ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច ដុតកម្ទេចចោលផលិតផលក្លែងក្លាយ​ប្រមាណជាង១០០តោន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​​ឱ្យ​ដឹង​ថា នា​ព្រឹកថ្ងៃទី​​​៦ ធ្នូ ឆ្នាំ​​​២០១៩ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​​​ក្រសួងមហា​ផ្ទៃ​​បាន​រៀប​ចំដុតកម្ទេច​ផលិត​ផលក្លែងក្លាយ​​​ចំនួន​១២មុខ សរុបមានទម្ងន់ប្រមាណ​ជាង១០០តោន ក្នុងនោះរួមមាន សម្បកកញ្ចប់​បារីគ្រប់ប្រភេទ,…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​​ឱ្យ​ដឹង​ថា នា​ព្រឹកថ្ងៃទី​​​៦ ធ្នូ ឆ្នាំ​​​២០១៩ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​​​ក្រសួងមហា​ផ្ទៃ​​បាន​រៀប​ចំដុតកម្ទេច​ផលិត​ផលក្លែងក្លាយ​​​ចំនួន​១២មុខ សរុបមានទម្ងន់ប្រមាណ​ជាង១០០តោន ក្នុងនោះរួមមាន សម្បកកញ្ចប់​បារីគ្រប់ប្រភេទ, សម្បកសុងបារីចម្រុះ, បារីចម្រុះម៉ាក, សរសៃថ្នាំជក់, ឧបករណ៍សម្ភារបម្រើ​ឱ្យ​ការ​ផលិតបារី, ផលិត​​​ផលគ្រឿង​សំអាងគ្រប់ប្រភេទ, ឧបករណ៍​សម្ភារបម្រើ​ឱ្យ​ការ​ផលិត​គ្រឿង​សំអាង, ផលិត​ផលធូប និង​ធូបមូស ។ ខណៈនេះកំពុងរៀបចំកាយរណ្តៅដើម្បីធ្វើការ​ដុតកម្ទេចចោល​ផងដែរ ។

តាមសេចក្តីរាយការណ៍​​បាន​ឱ្យ​ដឹង​ថា ទីតាំង​​រៀបចំដុតកម្ទេចផលិតផលក្លែងក្លាយ​ខាងលើនេះ​បានធ្វើឡើង​នៅ​ភូមិសំរោងទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ ក្រោមអធិបតីភាព​របស់​លោក​សន្តិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។​

តាមសេចក្តីរាយការណ៍​បាន​ឱ្យ​ដឹងបន្ត​ថា កន្លងមក​នាយកដ្ឋាន​នគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ច​បានធ្វើការ​ដុតបំផ្លាញ​ចោល​នូវ​វត្ថុតាង​ចាប់​យកក្លែងក្លាយ ហើយក៏ជា​លើកទី​​៣២ហើយ ដែលនាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច​បានធ្វើ​ការ​ដុតប​ំផ្លាញ​ចោល​​វត្ថុតាងក្លែងក្លាយ​ចំនួន​១២មុខខាងលើនេះ ដែលមានទម្ងន់សរុប​ប្រមាណ​ជាង​១០០តោន ។​

តាមសេចក្តីរាយការណ៍​​បាន​ឱ្យ​ដឹង​​បន្ត​ទៀត​ថា កិច្ច​សហ​ប្រតិបត្តិការ​បង្ក្រាបបទល្មើស និងវត្ថុល្មើសច្បាប់​ដែល​បាន​ចាប់​យកមកដុតបំផ្លាញចោលដូចបានរៀបរាប់​ខាងលើនេះ ដោយ​អនុវត្ត​​តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃ និង​មាន​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់ពី​​លោក​នាយឧត្តមសេនីយ៍​ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និងមានការ​សម្រប​សម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលា​ដំបូងរាជធានីភ្នំពេញ និង​ខេត្ត​កណ្តាល និងមានការ​ចូលរួម​ពី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ និងអាជ្ញាធ​រមូលដ្ឋាន​ បានធ្វើ​​ឱ្យ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​​បទល្មើស​សេដ្ឋកិច្ច​ អនុវត្ត​ភារកិច្ច​របស់ខ្លួន​​ទទួលបានជោគជ័យ ។​

ទន្ទឹមនឹងនេះដែរ លោក​ឧត្តមសេនីយ៍​ឯក ចាន់ វ៉ាន់ធឿន បាន​សំណូមពរ​ដល់​អង្គភាព និង​ស្ថាប័នជំនាញ​ពាក់ព័ន្ធទាំងអស់​បន្ត​​ចូលរួមសហការ​ឱ្យកាន់តែ​​មានប្រសិទ្ធភាព​ខ្ពស់បន្ថែមទៀត ហើយ​ជាងនេះ លោក​ក៏សំណូម​ពរ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យមានការប្រុងប្រយ័ត្ន​​ចំពោះ​ផលិត​ផល​​ក្លែង និង​ចូលរួមសហការ​​​ផ្តល់​ព័ត៌មាន​ជូនសមត្ថកិច្ច​ក្នុងករណី​​ពិនិត្យ​សង្ស័យ​​ឃើញ​ថា មានទីតាំង​ផលិត​ផលផ្សេងៗដែលខុសច្បាប់ ដើម្បី​ចូលរួមទប់ស្កាត់ និងការពារ​សុខុមាលភាពជូន​ប្រជា​ពលរដ្ឋ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ