ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​ក្រុមព្រះ​សុរិយា ខ្វែង​គំនិត​គ្នា​ពាក់ព័ន្ធ​ប្រភព​បទ «​ថ្នម​»


រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​ក្រុមព្រះ​សុរិយា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុម​ស្រាវជ្រាវ​ប្រវត្តិ​ភាពយន្ត និង​បទ​ចម្រៀង​ពី​សង្គមចាស់​នោះ បាន​ខ្វែងគំនិត​គ្នា​ពាក់ព័ន្ធ​ទៅ​នឹង​ប្រភព​ដើម​នៃ​បទ​ចម្រៀង «​ថ្នម​» ដែល​បកស្រាយ​ដោយ​អធិរាជ​សម្លេង​មាស ស៊ិន ស៊ី​សា​មុត​។

ការ​ខ្វែងគំនិត​គ្នា​ត្រង់នេះ គឺ​ក្រុមព្រះ​សុរិយា អះអាង​ថា បទ «​ថ្នម​» គឺ​មាន​ប្រភព​ដើម​ទាំងស្រុង​ពី​ប្រទេស​ថៃ ដែល​ត្រូវ​បាន​គេ​ប្រើ​សម្រួល​ជា​ភាសា​ខ្មែរ​ឲ្យ​លោក ស៊ិ​ន ស៊ី​សា​មុត ច្រៀង​បញ្ចូល​ក្នុង​កុន​ថៃ ដែល​បាន​ដាក់​បញ្ចាំង​នៅ​ស្រុក​ខ្មែរ​នា​ជំនាន់​នោះ ខណៈ​ពេល​ដែល​តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ហាក់​មិន​ទទួលស្គាល់ និង​មិន​ស្រប​ចំពោះ​រឿង​នេះ​ឡើយ​។

ការ​ខ្វែងគំនិត​គ្នា​ជាមួយនឹង​ការ​ផ្ទុះ​ពាក្យ​សម្តី​ដាក់​គ្នា​យ៉ាង​កងរំពង​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ពេល​នេះ បាន​កើតឡើង បន្ទាប់​ពី​ក្រុមព្រះ​សុរិយា បាន​ធ្វើការ​ចែកចាយ​វី​ដេ​អូ​ឃ្លី​ប​ដែល​ត្រូវ​បាន​បង្ហោះ​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ នូវ​ការ​បកស្រាយ​ចម្រៀង​ដោយ​អ្នក​នាង ម៉េ​ង កែវ​ពេជ្ជ​តា និង​លោក យ៉ែ​ម សំ​អូន ក្នុង​ឱកាស​ពិធី​បិទ​មហោស្រព​ចម្រៀង​ខ្មែរ​ជាស​កល ឆ្នាំ​២០១៩។

បើ​តាម​ការ​បង្ហោះ​សារ​ពី​ក្រុមព្រះ​សុរិយា ស្តី​ពី​សំ​ណេ​រ​របស់​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា នោះ​បាន​បញ្ជាក់​ថា ខ្ញុំ​ហួសចិត្ត​ខ្លាំង​នៅ​ពេល​ដែល​មានការ​អះអាង​ថា បទ «​ថ្នម​» ជា​បទ​ដើម​របស់​ថៃ ហើយ​នឹកឃើញ​យ៉ាងម៉េច​បាន​និយាយ​ពាក្យ​នេះ​ចេញ​មក បើ​ខាង​ថៃ​មិន​ដែល​លឺ​ពាក្យ​គេ​និយាយ ឬ​អះអាង​ថា បទ​នេះ​ជា​បទ​របស់​គេ​ផ្តាច់មុខ​ផង​នោះ តែ​បែរជា​ខ្មែរ​ឯង​និយាយ​លើក​ជូន​គេ​ដៃ​ពីរ​ទៅ​វិញ​។ ឬ​ក៏​ឱ្យ​តែ​ល្អ​សុទ្ធតែ​របស់​គេ? ឱ្យ​តែ​ស្អាត ចេះ​ដឹង ពូកែ​គឺ​សុទ្ធតែ​ជា​របស់​គេ​។

អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ក៏​បាន​ធ្វើការ​ដាក់​បញ្ចុក​ដល់​ប្រធាន​ក្រុមព្រះ​សុរិយា​ថា កំពុង​តែ​មើល​ខាង​វីរ​សិល្បករ​រៀមច្បង គឺ​លោក ស៊ិ​ន ស៊ី​សា​មុត និង​មើល​ស្រាល​អ្នក​ផលិត អ្នក​រៀបចំ និង​ពួក​យើង​ដែល​ចូលរួម​ក្នុង​បទ Cover មួយ​នេះ​។

ជា​ការ​ឆ្លើយ​តប​ក្រុមព្រះ​សុរិយា បាន​អះអាង​ថា លោក យាង វ​ណ្ឌី ប្រធាន​ក្រុមព្រះ​សុរិយា​បាន​ចូល cmt ប្រាប់​ពី​ប្រភព​នៃ​បទ «​ថ្នម​» ទៅ​កាន់​អ្នក​បង ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​ជា​រាជិនី​សំឡេង​មាស​នៃ​អ្នកចម្រៀង​កម្ពុជា ក្នុង​បច្ចុប្បន្នភាព​សព្វថ្ងៃ ដោយ​លោក​គ្រាន់តែ​ប្រាប់​នូវ​ការ​ពិត នៃ​ប្រភព​បទ​នេះ​តែ​ប៉ុណ្ណោះ ពុំ​មាន​ចេតនា​ណាមួយ​ចង់​ចាញ់ ឬ​ឈ្នះ​នឹង​អ្នក​បង​ឡើយ សូមអ្នក​បង​មេត្តា​សម្រួល​ចិត្ត​ឱ្យ​ត្រជាក់ និង​ពិចារណា​លើ​ចេតនា​នេះ​ផង​។

សូម​ជម្រាប​ថា បទ «​ថ្នម​» ដែល​បកស្រាយ​ដោយ​លោក​ស៊ិ​ន ស៊ី​សា​មុត នា​ឆ្នាំ​១៩៧២ មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​ថៃ ។ ដោយហេតុ​ថា បទ​នេះ ដាក់​បញ្ចូល​ក្នុង​ខ្សែភាពយន្ត​ថៃ​រឿង​មន្ត​ស្នេហ៍​ក្រមុំ​ស្រុកស្រែ ដែល​ថៃ​ភាសា​ថា មន្ត​រាក់​លូក​ធុង​។ បទ «​ថ្នម​» នេះ ត្រូវ​បាន​លោក ស៊ិ​ន ស៊ី​សា​មុត ច្រៀង​តាម​លំនាំ​ថៃ​ទាំងស្រុង ដោយ​កាលនោះ​កុន​ថៃ​រឿង​នេះ ត្រូវ​បាន​យក​មក​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា ហេតុនេះ​អ្នកដឹកនាំ​ភាពយន្ត​នេះ​មក​កាន់​ទីផ្សារ​យើង​ត្រូវ​បញ្ចូល​សំឡេង​ជា​ភាសា​ខ្មែរ សូ​ម្បី​តែ​ចម្រៀង​ក៏​បកប្រែ​តាម​ថៃ​ទាំងអស់​ដែរ​។

មួយវិញទៀត កាលបើ​យើង​ច្រៀង​ចម្រៀង​របស់​គេ សម័យ​នោះ​យើង​គោរព​សិទ្ធិ​គេ ដោយ​ដាក់​បញ្ជាក់​ថា បទ​នេះ​ជា​បទ​បរទេស​។ ការយ​កមក​ច្រៀង​របស់​លោក ស៊ិ​ន​ស៊ី​សា​មុត ជា​ការ​ទាក់ទង​ទីផ្សារ​មួយ​ដ៏​សំខាន់​ដែល​នាំ​ឱ្យ​គេ​ទៅ​ទស្សនា​កុន​នេះ​។។

សូម​បញ្ជាក់​ថា រាល់​ចម្រៀង​ដែល​ចេញ​មក​ពី​ប្រទេស​ថៃ យើង​កាលនោះ​ផលិតករ​ខ្មែរ​យើង​ពុំ​បាន​លួច​ចម្លង​របស់​គេ​ឡើយ គឺ​ច្រៀង​ដើម្បី​ដាក់​ក្នុង​កុន​បំពេញ​ពាណិជ្ជកម្ម​ទីផ្សារ ដោយ​បាន​ទិញ​សិទ្ធិ​បញ្ចាំង​ពី​គេ​ត្រឹមត្រូវ ដូច​ជា​បទ «​ស្តាប់ភ្លេង​បង​ច្រៀង​បំពេរ​» , បទ «​ផ្ញើប្រាណ​លើ​ផ្កា​ឈូកស» , បទ «​ឋាន​សួ​គ៍​របស់​យើង​» ជាដើម​។

បើ​តាម​ក្រុមព្រះ​សុរិយា ថា បទ​នេះ​ត្រូវ​បាន​លោក​វ៉ោ​យ​ហូរ​ដាក់​បញ្ចូល​ក្នុង (​កាស្សែត​វ៉ោ​យ​ហូរ​លេខ ៣ ឆ្នាំ​១៩៧៤) នៅ​ក្រោយ​ពេល​ដែល​បទ มนต์รักลูกทุง បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ សម្រាប់​ដាក់​បញ្ចូល​ក្នុង​ភាពយន្ត​នោះ​ដែល​មក​បញ្ចាំង​នៅ​រោង​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា នា​ឆ្នាំ​១៩៧២ រឿង​នេះ​បាន​បញ្ចាំង​សម្ភោ​ធ​ជា​លើក​ដំបូង​នៅ​ប្រទេស​យើង នា​រោង​ភាពយន្ត​ប្រាសាទ​ពេជ្រ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ