​ពង្រឹង​ស្ថាប័ន​ជាដើម ដែល​ផ្នែក​ទាំងនេះ បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ ​សម្រាប់​ប្រទេស​កម្ពុជា ២០១៩-២០២៣ ។

បន្ទាប់​ពី​បាន​សម្តែង​នូវ​ការ​ស្វាគមន៍ ចំពោះ​លោក​ជំទាវ​ប្រធាន​ស្ថាន​តំណាង ADB ប្រចាំ​កម្ពុជា និង​សហការី រួច​មក ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រួមចំណែក​ប្រកបដោយ​ប្រសិទ្ធភាព​របស់ ADB ដល់​ការ​អភិវឌ្ឍ និង​ការ​រីក​លូតលាស់​សេដ្ឋកិច្ច សង្គម​នៃ​កម្ពុជា រហូត​មក​ដល់​ពេល​នេះ​។ សម្រាប់​វិស័យ​ធនធានទឹក និង​ឧតុនិយម ADB បាន​រួមចំណែក​ជួយ​លើ​ការ​ពង្រឹង និង​អភិវឌ្ឍ​ស្ថាប័ន ការ​កសាង​សមត្ថភាព ការ​រៀបចំ​គោលនយោបាយ​និង​បទដ្ឋាន​គតិយុត្តិ ការ​គ្រប់គ្រង​ និង​ការ​អភិវឌ្ឍ​ធនធានទឹក ដូច​ជា​ផ្នែក​ធារាសាស្ត្រ​ជាដើម ​។

ឯកឧត្តម​រដ្ឋមន្ត្រី និង​លោក​ជំទាវ​ប្រធាន​ស្ថាន​តំណាង ADB ប្រចាំ​កម្ពុជា បាន​សំដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ជំនួប ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​បរិយាកាស​រីករាយ ​ប្រកបដោយ​ភាព​ស្និត​ស្នាល និង​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ ។

នៅ​ចុងបញ្ចប់​នៃ​ជំនួប ឯកឧត្តម​រដ្ឋមន្ត្រី បាន​សំដែង​នូវ​សេចក្តី​សង្ឃឹម និង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ADB នៅ​តែ​ជា​ដៃគូ​គាំទ្រ និង​សហប្រតិបត្តិការ​មួយ​ដ៏​សំខាន់​របស់​កម្ពុជា សម្រាប់​ការ​បន្ត​ជួយ​លើ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ​ឲ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ហើយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ត្រៀមខ្លួន​ជា​ស្រេច​បន្ត​ធ្វើការ​ជាមួយ ADB ដើម្បី​ជម្រុញ​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​ធនធានទឹក ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​និរន្តរភាព សម្រាប់​ការ​អភិវឌ្ឍ និង​ការ​រីក​លូតលាស់​សេដ្ឋកិច្ច សង្គម​នៃ​កម្ពុជា ប្រកបដោយ​ចីរភាព ៕ ដោយ​សហការ