រាជធានីភ្នំពេញ ៖ ជំងឺរាតត្បាតសាកល កូរ៉ូណា បានបង្កឱ្យពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ បាននិងកំពុងខ្វះខាតស្បៀងអាហារ ។ ក្នុងនាមវិស័យឯកជន ធនាគារ ឈីហ្វ បានបន្តចូលរួមផ្តល់អំណោយសប្បុរសធម៌ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដើម្បីចូលរួមចំណែកគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ។
ប្រធាននាយកប្រតិបត្តិ ធនាគារ ឈីហ្វ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានមានប្រសាសន៍ថា “នេះជាសកម្មភាពទំនួលខុសត្រូវសង្គម (CSR) របស់ធនាគារ ឈីហ្វ ព្រោះថា ជាទូទៅក្នុងនាមវិស័យឯកជន យើងតែងតែចូលរួមចំណែកជួយសង្គមរបស់យើង តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីអោយសង្គមយើងកាន់តែប្រសើរ” ។
តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែលបាននឹងកំពុងធ្វើសកម្មភាពមនុស្សធម៌យ៉ាងល្អប្រពៃនេះ ធនាគារ ឈីហ្វមានកិត្តិយសឧបត្ថម្ភ អង្ករផ្កាម្លិះចំនួន ២៤០ បាវ ត្រីខកំប៉ុងចំនួន ២០០ យួរ មីម៉ាម៉ាចំនួន ២០០ កេស ទឹកត្រី ២០០ យួរ និងម៉ាស់ចំនួន ៥០០០ ម៉ាស់ ដែលមានតម្លៃសរុបចំនួន ៤,៥១៤.៧១ ដុល្លារ (បួនពាន់ប្រាំរយដប់បួនដុល្លារចិតសិបមួយសេន) ។
សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងកាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២១ នៅការិយាល័យកណ្តាល របស់ធនាគារ ឈីហ្វ ក្នុងខណ្ឌដូនពេញ ។ មន្ដ្រីតំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ក៏បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះអំណោយសប្បុរសធម៌នេះ ។ ធនាគារ ឈីហ្វ មានវត្តមាននៅប្រទេសកម្ពុជា នៅឆ្នាំ ២០១៣ ដែលបានបង្កើតឡើងដោយប្រធានក្រុមប្រឹក្សាភិបាលដែលគួរឲ្យគោរពស្រលាញ់របស់យើង លោក Chau Chung Kai Peter ដែលជាស្ថាបនិករបស់ ឈីហ្វគ្រុប ដែលមានអាយុកាលជាង ៤២ ឆ្នាំ និងមានទីតាំងនៅទីក្រុងហុងកុង ហើយក៏ជាមជ្ឈមហិរញ្ញវត្ថុអន្តរជាតិមួយនៅលើលោកផងដែរ ៕ ដោយសហការ
ចែករំលែកព័តមាននេះ