រាជធានីភ្នំពេញ៖ ដោយគិតចាប់ពីឆ្នាំ២០១៦ដល់ខែសីហាឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណ២២.៥ពាន់លានដុល្លារអាមេរិក ក្នុងនោះគម្រោងទេសចរណ៍និងផ្នែកពាក់ព័ន្ធមានចំនួន៣៨គម្រោងដែលមានទុនវិនិយោគចំនួនប្រមាណជាង៩ពាន់លានដុល្លារអាមេរិក ។ នេះបើយោងតាមការថ្លែងឲ្យដឹងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅក្នុងពិធី បើកវេទិកាវិនិយោគទេសចរណ៍កម្ពុជាលើកទី២ ក្រោមប្រធានបទ « ការកំណត់ដំណាក់កាល សម្រាប់កំណើន » ដែលបានរៀបចំធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ ។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ការវិនិយោគពី ឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩ បានឯកភាពគម្រោងចំនួន ៨១៣ គម្រោងមានទុនវិនិយោគសរុបប្រមាណ ២២,៥ពាន់លានដុល្លារ ក្នុងនោះគម្រោង ទេសចរណ៍ និងផ្នែកពាក់ព័ន្ធមានចំនួន ៣៨គម្រោង ដែលមានទុនវិនិយោគ ចំនួនប្រមាណជាង៩ពាន់ លានដុល្លា ។ លោកថា ពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩ ការ វិនិយោគក្នុងវិស័យ ទេសចរណ៍មានកើនឡើងគួរឲ្យកត់សំគាល់ ប្រមាណ៤៧% ដោយ ឡែក៨ខែ ឆ្នាំ២០១៩ ការវិនិយោគលើវិស័យទេសចរណ៍មានការ កើន ឡើង យ៉ាងគំហុករហូតដល់៩៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨។
លោក ថោង ខុន បានបន្ថែមថា ដើម្បីត្រៀមលក្ខណៈទទួល ទេសចរចំនួន ១៥លាននាក់ នៅឆ្នាំ២០៣០ រាជរដ្ឋាភិបាល មានគម្រោងកែលម្អផលិត ផលទេសចរណ៍ ដែលមានស្រាប់ រៀបចំ ធ្វើពិពិធកម្មផលិតផល និងគោលដៅទេសចរណ៍ថ្មីៗ និងប្លែកៗ ជាមួយ ការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ធនធានមនុស្សផ្នែក ទេសចរណ៍ ដោយផ្តោតលើជំនាញ។ ប៉ុន្តែលោកថា អ្វីដែលត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការរៀបចំបង្កើតតំបន់ ទេសចរណ៍ពិសិដ្ឋ ទីក្រុងទេសចរណ៍ស្អាត ទីក្រុងវៃឆ្លាត និងបៃតងប្រកប ដោយភាព ទាក់ទាញ ទេសចរណ៍តំបន់ឆ្នេរ/កោះ មជ្ឈមណ្ឌល វិស្សមកាល និង កីឡាទេសចរណ៍ សួនកំសាន្ត កុមារទេសចរណ៍សត្វព្រៃសណ្ឋាគារ ប្រណីតៗ លំដាប់ផ្កាយ៤ផ្កាយ៥ ភោជនីយដ្ឋាន លំដាប់ ខ្ពស់ ផ្សារលក់ទំនិញទំនើបៗ ។ល។ ការ វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ កំពង់ផែទេសចរណ៍ និង អាកាស យានដ្ឋាន នៅតំបន់
គោលដៅទេសចរណ៍ មួយចំនួន គឺជាមូលដ្ឋានគ្រឹះ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ស្របតាមទស្សនទាន បដិវត្តឧស្សាហកម្ម ៤.០។
លោករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជា បាននិងកំពុងក្លាយជាគោលដៅ ទេសចរណ៍ ប្រកបដោយភាពទាក់ទាញជាមួយនឹងភាពស្អាត បៃតង សេវាប្រកបដោយគុណភាព និងរួសរាយរាក់ទាក់ ពិសេសផ្អែកលើគោលការណ៍ អភិវឌ្ឍន៍ប្រកប ដោយនិ រន្តរភាព បរិយាប័ន្ន និងការទទួលខុសត្រូវ។ ប្រាសាទអង្គរ ដែលជាបេតិកភណ្ឌរូបិយ៍ របស់មនុស្ស ជាតិ ត្រូវបាន ចាត់ចំណាត់ថ្នាក់ជាគោដៅទេសចរណ៍មានភាពទាក់ទាញជាងគេ នៅលើពិភពលោកក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាបន្តបន្ទាប់ ក្នុងការ បោះឆ្នោតរបស់ Trip Advisor ថាជាសំណង់ប្រវត្តិសាស្ត្រដ៏ អស្ចារ្យបំផុត លើ លោក។
លោកបញ្ជាក់បន្ថែមទៀតថា ក្រៅពីតំបន់សៀមរាបអង្គរ ប្រទេស កម្ពុជា មានតំបន់ឆ្នេរសមុទ្រ ដ៏ ស្រស់ស្អាត រួមទាំងគោលដៅទេសចរណ៍តាម បណ្តាកោះ សំខាន់ៗផងដែរ សក្តិសមនឹងទទួលបានការ ប្រសិទ្ធិនាម «ឆ្នេរ សមុទ្រកម្ពុជា៖ តារារៈនាទិស នីរតី » និងជាសមាជិក ពេញសិទ្ធិក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក ។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានសូមសំណូមពរដល់វាគ្មិន និងអ្នកចូលរួមក្នុងវេទិកា ទាំងអស់ ចែករំលែក បទពិសោធន៍ ផ្តល់ យោបល់ ពិភាក្សាគ្នាឲ្យបានផុលផុស ដោយលោកសង្ឃឹមយ៉ាង មុត មាំ ថា ក្រោយពេលវេទិកានេះត្រូវបានបញ្ចប់ នឹងបង្កើតជាផ្លែផ្កា ដោយ ស្តែងចេញ តាមរយៈ ការវិនិ យោគថ្មីៗ ក្នុង វិស័យទេសចរណ៍នៅកម្ពុជា បន្ថែមទៀតដើម្បីរួមចំណែក ដល់ការអភិវឌ្ឍទេស ចរណ៍កម្ពុជាប្រកបដោយនិរន្តភាពសម្រាប់បច្ចុប្បន្ននិងទៅអនាគត និងដើម្បីជំរុញកំណើនសេដ្ឋកិច្ច សង្គមកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។ ចំណែកក្រសួង ទេសចរណ៍បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការសម្របសម្រួល និងជួយជ្រោមជ្រែងដល់ វិនិយោគិនទាំងឡាយ ដែលមានបំណងមកវិនិយោគលើ វិស័យទេស ចរណ៍នៅកម្ពុជា៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ