ហុង ភា​រិ​ន ចូលរួម​ប្រកួត​កម្មវិធី​ការ​ចង​ចាំ​ពិភពលោក​នៅ​ប្រទេស​ចិន


រាជធានី​ភ្នំពេញ ៖ លោក ហុង ភា​រិ​ន ដែល​មហាជន​ស្គាល់​តាម​រយ​:​ការ​ចង​ចាំ​ល្អ​បំផុត ចូលរួម​ប្រកួតប្រជែង​កម្មវិធី​ល្បងប្រាជ្ញា super 100 នៅ​ប្រទេស​ថៃ កាលពី​កន្លង​ទៅ​នោះ នឹង​ចូលរួម​ប្រកួត​ជា​ថ្មី​ក្នុង​កម្មវិធី​ប្រកួត​ការ​ចង​ចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨ (The 28th world memory championships) ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៩​នេះ ក្នុង​ទីក្រុង​អ៊ូ​ហាន ប្រទេស​ចិន​។

កម្មវិធី​ខាងលើ​នេះ​ផង​ដែរ ក៏​មានការ​ចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​៥០០​នាក់​ពី​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​។

កម្មវិធី​ប្រកួតប្រជែង​ខាងលើ​នេះ គឺ​តម្រូវ​ឱ្យ​បេក្ខជន​ទាំងអស់​ឆ្លងកាត់ ១០ វិញ្ញាសារ ដែល​សុទ្ធតែ​ជា​ភាសា​អង់គ្លេស​ទាំងអស់​លើកលែងតែ​ចាំ​សន្លឹក​បៀរ ចាំ​តួលេខ និង​ចាំ​លេខ​កូដ​កុំព្យូទ័រ​។

យ៉ាងណា​ក៏​ដោយ ជុំវិញ​ការ​ចូលរួម​ប្រកួត​លំដាប់​ពិភពលោក​របស់​ហុង ភា​រិ​ន នា​ពេល​នេះ​មាន​ការ​អបអរសាទរ និង​ចូលរួម​ជូនពរ​ពី​សំណាក់​យុវជន ជា​ពិសេស​យុវជន​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន ឱ្យ​រូប​លោក​ទទួល​បាន​ជោគជ័យ​។

និស្សិត​ខ្មែរ​ដែល​ទទួល​បាន​អាហារ​រូបករណ៍​ទៅ​សិក្សា​នៅ​ឯ​មហាវិទ្យាល័យ រ៉ា​ជ​ឆា​ផាត់​ឆ័​យ​ភូមិ ប្រទេស​ថៃ លោក ហុង ភា​រិ​ន បាន​បញ្ចេញ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​លោក​នៅ​ក្នុង​កម្មវិធី Supper ១០០ របស់​ប្រទេស​ថៃ ដោយ​និស្សិត​រូប​នេះ អាច​ចង់​ចាំ​លេខ​រាប់រយ រាប់​ពាន់​ខ្ទង់ សន្លឹក​បៀរ​ទាំង​៥២​សន្លឹក និង​ប្រក្រតិទិន​ជា​ច្រើន​ឆ្នាំ​ទៀត​ផង​។

ភាព​អច្ឆរិយៈ​របស់​លោក ហុង ភា​រិ​ន បាន​ធ្វើ​ឱ្យ​រូប​លោក​ល្បី​រន្ទឺ​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំង​នៅ​ប្រទេស​ខ្មែរ និង​ប្រទេស​ថៃ ថែម​ទាំង​ធ្លាយ​ដល់​ប្រទេស​ផ្សេង​ៗ​ផង​ដែរ​។ លោក​ត្រូវ​បាន​ដាក់​រហ័ស​នាម​ថា «​អច្ឆរិយៈ​កម្ពុជា​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សិល្បៈ​និងវប្ប​​​ធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ